(កំពង់ចាម)៖ ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបាធាយ ខេត្តកំពង់ចាម ទទួលបន្ទុកការងារយុវជននៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ បានប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ៧មករា (៧មករា១៩៧៩-០៧មករា២០១៦) ដែលជាថ្ងៃ កំណើតទី២ របស់ប្រជាពលរដ្ឋកម្ពុជា ក្រោមអធិបតីភាព លោក ឡាវ វ៉ាន់ អនុប្រធាន ក្រុមការងារថ្នាក់ កណ្តាលចុះជួយស្រុកបាធាយ ទទួលបន្ទុកការងារយុវជន និងលោក ឡោ ចាន់លី អភិបាលស្រុកបាធាយ ព្រមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់ ថ្នាក់ដឹកនាំស្រុក  លោកគ្រូ អ្នកគ្រូ សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ប្រមាណ ២៥០ នាក់។

លោក ឡោ ចាន់លី បានថ្លែងឲ្យដឹងថា ការរំលឹកខួបនូវ ថ្ងៃកំណើតទី២ នៃការរស់រានមានជីវិត របស់ប្រជាពលរដ្ឋខ្មែរនេះ គឺដើម្បីរំលឹកដល់ប្រជាពលរដ្ឋ ពិសេស ស្រទាប់យុវជន ឲ្យយល់ច្បាស់ចងចាំជានិច្ច និងដឹងគុណជានិច្ចនៃថ្ងៃ៧មករា១៩៧៩ និងស្នាដៃធំៗ ជាប្រវត្តិសាស្ត្រ ដែលគណបក្សប្រជាជនកម្ពុជា បានសម្រេចជូនជាតិ និងមាតុភូមិតាំងពីដំណាក់កាល សង្គ្រោះជាតិ រហូតមកដល់បច្ចុប្បន្ន និងប្ដេជ្ញាការពារ មិនឲ្យមានរបបនេះវិលមកជាលើកទី២។

លោក ឡាវ វ៉ាន់ បានរំលឹកឡើងវិញពី សោកនាដកម្ម ក្នុងរបប៣ឆ្នាំ ៨ខែនិង២០ ដែលប្រជាជនកម្ពុជា ទទួលរងនូវទុក្ខវេទនា រស់នៅក្នុងគុក ឥតជញ្ជាំង ដោយពួកប៉ុលពត បានបង្ខិតបង្ខំប្រជាជន ឲ្យធ្វើការលើស កម្លាំងហូបចុក មិនគ្រប់គ្រាន់ និងបិទសិទ្ធសេរីភាព គ្រប់បែបយ៉ាង មិនត្រឹមតែប៉ុណ្ណោះ ពួកវាបានកាប់សម្លាប់ និងធ្វើទារុណកម្ម លើប្រជាជនឯង យ៉ាងសាហាវ ព្រៃផ្សៃបំផុត។ លោក អនុប្រធានក្រុមការងារថ្នាក់ កណ្តាលចុះជួយ ស្រុកបាធាយទទួលបន្ទុក ការងារយុវជន បាន បន្តទៀតថា «រហូតដល់ថ្ងៃរំដោះ៧មករា១៩៧៩របបដ៏យង់ឃ្នងនេះ ត្រូវបានផ្ដួលរំលំ ដោយសារ កម្លាំង មហាសាមគ្គី របស់រណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា។ គុណបំណាច់ ដ៏ធំធេងនេះ ប្រជាជន កម្ពុជា ចងចាំជានិច្ច និងមិនអាចបំភ្លេចបានឡើយ»។

លោកបានចាត់ទុកថា ថ្ងៃ៧មករា គឺជាថ្ងៃកំណើត ទី២ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មិនអាចបំភ្លេចបាន ដោយសារមានថ្ងៃរំដោះ៧មករា ទើបប្រជាពលរដ្ឋកម្ពុជាយើង អាចរស់រានមានជីវិតឡើងវិញ និងមានសេរីភាព រហូតមកបច្ចុប្បន្ននេះ។ ស្មារតី៧មករាគឺជាស្មារតីអមតស្ថិត នៅក្នុងជម្រៅចិត្ត របស់ប្រជាជនកម្ពុជាជាប់ជានិច្ច ។ ដូចនេះហើយបានជាថ្ងៃ៧មករា ត្រូវបានគេកំណត់ជាថ្ងៃ ទិវាសម្រាប់ ជាតិទាំងមូលទាំងមន្ដ្រីរាជការបុគ្គលិក កម្មករ ក្រុមហ៊ុន ទាំងអស់ ដែលបំពេញការងារនៅកម្ពុជា។

ដោយសារការដឹកនាំ របស់គណបក្ស ប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការវិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ហើយសមិទ្ធផលនានា ត្រូវបានកកើតឡើងពាសពេញ ផ្ទៃប្រទេស។ ថ្នាក់ដឹកនាំទាំង២ បានលើកឡើថា ជនទាំង ឡាយណាដែល ដែលមិនទទួល ស្គាល់ថ្ងៃ៧មករានោះ គឺជាជនឆបោក និងក្បត់ខ្លួនឯង ហើយ មិនទទួលស្គាល់ សច្ចះធម៌ប្រវត្តិសាស្រ្ត៕

Advertising