(ភ្នំពេញ)៖ លោក តាំង ស៊ុនឡាយ ប្រធានតុលាការក្រុងភ្នំពេញ បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦នេះ ឲ្យដឹងថា លោកពុំទាន់ទទួលបានព័ត៌មាន អំពីការចង់សួរចម្លើយតាមរយៈអ៉ិនធើណែតជាផ្លូវការណាមួយពី លោក សម រង្ស៊ី នោះទេ ប៉ុន្តែបើទោះបីយ៉ាងណាក៏ដោយ តាមនីតិវិធីគឺពុំអនុញ្ញាតឲ្យមានការសួរចម្លើយតាមប្រព័ន្ធអ៉ិនធើណែតនោះទេ ត្រូវមកបង្ហាញខ្លួននៅក្នុងសវនាកា សាលាដំបូងរាជធានីភ្នំពេញ​។

ការថ្លែងរបស់ប្រធានសាលាដំបូងរាជធានីភ្នំពេញនាពេលនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរបង្ហាញ នៅលើ Facebook​ ផ្ទាល់ខ្លួនរបស់លោក នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦នេះថា លោក យល់ព្រមឆ្លើយសំណួររបស់តុលាការ នៅថ្ងៃទី៤ មករា ខាងមុខនេះ តែត្រូវធ្វើតាមប្រព័ន្ធ Skype។

គួររំលឹកឲ្យដឹងថា កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៥ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះ​ហៅ​លោក សម រង្ស៊ី ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​តាម​បណ្ដឹង​របស់សម្តេច ហេង សំរិន ពី​រឿង​ដែល​លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ Facebook កាល​ពី​ពេល​ថ្មីៗ​នេះ​ថា របប​ដឹកនាំ​របស់​សម្តេចហេង សំរិន ធ្លាប់​បាន​កាត់​ទោស​ប្រហារ​ជីវិត​អតីត​​​​​​​ព្រះមហាក្សត្រ​ខ្មែរ សម្ដេច​ព្រះ នរោត្តម សីហនុ ពី​បទ​ក្បត់​ជាតិ។ ប៉ុន្តែ​លោក សម រង្ស៊ី មិន​បាន​ចូល​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​ពេល​នោះ​ឡើយ៕