(ស្ទឹងត្រែង)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ស្តាប់ការ ណែនាំរបស់យោធាចារ្យ ពេលហ្វឹកហាត់លើទីលាន ដើម្បីរក្សាសុវត្ថិភាពជាចម្បង ហើយតស៊ូព្យាយាមប្តេជ្ញាចិត្តរៀនសូត្រឱ្យបានល្អ ទាំងការខិតខំខ្លួនឯង និងជួយសហការគ្នា ដើម្បីឈានទៅបញ្ចប់វគ្គទាំងអស់គ្នា។

ការផ្តាំផ្ញើបែបនេះរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយពលទាហានថ្មី ដែលទើបត្រូវបានជ្រើសរើសបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក ឆ្នាំ២០២០ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅសាលាពលទាហានទី១ យោធភូមិភាគទី១ និងនៅសាលាពលទាហានទី៤ យោធភូមិភាគទី៤ នៅស្ទឹងត្រែង-សៀមរាប នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា វគ្គហ្វឹកហ្វឺនមានរយៈពេលវែង ឬខ្លី មិនមែនជាបញ្ហាចម្បងនោះឡើយ អ្វីដែលសំខាន់ គឺខ្លួនយើងត្រូវយកចិត្តទុកដាក់រៀនសូត្រឱ្យបានម៉ឺងម៉ាត់។ ទន្ទឹមនឹងនេះ ក៏ត្រូវយកឱកាសកសាងមិត្ត និងបង្កើតអនុស្សាវរីយ៍រួមជំនាន់ឱ្យបានច្រើន ហើយបន្តរក្សាប្រពៃណីចំណងសាមគ្គីភាពឱ្យបានស្ថិតស្ថេរក្រោយពេលបញ្ចប់វគ្គ ព្រោះយើងជាកងទ័ពតែមួយ មានភារកិច្ចតែមួយ គឺការរួបរួមសហការថែរក្សាសុខសន្តិភាព, សន្តិសុខ និងបូរណភាពទឹកដី។

ក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏សូមអបអរសាទរចំពោះពលទាហានថ្មី ដែលត្រូវបានជ្រើសរើសឱ្យចូលបម្រើ កងយោធពលខេមរភូមិន្ទ និងកំពុងឆ្លងវគ្គហ្វឹកហ្វឺននៅក្នុងសាលា ពលទាហានទី១ យោធភូមិភាគទី១ និងសាលាពលទាហានទី៤ យោធភូមិភាគទី៤។ ការហ្វឹកហ្វឺនរយៈពេល ០៣ ខែនេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះនឹងបម្រើឱ្យអនាគត នៃការបំពេញការងារ ក្នុងរយៈពេលយូរអង្វែងតទៅមុខទៀត។ នេះគឺជាឱកាសនៃអាជីពមួយ ដែលទទួលបានដោយលំបាក ពីព្រោះការជ្រើសរើសនេះ ត្រូវបានធ្វើឡើងដោយសំរិតសម្រាំងហ្មត់ចត់ ក្នុងចំណោម បេក្ខជនរាប់ពាន់នាក់ តាមរយៈការត្រួតពិនិត្យវាយតម្លៃច្បាស់លាស់ របស់គណៈកម្មការ។ ដូច្នេះ ត្រូវតស៊ូអំណត់ព្យាយាមកុំបោះបង់, មានស្មារតីម្ចាស់ការ, សាមគ្គីគ្នា, គោរពវិន័យ និងខិតខំយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ ដើម្បីនៅក្រោយពេលបញ្ចប់វគ្គ អាចប្រែក្លាយខ្លួនជាយោធិនម្នាក់ពេញលក្ខណៈ ប្រកបដោយសមត្ថភាព ជាមោទនភាពសម្រាប់ក្រុមគ្រួសារ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងដំណាក់កាលនៃសុខសន្តិភាព ស្ថិរភាពដូចសព្វថ្ងៃ ពលទាហានថ្មីទាំងអស់ ដែលបានសម្រេចចិត្តចូលបម្រើកងទ័ព ហើយកំពុងឆ្លងវគ្គហ្វឹកហ្វឺននេះ ទោះបីមកពីប្រភពណាក៏ដោយ គឺយើងទាំងអស់គ្នាស្ថិត នៅក្នុងជួរកងយោធពលខេមរភូមិន្ទតែមួយ មានច្បាប់វិន័យតែមួយ ដែលបង្កលក្ខណៈគ្រប់បែបយ៉ាង ឱ្យយោធិនយើងមានឱកាសពង្រឹងខ្លួនឯង ពង្រឹងកងទ័ពយើង ដូច្នេះត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ស្រូបយកចំណេះដឹង និងជំនាញយោធា ផ្តល់ដោយវគ្គហ្វឹកហ្វឺននេះ ដើម្បីធានាបាននូវ មូលដ្ឋាននៃការបំពេញភារកិច្ចក្នុងនាមជាកងទ័ព ដូចជា៖

