(ភ្នំពេញ)៖ លោកស្រី ពេជ ចន្ទមុន្នី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយនិស្សិតឯកទេស នឹងអ្នកស្ម័គ្រចិត្តតាមការអំពាវនាវ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

លោកស្រី ពេជ ចន្ទមុន្នី បានថ្លែងថា ការជួបជុំសំណេះសំណាលនៅពេលនេះ គឺជាការជួយបំផុស ឲ្យនិស្សិតឯកទេស និងអ្នកស្ម័គ្រចិត្ត ចូលរួមសកម្មភាពមនុស្សធម៌ ដោយស្ម័គ្រចិត្តតាមការអំពាវនាវ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA)។

លោកស្រី ពេជ ចន្ទមុន្នី បានគូសបញ្ជាក់ថា កម្លាំងស្ម័គ្រចិត្តនាពេលនេះ គឺជាវីរបុរសខ្សែត្រៀមទី១ ដើម្បីចូលរួមត្រៀមប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងជួយដល់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

លោកស្រីបន្ដទៀតថា ក្រសួងសុខាភិបាល បានត្រៀមសម្ភារៈបច្ចេកទេស និងការបណ្ដុះបណ្ដាលត្រឹមត្រូវដែលនេះ គឺជាការទទួលខុសត្រូវ ចំពោះកម្លាំងស្ម័គ្រចិត្ត តាមរយៈសមាគម TYDA ដែលការស្ម័គ្រចិត្តនេះ បានចេញពីបេះដូង ពីឆន្ទៈ ដើម្បីរួមគ្នាជួយខ្មែរ នៅក្នុងដំណាក់កាលនេះ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងក្រុមការងារ របស់សមាគម TYDA នឹងនៅជាមួយបងប្អូនស្ម័គ្រចិត្ដទាំងអស់ គ្រប់ពេលវេលាតាមរយៈការយកចិត្ត ទុកដាក់ចំពោះសុខទុក្ខ របស់បងប្អូនស្ម័គ្រចិត្ត ក្នុងការបំពេញភារកិច្ច ដ៏មានអត្ថន័យនេះ ដោយមិនទុកឲ្យបងប្អូនណាម្នាក់ចោលនោះទេ។

ក្នុងឱកាសនោះ លោកស្រី ក៏បានផ្ដាំផ្ញើ ការសាកសួរសុខទុក្ខ ការកោតសរសើរ និងការថ្លែងអំណរគុណ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ចំពោះកម្លាំងស្ម័គ្រចិត្ត ទាំងអស់ ដែលនេះគឺជាការយកចិត្តទុកដាក់ ចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ ដោយមិនទុកឲ្យនរណាម្នាក់ចោលនោះទេ ហើយនេះ គឺជាលើកទឹកចិត្តរបស់ប្រមុខ រាជរដ្ឋាភិបាល។

លោកស្រី ពេជ ចន្ទមុន្នី បានលើកឡើងថា សមាគម TYDA បានចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺ Covid19 តាមរយៈការអប់រំសុខភាព ដល់សហគមន៍ ជួយបំផុសបំផុលនិស្សិត អ្នកស្ម័គ្រចិត្តឲ្យ និងជួយគៀងគរសប្បុរសជន ឲ្យចូលរួមសកម្មភាពមនុស្សធម៌។

ទន្ទឹមគ្នានោះ លោកស្រី ពេជ ចន្ទមុន្នី ក៏បានស្នើឲ្យយកចិត្តទុកដាក់ថែទាំសុខភាព ដោយការធ្វើអនាម័យលាងដៃនឹងសាប៊ូ និងអាកុល។ ជៀសវាងការជួបជុំ មនុស្សច្រើន ដែរមិនចាំបាច់។

លោកស្រីបន្ដទៀតថា បើសិនជាបងប្អូនប្រជាពលរដ្ឋ មានអាការៈមិនស្រួលខ្លួន (ក្តៅខ្លួន ក្អក..) ត្រូវដាក់ខ្លួនឯង ឲ្យនៅដោយឡែកពីអ្នកដទៃ និងទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យ។ លើសពីនេះ ត្រូវបំបាត់ភាពភ័យខ្លាចជ្រុល យកចិត្តទុកដាក់ថែទាំសុខភាពខ្លួនឯង និងជួយដល់គ្រួសារ សហគមន៍ និងសង្គមជាតិ៕