(សេអ៊ូល)៖ មេដឹកនាំប្រទេស កូរ៉េខាងជើងលោក Kim Jong-un បានប្តេជ្ញាក្នុងការបង្កើន ទំនាក់ទំនងជាមួយប្រទេស កូរ៉េខាងត្បូង ដោយបញ្ជាក់ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង មានបំណងចង់ធ្វើកិច្ចពិភាក្សាដោយចំហរ ជាមួយរដ្ឋាភិបាលក្រុងសេអ៊ូល ដើម្បីបង្រួបបង្រួមប្រទេសទាំងពីរ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦។

ក្នុងសន្ទរកថាដែលមានរយៈពេលប្រមាណ៣០នាទី លោក Kim បានលើកឡើងថា «យើងនឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការរៀបចំកិច្ចចរចា និងបង្កើនទំនាក់ទំនងជាមួយប្រទេស កូរ៉េខាងត្បូង»។

លោកបន្តថា« កូរ៉េខាងជើងមានបំណងចង់ ធ្វើកិច្ចចរចាដោយចំហរជាមួយគ្រប់ភាគី ដែលចង់បានសន្តិភាព និងការបង្រួបបង្រួម»។

សូមជម្រាបថាកន្លងមក ប្រទេស កូរ៉េទាំងពីរ ធ្លាប់បានឈានដល់ការសម្រេច បាននូវកិច្ចព្រមព្រៀងរួមគ្នា កាលពីខែសីហាកន្លងទៅនេះ ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា បន្ទាប់ពីហេតុការណ៍បំផ្ទុះគ្រាប់មីន ក្បែរបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ៕

Advertising