(កំពង់ចាម)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានសហការ ជាមួយគម្រោងសុខាភិបាលបេសកកម្មអង្គរ (Project Angkor) ចុះបំពេញបេសកកម្មមនុស្សធម៌ របស់ខ្លួនរយៈពេល០៥ថ្ងៃ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ គោលបំណងនៃការចុះបេសកកម្ម រយៈពេល៥ថ្ងៃនេះ គឺ ដើម្បីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ការចុះពិនិត្យ និងព្យាបាលនេះ គឺធ្វើឡើង ដោយឥតគិតថ្លៃ នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ចាម។ សកម្មភាពមនុស្សធម៌នេះដឹកនាំដោយ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក ណូរ៉ាន់ស៊ី ប្រធាន គម្រោងសុខាភិបាលបេសកកម្មអង្គរ(Project Angkor)និង អជ្ញាធរខេត្ត ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស្ថាប័នពាក់ព័ន្ធនិង ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោក ណូរ៉ាន់ស៊ី ប្រធានគម្រោងសុខាភិបាលបេសកកម្មអង្គរ(Project Angkor) បានឱ្យដឹងថា បេសកកម្មនេះមានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ដោយសហការ​ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅខេត្តកំពង់ចាម។  

លោក ហ៊ុន ម៉ាណែត បានថ្លែងថា នេះគឺជាបេសកកម្មរួមសម្រាប់ឆ្នាំថ្មី២០១៦ រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងគម្រោងសុខាភិបាលបេសកកម្មអង្គរ(Project Angkor) ដើម្បីធ្វើសកម្មភាពមនុស្សធម៌ចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយគិតថ្លៃ ​ដែលសកម្មភាពនេះគឺស្របទៅតាមគោលនយោបាយ​របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យ​សុខាភិបាល និងលើកទឹកចិត្តអង្គការ សមាគមចុះធ្វើសកម្មភាពមនុស្សធម៌ ដោយការពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមរាជធានីខេត្តនៅទូទាំងប្រទេស។

លោក បានបន្ថែមថា ទោះបីយើងមកពីស្ថាប័នផ្សេងគ្នា ប្រទេសផ្សេងគ្នាក៍ដោយ ប៉ុន្តែយើងមានបេសកកម្មដូចគ្នាក្នុងការពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងធ្វើអំពើល្អចំពោះ​ប្រជាពលរដ្ឋនៅក្នុងឱកាសឆ្នាំថ្មី។

គួរបញ្ជាក់ផងដែរថា កិច្ចសហការលើការងារកិច្ចការមនុស្សធម៌ចុះពិនិត្យព្យាបាល ប្រជាពលរដ្ឋដោយឥតគិតថ្លៃជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ និងគម្រោងសុខាភិបាល​បេសកកម្ម​អង្គរ(Project Angkor) សមាគមដែលបានចុះព្យាបាលជូនប្រជាពលរដ្ឋ នៅខេត្តកំពង់ចាមគឺពិនិត្យ  ជំងឺទូទៅ ជំងឺភ្នែក ផ្តល់ដៃសិប្បនិមិត្ត និងសុខភាពមាត់ធ្មេញដោយឥតគិតថ្លៃ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលបានទទួលបានពិនិត្យនិងព្យាបាល ក៍បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណ ចំពោះសកម្មភាពមនុស្សធម៌​របស់សមាគមគ្រូពេទ្យស្ម័គ្រ​ចិត្តយុវជន​សម្តេចតេជោ និងគម្រោងសុខាភិបាលបេសកកម្មអង្គរ (Project Angkor)ដែលធ្វើឱ្យគាត់មានសុខភាពប្រសើរជាងមុន និងអាចសរសេរបានក្រោយពីពិការដៃអស់រយៈពេលជាង១០ឆ្នាំមកហើយ៕