(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន ៣៩៨,១១៣ដុល្លារអាមេរិក ដល់អង្គភាពចំនួន៤ របស់កម្ពុជា សម្រាប់ការសាងសង់អគារសិក្សា និងប្រព័ន្ធផ្គត់ផ្គង់ទឹក ដល់សាលាមួយចំនួន នៅតាមតំបន់ជនបទ ក្នុងប្រទេសកម្ពុជា ក្រោមជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ)។

ពិធីចុះកិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ ត្រូវបានចុះហត្ថលេខាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំង៤ សម្រាប់គម្រោងដូចតទៅ៖

*ទី១៖ គម្រោងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹក ក្នុងភូមិរាំងខ្វាវ ខេត្តពោធិ៍សាត់ នូវថវិកាចំនួន ១០៣,៨៨៥ដុល្លារ ដល់អង្គការជីវិតថ្លៃថ្នូរ។
នៅក្នុងគម្រោងនេះ ប្រព័ន្ធផ្គត់ផ្គង់ទឹកនឹងត្រូវបានសាងសង់ ហើយបណ្តាញចែកចាយទឹកប្រមាណ ១៧គីឡូម៉ែត្រ រួមជាមួយនឹងកន្លែងចែកចាយ ទឹកចំនួន ៧កន្លែងនឹងត្រូវតម្លើងនៅភូមិរាំងខ្វាវ។ តាមរយៈគម្រោងនេះ ប្រជាជនជាង ៨៨០នាក់នឹងមានទឹកស្អាតប្រើប្រាស់ ហើយគម្រោងនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរបស់នៅរបស់ពួកគាត់។

ទី២៖ គម្រោងសាងសង់ះអគារសិក្សានៅសាលាបឋមសិក្សាក្រូច ក្នុងស្រុកអូរជុំ ខេត្តរតនគិរី នូវថវិកាចំនួន ៩០,១២៨ដុល្លារ ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី។

នៅក្នុងគម្រោងនេះ អគារសិក្សាមួយខ្នងមាន ៥បន្ទប់បំពាក់ដោយគ្រឿងសង្ហារឹម និងបង្គន់អនាម័យ ៤បន្ទប់នឹងត្រូវបានសាងសង់ នៅសាលាបឋមសិក្សាក្រូច ក្នុងខេត្តរតនគិរី។ ដោយរំពឹងថាគ្រូ និងសិស្សច្រើនជាង ៣២០នាក់នឹងទទួលបានផលប្រយោជន៍ តាមរយៈការកែលម្អបរិយាកាសសិក្សា។

ទី៣៖ គម្រោងសាងសង់អគារសិក្សា នៅសាលាបឋមសិក្សាបុកទឹក ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នូវថវិកា ចំនួន ៩៨,១០០ដុល្លារ អង្គភាពទទួលជំនួយ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តក្រចេះ។

នៅក្នុងគម្រោងនេះ អគារសិក្សាមួយខ្នងមាន ៥បន្ទប់បំពាក់ដោយគ្រឿងសង្ហារឹម និងបង្គន់អនាម័យ ៤បន្ទប់នឹងត្រូវបានសាងសង់ នៅសាលាបឋមសិក្សាបុកទឹក ក្នុងខេត្តក្រចេះ។ ដោយរំពឹងថាគ្រូ និងសិស្សច្រើនជាង ៣២០នាក់ នឹងទទួលបានផលប្រយោជន៍ តាមរយៈការកែលម្អបរិយាកាសសិក្សា។

និងទី៤៖ គម្រោងសាងសង់អគារសិក្សា នៅសាលាបឋមសិក្សាមេម៉ង់ នូវថវិកាចំនួន ១០៦,០០០ដុល្លារ ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី។

នៅក្នុងគម្រោងនេះ អគារសិក្សាមួយខ្នងមាន ៥បន្ទប់បំពាក់ដោយគ្រឿងសង្ហារឹម និងបង្គន់អនាម័យ ២បន្ទប់នឹងត្រូវបានសាងសង់ នៅអនុវិទ្យាល័យមេម៉ង់ ខេត្តមណ្ឌលគិរី។ ដោយរំពឹងថាគ្រូ និងសិស្សច្រើនជាង ២០០នាក់ នឹងទទួលបានផលប្រយោជន៍ តាមរយៈការកែលម្អបរិយាកាសសិក្សា។

គួរជម្រាបថា ជំនួយឥតសំណង គូសាណូណិ របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា នៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងការអភិវឌ្ឍន៍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ គម្រោងជំនួយនេះ មានទិសដៅការពារជនងាយរងគ្រោះ ពីកត្តាធម្មមួយចំនួនដូចជា៖ ភាពក្រីក្រ និងភាពអកុសល ដែលអាចគំរាមកំហែងដោយផ្ទាល់ដោល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូររបស់ពួកគាត់ ក៏ដូចជាជួយជំរុញនូវភាពជាម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។

ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៦០លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណិ ចំនួន៦២៤គម្រោង នៅទូទាំងប្រទេសកម្ពុជា៕