(តាកែវ)៖ មេបញ្ជាការសិករងស្រុកអង្គបូរី លោក គឹម ហាង ត្រូវបានលោក ឃុន ភឿន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ចេញដីការកោះហៅឲ្យចូលខ្លួន មកកាន់អយ្យការអមសាលាដំបូង ខេត្តតាកែវ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ខាងមុខ ដើម្បីសាកសួរដំណើររឿងហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស គំរាមថានឹងសម្លាប់កំហែងយក និងបង្ខាំងមនុស្សដោយខុសច្បាប់ ប្រព្រឹត្តទៅនៅប្រឡាយ០៥ ស្ថិតនៅក្នុងភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គបូរី ខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមក។

បើយោងតាមដីកាកោះហៅរបស់តុលាការខេត្តតាកែវ បានអញ្ជើញឈ្មោះ គឹម ហាង ភេទប្រុស អាយុ៣៧ឆ្នាំ «ជនសង្ស័យ» ជាមេបញ្ជាការសិករងស្រុកអង្គបូរី មានទីលំនៅភូមិកំពង់ហ្លូង ឃុំអង្គបូរី ស្រុកអង្គបូរី ឲ្យចូលខ្លួនមកកាន់តុលាការ នៅថ្ងៃខាងលើ ឲ្យបានទាន់ពេលវេលា និងត្រូវយកឯកសារពាក់ព័ន្ធផ្សេងៗ ដែលទាក់ទង និងរឿងខាងលើ មកជាមួយផងបើមាន។

ពាក់ព័ន្ធទៅនិងការចេញដីការកោះហៅ ឲ្យចូលខ្លួននេះ លោក គឹម ហាង មេបញ្ជាការសិករងស្រុកអង្គបូរី មិនអាចសុំការទំនាក់ទំនងបានទេ នៅថ្ងៃនេះ ក៏ប៉ុន្តែលោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសិករង ខេត្តតាកែវ នៅពេលទាក់ទងសួរទៅ និងដីការកោះហៅកូនចៅរបស់ខ្លួន ឲ្យចូលទៅកាន់តុលាការ លោកបានថ្លែងយ៉ាងខ្លីថា «រឿងទាហានទុកឲ្យទាហាន ដោះស្រាយ ឯរឿងតុលាកាទុកឲ្យ លោកចៅក្រមគាត់អ្នកសំរេច»

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ នៅចំណុចប្រឡាយ០៥ ស្ថិតក្នុងឃុំគោគធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ មានក្រុមទាហានមួយក្រុម ដែលមានគ្នាចំនួន ៥នាក់ ប្រដាប់ដោយអាវុធ ដែលដឹកនាំដោយលោក គឹម ហាង បានធ្វើសកម្មភាពចាប់ចងដៃចងជើង ពលរដ្ឋដឹកជ្រូកទៅលក់នៅប្រទេសវៀតណាមម្នាក់ និងបានវាយដំ និងយកកាំភ្លើងភ្ជង់គំរាមថា បាញ់សម្លាប់ចោលថែមទៀត ដោយក្រុមទាហានទាំងនោះទាមទារប្រាក់ចំនួន ២០ម៉ឺនរៀល៕