(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គបញ្ជាការដ្ឋាន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំស្ដីពីការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺ កូវីដ-១៩ (Covid-19) ដល់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័ន ចំណុះអគ្គបញ្ជាការទាំងអស់។

សេចក្ដីណែនាំ របស់នាយឧត្ដមសេនីយ៍ វង្ស ពិសេន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ រួមមាន៖

១៖ គ្រប់កងឯកភាពត្រូវអប់រំ ដល់យោធិនក្រោមឱវាទ ក្រុមគ្រួសារ និងប្រជាជនឲ្យបានយល់ដឹង អំពីឥទ្ធិពលនៃជំងឺរាតត្បាតខូវីដ-១៩ និងដាក់ចេញវិធានការការពារ ទប់ស្កាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

២៖ ដើម្បីចូលរួមបង្ការ ការពារ ទប់ស្កាត់ គ្រប់អង្គភាពត្រូវកាត់បន្ថយការជួបជុំ ឬប្រជុំគ្នាចាប់ពីចំនួន៣០នាក់ឡើងទៅ លើកលែងក្នុងករណីចាំបាច់ ត្រូវរក្សាគំលាតពីមនុស្សម្នាក់ ទៅម្នាក់ចម្ងាយ ១.៥ ម៉ែត្រ ទៅ២ម៉ែត្រយ៉ាងតិច។

៣៖ ពង្រឹងស្មារតី ដល់យោធិនជំនាញគ្រប់ថ្នាក់ឲ្យរឹងមាំ ម្ចាស់ការ ត្រៀមខ្លួនជាស្រេច ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺខូវីដ-១៩ តាមបទបញ្ជារាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ។

៤៖ ចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល កុំឲ្យមានជំងឺភ័យខ្លាចហួសហេតុ ជំងឺរើសអើង រក្សាអនាម័យល្អ រស់នៅស្អាត ផឹកស្អាត និងហូបស្អាត។

៥៖ ច្រកចេញចូលបន្ទាយស្នាក់នៅ កន្លែងធ្វើការ កន្លែងហូបចុក សាលា វិទ្យាស្ថានហ្វឹកហ្វឺន ត្រូវមានការត្រួតពិនិត្យសុខភាព និងលាងសំអាតដៃគ្រប់ពេល។

៦៖ កងឯកភាព សាលា និងវិទ្យាស្ថានហ្វឹកហ្វឺននានា មិនត្រូវអនុញ្ញាតឲ្យសិក្ខាកាមចេញក្រៅ បរិវេណសាលា និងកងឯកភាពជាបណ្តោះអាសន្ន លើកលែងតែមានករណី ពិសេសណាមួយ ហើយពេល ចូលមកវិញត្រូវមានការត្រួតពិនិត្យ។

៧៖ ត្រូវចូលរួមទប់ស្កាត់ រាល់ការបំភិតបំភ័យគ្រប់រូបភាព តាមរយៈការបំផុសព័ត៌មានតាមបណ្តាញសង្គម និងប្រភពផ្សេងៗ ដែលបំភ្លើសការពិត ធ្វើឲ្យជះឥទ្ធិពល ដល់សង្គម និងសតិអារម្មណ៍ក្នុងជួរកងទ័ព។

៨៖ ក្នុងករណីពិនិត្យឃើញ មានយោធិនកើតរោគសញ្ញា សង្ស័យពាក់ព័ន្ធជំងឺ ខូវីដ-១៩ ត្រូវបញ្ជូនយោធិននោះ ទៅកាន់មន្ទីរពេទ្យ ឬទំនាក់ទំនងលេខទូរស័ព្ទ ១១៥ ដើម្បីពិនិត្យ និងព្យាបាលជាបន្ទាន់។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ទទួលបាននូវសេចក្តីណែនាំនេះ មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះអគ្គបញ្ជាការទាំងអស់ ត្រូវអនុវត្ត ក្នុងស្មារតីទទួលខុសត្រូវ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់អគ្គបញ្ជាការដ្ឋាន ដែលមានខ្លឹមសារទាំងស្រុង៖