(បន្ទាយមានជ័យ)៖ ជនដៃដល់ ៥នាក់ ត្រូវកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស ដោយកាប់យុវជនម្នាក់បណ្ដាលឲ្យដាច់ដៃម្ខាង ពេលកំពុងជិះម៉ូតូតាមផ្លូវ។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្សារហ៊ុយឡេង ស្ថិតក្នុងភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះថា ជនដៃដល់ពាក់ព័ន្ធក្នុងករណីនេះ ចំនួន៥នាក់ ក្នុងចំណោម៧នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅថ្ងៃទី១៧ ខែមីនាម្សិលមិញ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានករណីនេះ គឺផ្ដើមចេញពីរឿងស្រលាញ់នារីជាន់គ្នា នៅហាងមីហិរ។ លោកបានបន្ថែមថា ការពិតទៅក្រុមជនដៃដល់ មានទំនាស់ជាមួយបងរបស់ជនរងគ្រោះ ប៉ុន្ដែនៅថ្ងៃកើតហេតុដោយម៉ូតូរបស់ជនរងគ្រោះខូច ហើយបងប្រុសមកជួយអូស ដោយបងជិះម៉ូតូប្អូន ហើយប្អូនជិះម៉ូតូបង។

លុះពេលជិះតាមផ្លូវស្រាប់តែជនសង្ស័យមកកាប់ចំប្អូន បណ្ដាលឲ្យដាច់ដៃតែម្ដង។ ជនរងគ្រោះឈ្មោះ ដេត វណ្ណលីដា អាយុ១៥ឆ្នាំ រស់នៅភូមិបោះឡោក ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោយកើតហេតុភ្លាមៗ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជប៉ុន ស្រុកមង្គលបូរី។

បច្ចុប្បន្នជនដៃដល់ទាំង៥នាក់នេះ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