(ភ្នំពេញ)៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀនមួយករណី នៅចំណុចទល់មុខផ្សារដើមគរ ផ្លូវម៉ៅសេងទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដកហូតបានថ្នាំញៀនជាងកន្លះគីឡូក្រាម។

មន្ដ្រីជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងក៧ ដឹកនាំដោយលោក ស្រី សុវណ្ណ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ក្រោយទទួលបានបញ្ជាពី នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ព្រមទាំងមានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា ស្ដ្រីជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួន ឈ្មោះ ឃន ស្រីនាង អាយុ២៥ឆ្នាំ ជនជាតិខ្មែរ និងដកហូតបានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៥៩៨.៨១ក្រាម។ ខណៈកម្លាំងកំពុងតស៊ូជាមួយមុខសញ្ញាដែលចាប់បាន សួររកមេក្លោង បក្ខពួក និងប្រភពគ្រឿងញៀន៕