(ភ្នំពេញ)៖ ធនាគារពិភពលោក បានអនុម័តជំនួយឥតសំណងចំនួន២កញ្ចប់បំពេញបន្ថែមទៀត សម្រាប់គាំទ្រដល់គណនេយ្យភាពសង្គម នៅតាមផ្នែកសេវា សាធារណៈសំខាន់ៗមួយចំនួន មានដូចជា មណ្ឌលសុខភាព សាលាបឋមសិក្សា និងរដ្ឋបាលមូលដ្ឋាន ក្នុងខេត្តចំនួន១០នៃប្រទេសកម្ពុជា។ នេះបើតាមសេចក្ដី ប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។

ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោកបានឲ្យដឹងថា បើទុកជាមានការកែលម្អបានប្រសើរឡើង ច្រើនគួរសមហើយក្តី នូវលទ្ធភាពទទួលបាន សេវាសាធារណៈនានានៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ គុណភាពរបស់សេវានេះ នៅតែជាបញ្ហាប្រឈមមួយនៅឡើយ។

ការផ្តល់មតិដោយផ្ទាល់ ពីសំណាក់អ្នកប្រើប្រាស់ ដែលបានជ្រាបអំពីសេវាទាំងនេះ ជាពិសេសពីសំណាក់ពលរដ្ឋទូទៅតែម្តង គឺជាកត្តាសំខាន់មួយជំរុញ ឲ្យសេវាសាធារណៈនានាទទួលបានការកែលម្អគុណភាពកាន់តែប្រសើរឡើង នៅជុំវិញពិភពលោក។

កញ្ចប់ជំនួយឥតសំណងទី១ មានទឹកប្រាក់ចំនួន៥.៩៥លានដុល្លារអាមេរិក ត្រូវបានអនុម័តផ្តល់ទៅឲ្យអង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision International) សម្រាប់ធ្វើសកម្មភាពនានាពាក់ព័ន្ធ ផ្នែកគណនេយ្យភាពសង្គម រួមមានការជ្រើសរើសអ្នកសម្របសម្រួលសហគមន៍ សម្រាប់ជួយជំរាបជូនប្រជាពលរដ្ឋ អំពីសេវានានាដែលពួកគាត់មានសិទ្ធិទទួលបាន និងអំពីការប្រើប្រាស់មូលនិធិសាធារណៈ។

អ្នកសម្របសម្រួល នឹងរៀបចំធ្វើនូវតារាងពិន្ទុ សម្រាប់ពលរដ្ឋធ្វើការវាយតម្លៃគុណភាពរបស់សេវាសាធារណៈ និងផ្តល់ការឯកភាពគ្នា នៅលើផែនការសកម្មភាពរួមមួយចំនួន ជាមួយអ្នកផ្តល់សេវា សម្រាប់កែលម្អគុណភាព របស់សេវាបន្តទៀត។

កញ្ចប់ជំនួយឥតសំណងទី២ មានទឹកប្រាក់ចំនួន ១.៧២លានដុល្លារអាមេរិក ត្រូវបានផ្តល់ជូនលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សម្រាប់ជួយពង្រឹងសមត្ថភាព របស់អ្នកផ្តល់សេវារដ្ឋាភិបាល នៅក្នុងការជូនព័ត៌មាន ដល់សាធារណជនអំពីការបំពេញមុខងារ និងការប្រើប្រាស់មូលនិធិដោយគណៈកម្មាធិការនេះ និងក្នុងការឆ្លើយតប ឲ្យបានកាន់តែល្អឡើង ទៅនឹងមតិយោបល់របស់ពលរដ្ឋ។

លោកស្រី អ៊ីងហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោក បានថ្លែងថា «ការពង្រឹងការចូលរួមរបស់ពលរដ្ឋ គឺជាចំណុចផ្តោតយកចិត្ត ទុកដាក់មួយនៅក្នុងចំណោមផ្នែកសំខាន់ៗនានានៅក្នុងឯកសារក្របខណ្ឌភាពជាដៃគូរបស់ធនាគារពិភពលោក ប្រចាំនៅប្រទសកម្ពុជា»។

ធនាគារពិភពលោក បានចាត់ទុកក្របខណ្ឌគណនេយ្យភាពសង្គម របស់រដ្ឋាភិបាលថា ជាកិច្ចខិតខំទូទៅដ៏សំខាន់មួយ សម្រាប់បំពេញទៅលើការវិនិយោគ ក្នុងវិស័យអប់រំ, សុខាភិបាល, ការផ្គត់ផ្គង់ទឹកស្អាត និងសេវាដទៃទៀត តាមរយៈអភិក្រមជាលក្ខណៈប្រព័ន្ធ និងប្រកបដោយចីរភាព ដើម្បីប្រមែប្រមូលពលរដ្ឋ ឲ្យចូលរួមពាក់ព័ន្ធ និងពង្រឹងសមត្ថភាពរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ សំដៅធ្វើយ៉ាងណាតម្រូវ ឲ្យអ្នកផ្តល់សេវាមានគណនេយ្យភាព នៅក្នុងការបំពេញមុខងាររបស់ខ្លួន។

