១៖ វិបត្តិជនភៀសខ្លួននៅអឺរ៉ុប
ក្នុងឆ្នាំ២០១៥នេះ ជនភៀសខ្លួន​ប្រមាណជាងមួយលាននាក់បានជម្លៀសខ្លួនចេញពី​ប្រទេសដែលមានសង្គ្រាមរ៉ាំរ៉ៃដូចជា ប្រទេស អ៊ីរ៉ាក់ ស៊ីរី និងលីប៊ីជាដើម ដើម្បីស្វែងរក​ជីវិតប្រសើរជាមុននៅដែនដីអឺរ៉ុប។ ជនភៀសខ្លួនភាគច្រើនផ្សងនឹងគ្រោះថ្នាក់ដើម្បីធ្វើដំណើរឆ្លងកាត់ សមុទ្រមេឌីទែរ៉ានេ ជាមួយនឹងលក្ខខ័ណ្ឌអាកាសធាតុមិនអំណោយផល តាមទូកតូចៗដែលគ្មានសុវត្ថិភាព។ ចំណែកមួយចំនួនទៀត ធ្វើដំណើរយ៉ាងវែងឆ្ងាយដោយថ្មើរជើង​នៅកាន់ទឹកដីអឺរ៉ុប ដោយក្នុងនោះភាគច្រើន​ធ្វើដំណើរទៅកាន់ប្រទេស អាឡឺម៉ង់។

២៖ ការវាយប្រហារពីសំណាក់ភេរវករ
កាលពីដើមឆ្នាំ២០១៥នេះ អ្នកសារព័ត៌មាន១២នាក់ ត្រូវបានក្រុមឧទ្ទាមរដ្ឋឥស្លាម បាញ់ប្រហារនៅការិយាល័យទស្សនាវដ្តី Charlie Hebdo ក្នុងប្រទេសបារាំង។ បីថ្ងៃក្រោយមក ប៉ូលីសបានបាញ់សម្លាប់ខ្មាន់កាំភ្លើងពីរនាក់ បន្ទាប់ពីពួកគេចាប់ចំណាប់ខ្មាំងនៅរោងពុម្ភមួយកន្លែង ដែលបណ្តាលឲ្យមនុស្សសរុបចំនួន​១២នាក់ត្រូវស្លាប់បាត់បង់ជីវិត។ ជាថ្មីម្តងទៀតទីក្រុង ប៉ារីស បានរងការវាយប្រហារដោយភេរវករនៅថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅនេះបណ្តាលឲ្យមនុស្ស១៣០នាក់ស្លាប់ ដែលនេះជាចំនួនអ្នកស្លាប់ច្រើនបំផុតមិនធ្លាប់មានក្នុងប្រទេស បារាំង ចាប់តាំងពីសម័យសង្គ្រាមលោកលើកពីរមក។

ចំណែកព្រឹត្តិការណ៍ភេរវកម្មមួយទៀត ដែលបានកើតឡើងក្នុងឆ្នាំ២០១៥នេះផងដែរនោះគឺ បានកើតមានឡើងក្នុងប្រទេស ទុយនេស៊ី បណ្តាលឲ្យមនុស្ស៣៩នាក់ស្លាប់។ មិនតែប៉ុណ្ណោះ មនុស្ស១៤៨នាក់ក៏បានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារយ៉ាងសាហាវនៅសកលវិទ្យាល័យ Garissa ក្នុងប្រទេស កេនយ៉ា។​ បច្ចុប្បន្នបញ្ហាពួកឧទ្ទាមជ្រុលនិយម ISIS និងភេរវករ បានផ្តល់ក្តីបារម្ភជាខ្លាំងដល់ពិភពលោកទាំងមូល។​

៣៖ វិបត្តិនៅមជ្ឈឹមបូព៌ា
ថ្មីៗនេះ ប្រទេស រុស្ស៊ីផ្តើមការវាយប្រហារតាមដែនអាកាសក្នុងប្រទេស ស៊ីរី ដោយបានប្រកាសថា នេះជាការវាយប្រហារដើម្បីបង្រ្កាមពួកឧទ្ទាម ISIS  ប៉ុន្តែសហគមន៍អន្តរជាតិជឿជាក់ថា សកម្មភាពរបស់រដ្ឋាភិបាលក្រុង ម៉ូស្គូ គឺដើម្បីការពារដល់ការកាន់អំណាចរបស់ប្រធានាធិបតីស៊ីរី លោក បាស្សាអាល់អាស្សាដតែប៉ុណ្ណោះ។

ចំណែកប្រទេស បារាំង ក៏បានផ្តើមបង្កើនការវាយប្រហារទៅលើពួក ISIS ផងដែរ ដើម្បីជាការសងសឹកចំពោះការវាយប្រហារនៅទីក្រុង ប៉ារីស ខណៈដែលសភារបស់ចក្រភពអង់គ្លេស បោះឆ្នោតសម្រេចចូលរួមទម្លាក់គ្រាប់បែក​ក្នុងប្រទេស ស៊ីរី និងអ៊ីរ៉ាក់ដើម្បីបង្ក្រាបពួក ISIS ផងដែរ។

