(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ខេត្តស្វាយរៀង លោកបានស្នើដល់កងកម្លាំង មន្ត្រីគយ និងរដ្ឋាករ មន្ត្រីចត្តាឡីស័ក និងមន្ត្រីមានសមត្ថកិច្ចដែលឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលខេត្តពាក់ព័ន្ធនឹងការធ្វើដំណើរ ចេញចូលឆ្លងកាត់ព្រំដែន រវាងប្រជាពលរដ្ឋប្រទេសទាំងពីរ។

ការក្រើនរំលឹកបែបនេះ របស់លោក ម៉ែន វិបុល បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យពីស្ថានភាព នៃការគ្រប់គ្រង និងការពង្រឹងកិច្ចអនុវត្តវិធានការបង្ការទប់ស្កាត់ ការរីករាលដាលនៃវីរុស Covid-19 នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍-ប៊ិនហៀប ស្ថិតនៅឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

លោក ម៉ែន វិបុល បានថ្លែងថា ដោយឡែកចំពោះការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរួម ត្រូវសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីសម្រួល និងរក្សាឱ្យបាននូវស្ថិរភាពលំហូរចរាចរ ទំនិញនាំចេញ-នាំចូល ឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ឱ្យប្រព្រឹត្តទៅដោយរលូន ល្អប្រសើរ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ក្នុងការសហការរួមគ្នា ពង្រឹងកិច្ចអនុវត្តវិធានការបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ស្របតាមវិធានការការពារដែលណែនាំដោយចត្តាឡីស័ក ដូចជាការបាញ់ថ្នាំកម្ចាត់មេរោគលើរថយន្តដឹកទំនិញជាដើម ហើយលោកនឹងចាត់មន្ត្រីចត្តាឡីស័ក និងមន្ត្រីបសុពេទ្យមកប្រចាំការរហូតដល់ស្ថានភាពនៃជំងឺកូវីដ-១៩ មានភាពធូរស្រាល ដើម្បីចូលរួមពង្រឹងអនុវត្តនូវវិធានការនេះ។

ឱកាសនោះលោកអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរចំពោះសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលឈរជើង នៅច្រកទ្វារព្រំដែន អន្តរជាតិព្រៃវល្លិ៍កន្លងមក បានខិតខំអនុវត្តតួនាទីក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ព្រំដែន និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយនឹងភាគីវៀតណាម។

ជាមួយនេះ លោក ម៉ែន វិបុល ក៏បានជម្រាបជូនអំពីវិធានការរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលខេត្តបានដាក់ចេញនាពេលថ្មីៗនេះ ដោយតម្រូវឱ្យផ្អាកជាបណ្ដោះអាសន្ន នូវការធ្វើដំណើរចូលប្រទេសកម្ពុជា ដោយប្រជាពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រទេសវៀតណាម ដោយពលរដ្ឋកម្ពុជា តាមគ្រប់រូបភាពដែលបានចូលជាធរមានរួចហើយ កាលពីវេលាម៉ោង ២៣៖៥៩នាទី យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ហើយដែលវិធានការនេះ ធ្វើឡើងគ្មានអ្វីក្រៅពីគោលបំណងបញ្ចៀសនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នបានក្លាយជារបៀបវារៈ រួមរបស់ពិភពលោក តំបន់ ក៏ដូចជាប្រទេសទាំងពីរកម្ពុជា-វៀតណាម ដែលត្រូវរួមគ្នាដោះស្រាយ និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងប្រភេទថ្មីនេះ៕