(កណ្ដាល)៖ លោក គុយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ ឱ្យដឹងថា ក្រុមគ្រួសាររួមទាំងប្រពន្ធ និងកូនរបស់អ្នកផ្ទុក Covid-19 នៅស្រុកស្អាង ធ្វើតេស្តជាលទ្ធផលពុំមានផ្ទុកវីរុស Covid-19 នោះឡើយ។

ជាមួយគ្នានេះដែរ លោក គុយ ប៊ុនធឿន ក៏បន្តសំណូមពរដល់ប្រពលអ្នកស្រុកស្អាងទាំងអស់ កុំភ័យខ្លាំងពេកហើយត្រូវរក្សាអនាម័យ ចូលរួមការពារខ្លួន ការពារក្រុមគ្រួសារ ឱ្យបានល្អ ពិសេសកុំមានការរើសអើងគ្នា កុំស្អប់-ខ្ពើមគ្នា ប៉ុន្តែបែរជាមកបង្ហាញពីក្ដីអាណិតអាសូរ និងលើកទឹកចិត្តគ្នាវិញល្អប្រសើរ ជាងការស្ដីបន្ទោសត្បិតគ្មានជនណាម្នាក់ចង់ឆ្លងវីរុសណឹងនោះទេ។

ប្រធានមន្ទីរបន្តថា ប្រជាពលរដ្ឋម្នាក់មានផ្ទុកវីរុស Covid-19 មានសុខភាពធម្មតា និងដោយគោរពតាមបទបញ្ជារបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្រុមគ្រូពេទ្យជំនាញបាន និងកំពុងយកចិត្តទុកដាក់ថែទាំអ្នកផ្ទុកវីរុស បានយ៉ាងល្អជាទីបំផុត ខណៈគេបាននាំគាត់មកព្យាបាល នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ តាំងពីថ្ងៃទី១៨ ខែមីនា មកម្លេះ។

គួររម្លឹកដែរថា បើយោងតាម លោក គង់ សោភ័ណ្ឌ ដែលបានចុះពិនិត្យទីតាំងនៃមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ នាពេលកន្លងទៅ គឺនៅគ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់ នៅទូទាំងខេត្តកណ្ដាល បានត្រៀមខ្លួនជាស្រេច ចំពោះការឆ្លើយតបនឹងករណីវីរុស Covid-19 នេះ ហើយក្រុមគ្រូពេទ្យនឹងព្យាបាល ជូនពលរដ្ឋយ៉ាងយកចិត្តទុកដាក់បំផុត និងសូមមានទំនុកចិត្តខ្ពស់ ចំពោះសុខាភិបាលខេត្តកណ្ដាល នាពេលបច្ចុប្បន្នភាពនេះ៕