(សៀមរាប)៖ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្ដិចនាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ថា សភាពអ្នកផ្ទុកកូវីដ១៩ ចំនួន២នាក់មានសុខភាពធម្មតា ចំពោះករណីបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ដែលបានឆ្លងពីបុរសជនជាតិជប៉ុនកន្លងទៅនេះ សង្ឃឹមថា នឹងអវិជ្ជមាននៅក្នុងពេលដ៏ឆាប់ខាងមុខនេះ ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បន្ដថា «យើងបានបញ្ចាប់ការធ្វើតេស្ត ដល់អ្នកពាក់ព័ន្ធប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយអ្នកផ្ទុកជំងឺកូវីដទាំងអស់ហើយ គឺអវិជ្ជមានទាំងអស់។ ឥលូវ យើងនៅករណីតេស្តកុងត្រូលទេ, ដោយមកដល់ពេលនេះបានតេស្ត ១៧០សំណាក លើចំនួនអ្នកសង្ស័យ ១១២នាក់ គឺអវិជ្ជមានទាំងអស់ទៀត»។

ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប បានថ្លែងបន្ដថា «ក្រុមគ្រូពេទ្យរបស់យើងនៅតែបន្ដយកចិតទុក្ខដាក់ខ្ពស់បំផុត ក្នុងការផ្ដល់សេវាពិនិត្យថែទាំអ្នកជំងឺរបស់យើង ឱ្យឆាប់ជាសះស្បើយ ដើម្បីបានត្រលប់ទៅជួបក្រុមគ្រួសាររបស់គាត់វិញក្នុងពេលដ៏ឆាប់ខាងមុខនេះ»។

ជាងនេះទៅទៀត លោកបានបញ្ជាក់ថា «ករណីការធ្វើតេស្ដ គឺចំពោះតែអ្នកមានហានិភ័យខ្ពស់នឹងឆ្លង (ប្រវត្ដិនៅក្បែរគ្នា ឬប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ) ចំណែកអ្នកមិនធ្លាប់ក្បែរ ឬប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺទេ គឺមិនបាច់ធ្វើការយកសំណាកទៅធ្វើតេស្តនោះទេ តែយើងត្រូវផ្តល់ការប្រឹក្សា និងឲ្យគាត់ធ្វើការតាមដានដោយខ្លួនឯង និងមានទំនាក់ទំនងជាមួយក្រុមការងារច័ត្តាឡីស័ក យើងជាប់ជានិច្ច»។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានថ្លែងបន្ដថា ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង លោកតែងតែយកចិត្ដទុកដាក់ និងបន្ដណែនាំមកដល់មន្ដ្រីក្រោមឱវាទជាប់និច្ច ភ្ជាប់ជាមួយការពង្រឹងការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបំពេញការងារព្យាបាល ថែទាំ បង្ការ ដល់អ្នកជំងឺ ដោយចាត់ទុកអ្នកជំងឺ ដូចជាបងប្អូនក្រុមគ្រួសាររបស់យើងផងដែរ៕