(ភ្នំពេញ)៖ សាកលវិទ្យាល័យ AUPP ផ្តល់អាទិភាពសំខាន់ទៅលើសុខភាព សុវត្ថិភាព និង ការសិក្សារបស់និស្សិត និង បុគ្គលិកនៃសាកលវិទ្យាល័យ ។

ឆ្លើយតមនឹង វិធានការណ៍ស្តីពីការពារសុវត្ថិភាព និង សុខភាពក្នុងការទប់ស្កាត់ការរីករាតត្បាតនៃជំងឺ COVID-19 សាកលវិទ្យាល័យ AUPP បានផ្លាស់ប្តូរគ្រប់ប្រព័ន្ធសិក្សាក្នុងថ្នាក់ទាំងអស់ទៅជាការសិក្សាតាមប្រព័ន្ធអ៊ិនធឺណេត (online classes)។ និស្សិតអាចប្រើប្រាស់ធនធាន និង ឯកសារផ្សេងៗតាមរយៈប្រព័ន្ធគ្រប់គ្រងការសិក្សា របស់សាកលវិទ្យាល័យAUPP: Canvas និងប្រព័ន្ធគ្រប់គ្រងការសិក្សា របស់សាកលវិទ្យាល័យដៃគូរបស់យើងទាំងពីររួមមាន: សាកលវិទ្យាល័យអារីហ្សូណា (Arizona) និង សាកលវិទ្យាល័យរដ្ឋហ្វតហេស៍ (Fort Hays): D2L (Desire2learn) ឬ Blackboard។

ឯកសារសម្រាប់សិក្សាទាំងអស់ ត្រូវបានដាក់បញ្ចូលអោយប្រើប្រាស់ចាប់ពីថ្ងៃចូលរៀនដំបូង រហូតដល់សប្តាហ៍ចុងក្រោយនៃឆមាសនីមួយៗ។ និស្សិតអាចទាញឯកសារទាំងនោះមកសិក្សា ក៏ដូចជាបំពេញកម្រងសំណួរ កិច្ចការ និង គម្រោងនានាតាមប្រព័ន្ធអ៊ីនធឺណិតដែលសាស្រ្តាចារ្យចាត់តាំងឲ្យធ្វើ។ និស្សិតអាចប្រាស្រ័យទាក់ទងយ៉ាងសកម្មជាមួយសាស្រ្តាចារ្យរបស់ AUPP និងសាស្រ្តាចារ្យនៃសាកលវិទ្យាល័យជាដៃគូបានគ្របពេល ។

មុននឹងចាប់ផ្តើមថ្នាក់បង្រៀនតាមប្រព័ន្ធអ៊ិនធឺណេតនេះ សាស្ត្រាចារ្យរបស់ AUPP ត្រូវបានបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញ ក្នុងការបង្រៀនតាមប្រព័ន្ធអ៊ិនធឺណេត ហើយបានសាកល្បងថ្នាក់មួយចំនួន ដើម្បីធានាថាដំណើរការសិក្សាអាចប្រព្រឹត្តទៅបានយ៉ាងរលូន ហើយនិស្សិតរបស់យើងមានផាសុកភាព ក្នុងការក្រេបជញ្ជក់យកចំណេះវិជ្ជាពីការសិក្សាតាមប្រព័ន្ធ online៕