៤៖ អំពើពុករលួយ និងរឿងអាស្រូវ
អង្គភាពគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានធ្លាក់ទៅក្នុងភាពច្របូកច្របល់ ដោយសារការកើតមាននូវអំពើពុករលួយ និងរឿងអាស្រូវជាច្រើន។ អាជ្ញាធរប្រទេស ស្វីស បានចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់របស់ FIFA ជាច្រើនរូប ដែលមានពាក់ព័ន្ធនឹងបញ្ហានេះ។ ជាមួយគ្នានេះដែរ លោក Sepp Blatter ប្រធានរបស់ FIFA បានលាលែងពីដំណែងដោយសាររឿងអាស្រូវនេះ ហើយក្រោយមកលោកត្រូវគេបានហាមឃាត់ មិនឲ្យ​ចូលរួមក្នុងសកម្មភាពនានាពាក់ព័ន្ធនឹងវិស័យបាល់ទាត់រយៈពេល៨ឆ្នាំ។​

ដោយឡែកក្រុមហ៊ុនផលិតរថយន្ត Volkswagen ដ៏ល្បីល្បាញប្រចាំប្រទេស អាឡឺម៉ង់ បានសារភាពថា ផលិតផលរបស់ខ្លួនមានបញ្ហា។ បន្ទាប់ពីមានរឿងអាស្រូវនេះ ក្រុមហ៊ុនបានប្រមូលរថយន្តទាំងនោះ​ជាច្រើនគ្រឿងមកជួសជុលឡើងវិញ ស្របពេលដែល​លោក Martin Winterkorn ដែលជា CEO របស់ក្រុមហ៊ុននេះ បានលាលែងពីដំណែង។

៥​៖ ហេតុការណ៍ធ្លាក់យន្តហោះ និងគ្រោះធម្មជាតិ
ឆ្នាំ២០១៥នេះ បានក្លាយជាឆ្នាំដែលមានសោកនាដកម្មដោយសារការធ្លាក់យន្តហោះជាច្រើនលើកច្រើនសារ ដែលបណ្តាលឲ្យមនុស្ស ស្លាប់អស់ជាច្រើននាក់។ ជាក់ស្តែងដូចជា​ ការធ្លាក់យន្តហោះ Germanwings យន្តហោះរបស់ប្រទេសរុស្ស៊ី នៅអេហ្ស៊ីប និងយន្តហោះរបស់ប្រទេស ឥណ្ឌូនេស៊ីជាដើម។

មិនតែប៉ុណ្ណោះគ្រោះរញ្ជួយដី ដែលជាផ្នែកមួយនៃគ្រោះធម្មជាតិ ក៏បានកើតឡើងជាញឹកញាប់ និងបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់ផងដែរ។ ជាក់ស្តែងក្នុងឆ្នាំ២០១៥នេះ មានគ្រោះរញ្ជួយដីកើតឡើងសរុបរហូតដល់​១៣៩១៨លើក និងបង្កឲ្យមានអ្នកស្លាប់សរុបចំនួន​៩.៦៣១នាក់។

អ្វីដែលជាក្តីបារម្ភមួយទៀតផងដែរ របស់ពិភពលោក គឺបញ្ហាកំណើនកម្តៅផែនដី និងការបំពុលបរិយាកាស។ បញ្ហានេះបានជម្រុញឲ្យមាន ការរៀបចំកិច្ចប្រជុំកំពូលនៅក្នុងទីក្រុង ប៉ារីស ប្រទេស បារាំង ដើម្បីចាត់វិធានការណ៍ជាបន្ទាន់ ក្នុងគោលដៅទប់ស្កាត់បញ្ហានេះ តាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាស។

៦៖ ការរីករាលដាលជំងឺអ៊ីបូឡា នៅអាហ្វ្រិកខាងលិច
នៅឆ្នាំ២០១៥នេះ ជំងឺអ៊ីបូឡា បានវាយប្រហារប្រទេសនៅអាហ្វ្រិកខាងលិចយ៉ាងធ្ងន់ធ្ងរ មិនធ្លាប់មានចាប់តាំងពីការកើតមាន ជាលើកដំបូងក្នុងឆ្នាំ១៩៧៥កន្លងទៅនេះ។ សូមជម្រាបថា ការរីករាលដាលនៃជំងឺនេះ ក្នុងរយៈពេល១៨ខែ បណ្តាលឲ្យមនុស្ស១១.៣០០នាក់ស្លាប់ ដោយឡែក២៨ពាន់នាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺ នៅក្នុងប្រទេសចំនួនបីនៅអាហ្រ្វិកខាងលិច។​ កិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោកពិតមានសារៈសំខាន់ក្នុងការព្យាបាល និងបញ្ឈប់ការរីករាលនៃជំងឺដ៏កាចសាហាវមួយនេះ៕