(ភ្នំពេញ)៖ បុរសសន្តិសុខឯកជនម្នាក់បានស្លាប់ ក្រោយជនដៃដល់មិនស្គាល់អត្តសញ្ញាណ បានមកចាក់នៅមុខធនាគារ PPC BANK ជាកន្លែងជនរងគ្រោះធ្វើការ ហើយរត់គេចខ្លួនបាត់ កាលវេលាម៉ោង ៦ព្រឹក ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។

ជនរងគ្រោះ ឈ្មោះ ប៊ុន សុខចំរើន អាយុ៤៥ឆ្នាំ មុខរបរជាសន្តិសុខឯកជន ដែលទើបមកធ្វើការបានប្រហែល ១ខែ មានស្រុកកំណើតនៅខេត្តបាត់ដំបង ហើយមានប្រពន្ធឈ្មោះ ផន វន រស់នៅខេត្តកំពង់ស្ពឺ។

កូនប្រុសជនរងគ្រោះឈ្មោះ ប៊ុន ចាន់រ៉ាត់ អាយុ១៦ឆ្នាំ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ដោយមិនដឹងថា ឪពុករបស់ខ្លួន មានគំនុំ ឬទំនាស់ជាមួយអ្នកណានោះទេ រហូតយកកូនកាំបិត ចិតបន្លែចាក់ចំពោះជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌បែបនេះ។ កូនប្រុសជនរងគ្រោះ សូមអំពាវនាវឲ្យកម្លាំងនគរបាលធ្វើការស្រាជ្រាវចាប់ជនដៃដល់ យកមកចាត់ការតាម ច្បាប់ផង។

ករណីនេះ សមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ជាករណីជម្លោះបង្ករបួសស្នាម ឬហិង្សាគំនុំគំគួននៅឡើយទេ។ ភ្លាមៗគេឃើញលោក សុង លី ស្នងការរងរាជធានីភ្នំពេញ និងលោកអធិការខណ្ឌបឹងកេងកង ចុះដល់កន្លែងកើតហេតុ ដើម្បីកំណត់មុខសញ្ញាជនដៃដល់ ហើយសពបានយករថយន្តដឹកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីធ្វើកោសល្យបន្ថែម៕