*ទី១៖ គឺការយល់ដឹងអំពីជីវិតកងទ័ព, របៀបរបបការងារកងទ័ព ដែលមិនត្រឹមតែជាការពាក់ឯកសណ្ឋានប៉ុណ្ណោះទេ ប៉ុន្តែគឺជាការលះបង់ភាពជាបុគ្គល, រួមគ្នាធ្វើការងារជាក្រុម, សហការគ្នា, ជួយយកអាសារគ្នា, រស់នៅដោយមានវិន័យរួម, និងមានការកំណត់ពេលវេលាត្រឹមត្រូវ។

*ទី២៖ គឺការទទួលខុសត្រូវខ្ពស់ ទាំងលក្ខណៈរួម និងលក្ខណៈបុគ្គល ដោយផ្តើមចេញពីការយល់ដឹងអំពីតួនាទីភារកិច្ចជាយោធិន, វិន័យសណ្តាប់ធ្នាប់ជួរទ័ព និងការអនុវត្តតាមច្បាប់, ក្រឹត្រក្រម និងបទបញ្ជាដ៏ម៉ឺងម៉ាត់ ដើម្បីលត់ដំខ្លួនឱ្យមានភាពម្ចាស់ការ និងការអនុវត្តឯកភាពគ្នាពីថ្នាក់លើដល់ថ្នាក់ក្រោម;

*ទី៣៖ គឺការទទួលបាននូវចំណេះដឹងយោធា, ឋានលេខា, លំហាត់របៀប, និងយុទ្ធវិធីផ្សេងៗ រួមទាំងការលត់ដំកាយសម្បទា និងអារម្មណ៍ស្មារតីឱ្យរឹងមាំ តាមរយៈការខិតខំជំរុញខ្លួនឯង និងការជំរុញពីយោធាចារ្យ។

មេបញ្ជាការកងទ័ពជើងគោកកម្ពុជារូបនេះ ក៏សូមអរគុណចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួងការពារជាតិ, ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងថ្នាក់ដឹកនាំកងទ័ពជើងគោក លើការធានាការផ្គត់ផ្គង់បម្រើឱ្យវគ្គហ្វឹកហ្វឺននេះ និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំយោធភូមិភាគទី១, គណៈគ្រប់គ្រងសាលាពលទាហានទី១, ថ្នាក់ដឹកនាំយោធភូមិភាគទី៤, គណៈគ្រប់គ្រងសាលាពលទាហានទី៤, ក្រុមយោធាចារ្យ និងគ្រប់ស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងដឹកនាំ, គ្រប់គ្រង, សម្របសម្រួល និងអនុវត្តរៀបចំដំណើរការនៃវគ្គហ្វឹកហ្វឺននេះបានយ៉ាងល្អ រហូតមកដល់ពេលនេះ៕