ជំនួយឥតសំណងទាំងពីរកញ្ចប់នេះ មានគោលបំណងទ្រទ្រង់ដល់ការអនុវត្តដំណាក់កាលទីពីរ នៃគម្រោងក្របខណ្ឌគណនេយ្យភាពសង្គម ដែលមានអាយុកាលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។ ក្របខណ្ឌនេះ គឺជាផ្នែកស្នូលមួយខ្វះមិនបាននៅក្នុងកម្មវិធីកែទម្រង់វិមជ្ឈការរបស់រដ្ឋាភិបាល ដែលសំដៅពង្រឹងការឆ្លើយតបរបស់រដ្ឋាភិបាលទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

គម្រោងនេះ ជាគំនិតផ្តួចផ្តើមរួមរវាងរដ្ឋាភិបាល និងសង្គមស៊ីវិល ហើយស្ថិតក្រោមការចាត់ចែងរបស់គណៈកម្មាធិការដឹកនាំភាពជាដៃគូ (Partnership Steering Committee/PSC) ដែលមានក្រសួងមហាផ្ទៃ និងតំណាងរបស់អង្គការក្រៅរដ្ឋាភិបាល ជាសហប្រធាន។

គណៈកម្មាធិការនេះ មានសមាសភាពសមាជិក រវាងតំណាងមកពីក្រសួងនានា នៃរដ្ឋាភិបាល, មានក្រសួងមហាផ្ទៃ, អប់រំ យុវជន និងកីឡា, សុខាភិបាល, សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧស្សាហកម្ម និងសិប្បកម្ម, និង សាធារណការនិងដឹកជញ្ជូន និងតំណាងសង្គមស៊ីវិល។

លោក ង៉ាន ចំរើន រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធាននៃលេខាធិការដ្ឋាន របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ បានថ្លែងថា «រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្ត ផ្នែកនយោបាយយ៉ាងមុតមាំ ក្នុងការអនុវត្តក្របខណ្ឌគណនេយ្យភាព ISAF នេះ ដើម្បីពង្រឹងសិទ្ធិអំណាច ដល់ពលរដ្ឋ ពង្រឹងភាពជាដៃគូ វាងរដ្ឋបាលថ្នាក់ក្រោមជាតិនិងពលរដ្ឋ និងពង្រីកគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមទាំងនោះ ឲ្យកែលម្អការផ្តល់សេវាសាធារណៈ បានកាន់តែមានប្រសិទ្ធភាព»

លោកបន្ថែមទៀតថា «ការពង្រីកវិសាលភាពគ្រប់ដណ្តប់របស់ ISAF នឹងកាន់តែបង្កើនសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ ឲ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែមានគណនេយ្យភាព និងក្នុងការឆ្លើយតប ទៅតាមការវិវត្តន៍ប្រែប្រួល នូវសេចក្តីត្រូវការរបស់ពលរដ្ឋ និងវិស័យឯកជន នាពេលអនាគត»

គម្រោងនានានៅក្រោមភាពជាដៃគូនេះ មានវិសាលភាពគ្របដណ្តប់លើអ្នកផ្តល់សេវាសាធារណៈ ដែលរួមមាន សាលារៀននិងមណ្ឌលសុខភាព, ឃុំ សង្កាត់, ស្រុក និងរដ្ឋបាលក្រុង នៅក្នុងខេត្តចំនួន១០ គឺខេត្តបន្ទាយមានជ័យ, សៀមរាប, ព្រះវិហារ, កំពង់ធំ, កំពង់ឆ្នាំង, កណ្តាល, ព្រៃវែង, ស្វាយរៀង, កែប, និងព្រះសីហនុ។

លោក ដានីញែល សែលវ៉ាណាយ៉ាហ្កាម នាយកអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា បានថ្លែងថា «ផ្អែកលើបទពិសោធន៍ និងសមិទ្ធផល ដែលយើងសម្រេចបាន ក្នុងប៉ុន្មានឆ្នាំមកនេះ ខ្ញុំជឿជាក់ថា ជំនួយថ្មីនេះ នឹងកាន់តែពង្រឹងបានថែមទៀត នូវការឆ្លើយតបរបស់សេវាសាធារណៈ ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់សេវា។

លោក បន្ថែមទៀតថា៖ «ក្របខណ្ឌគណនេយ្យភាពសង្គមនេះ គឺជាយុគសម័យថ្មីមួយ នៃការផ្តល់សេវាសាធារណៈ ដែលអម មកជាមួយនូវការលើកកម្ពស់ ឲ្យមានកិច្ចសន្ទនាបែបស្ថាបនានៅតាមថ្នាក់មូលដ្ឋាន ដើម្បីធ្វើឲ្យមានការប្រែប្រួលយូរអង្វែង នៅក្នុងការផ្តល់សេវាសាធារណៈ ជាពិសេសសម្រាប់ក្រុមជនងាយរងគ្រោះ»

ជំនួយឥតសំណងទាំង២កញ្ចប់នេះ គឺស្ថិតក្រោមការគ្រប់គ្រង ដោយធនាគារពិភពលោក និងឧបត្ថម្ភហិរញ្ញវត្ថុ ដោយមូលនិធិមរតក សម្រាប់គណនេយ្យភាពសង្គម និងការផ្តល់សេវានៅកម្ពុជា (Cambodia Social Accountability and Service Delivery Trust Fund) ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលអាល្លឺម៉ង់ និងស្វ៊ីស៕