(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា មនុស្សដែលមានជំងឺប្រចាំកាយ ងាយនឹងរងគ្រោះដោយជំងឺកូវីដ១៩​ ជាងមនុស្សមានសុខភាពរឹងមាំ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពវីរ៉ុសកូវីដ១៩ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ លោកស្រី បានឲ្យដឹងបន្ថែមថា អ្នកដែលកើតកូវីដ១៩ ហើយប្រឈមនឹងការវិវឌ្ឍទៅរកស្ថានភាពធ្ងន់ធ្ងរ គឺជាបុគ្គលដែលមានជំងឺមិនឆ្លងមួយចំនួន ដូចជា អ្នកពិសារបារីច្រើន, អ្នកលើសឈាម, អ្នកមានជំងឺមហារីក និងជាពិសេសអ្នកដែលមានបញ្ហាទាក់ទងនឹងសួត។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលជាចំណុចដែលយើងគួរតែមានការយល់ដឹងទាំងអស់គ្នានោះ ខ្ញុំបានលើកឡើងជាច្រើនលើកច្រើនសារហើយ គឺវីរ៉ុសនេះមានសភាពប្រហាក់ប្រហែលទៅនឹងផ្តាសាយ។ ហើយករណីដែលគេសង្កេតឃើញ នៅសាធារណរដ្ឋប្រជាមានិតចិនក្តី នៅប្រទេសណាក៏ដោយ លើកលែងតែប្រទេសដែលមានអាកាសធាតុត្រជាក់ខ្លាំង អ្នកដែលចម្លងវីរ៉ុសកូវីដ១៩ គឺមានស្ថានភាពស្រាលៗ គឺហៅថា Mild Case (ម៉ាល់ខេស) គឺជាករណីដែលមានសភាពមិនធ្ងន់ធ្ងរទេ»

លោកស្រីបន្តថា «អ្វីដែលធ្វើឲ្យបុគ្គលដែលមានវីរ៉ុសកូវីដ១៩ វីវត្តន៍ទៅរកសភាពធ្ងន់ធ្ងរនោះ គឺដោយសារគាត់មានអាការៈរបស់គាត់ មានរោគរបស់គាត់ប្រចាំកាយ មានជំងឺរបស់គាត់ស្រាប់ ជាពិសេសគឺជំងឺមិនឆ្លង ដូចជាអ្នកពិសារបារីច្រើន ដែលធ្វើឲ្យមុខងារនៃសួតរបស់គាត់មានការថយចុះជាបណ្តើរៗ។ អ្នកដែលគាត់មានបញ្ហាសួតស្រាប់ មានអ្នកខ្លះមានជំងឺរបេង អ្នកខ្លះមានជំងឺរលាកសួតស្រាល ហើយគេសង្កេតឃើញលើអ្នកឡើងឈាម អ្នកទឹកនោមផ្អែម អ្នកកើតមហារីក និងអ្នកកើតជំងឺផ្សេងៗទៀត»

បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាល គេតែងតែសង្កេតឃើញថា អ្នកមានជំងឺមិនឆ្លង ហើយកើតកូវីដ១៩ ធ្វើឲ្យអ្នកជំងឺនោះមានសភាពទ្រុឌទ្រោម ដោយសារវីរ៉ុសកូវីដ១៩ ទៅចាប់ដៃនឹងស្ថានភាពរោគរបស់គាត់។ លោកស្រីថ្លែងថា កូវីដ១៩ រីករាយនឹងចាប់ដៃ ជាមួយនឹងមេរោគ ដែលមានស្រាប់នៅក្នុងខ្លួនរបស់អ្នកជំងឺ ហើយធ្វើការវាយលុកដោយសេរី។

លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងផងដែរថា សម្រាប់អ្នកដែលមានសុខភាពមាំទាំ ស្ថានភាពនៃវីរ៉ុសកូវីដ១៩នេះ គឺមិនធ្ងន់ធ្ងរទេ។ លោកស្រី លើកឧទាហរណ៍ថា ជនជាតិចិន ដែលនៅខេត្តព្រះសីហនុ គឺជាម៉ាល់ខេស ដែលគាត់ឆ្លងដែរ តែគាត់អត់មានរោគអ្វី ហើយគាត់ក៏អត់មានពិសារបារី ធ្វើឲ្យសុខភាពគាត់មាំទាំ។ ដោយឡែក ជនជាតិខ្មែររបស់យើង អាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប ដែលកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ក៏ដូចគ្នាដែរ គាត់អត់មានបញ្ហាសុខភាពគាត់ធ្ងន់ធ្ងរនោះទេ។

លោកស្រីឆ្លៀតបង្ហើបថា ជនជាតិខ្មែរអាយុ៣៨ឆ្នាំនោះ បច្ចុប្បន្ននេះមានសុខភាពធម្មតា ហើយការដែលត្រួតពិនិត្យសុខភាពរបស់គាត់ ឃើញថាចំនួនវីរ៉ុស ដែលមាននៅក្នុងខ្លួនគាត់ បានថយចុះជាបណ្តើរៗហើយ។ អញ្ចឹងយើងសង្ឈឹមថា គាត់នឹងវិវត្តន៍ទៅរកភាពល្អប្រសើរ ហើយគាត់នឹងភាពជាសះស្បើយ នៅក្នុងពេលឆាប់ៗខាងមុខ។

សូមជម្រាបថា គិតត្រឹមរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា សរុបចំនួន ៣៥នាក់នោះរួមមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
ទី១១៖ បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
ទី១២៖ បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ
ទី១៣៖ បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៥, ទី១៦៖ បុរសខ្មែរឥស្លាម ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា
ទី១៧, ១៨, ១៩, ២០៖ បុរសជនជាតិខ្មែរ (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង
ទី២១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប
ទី២២៖ បុរសជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក
ទី២៣៖ បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង
ទី២៤៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង
ទី២៥៖ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប
ទី២៦ និង២៧៖ បុរសជនជាតិខ្មែរ ២នាក់នៅរាជធានីភ្នំពេញ
ទី២៨៖ បុរសជនជាតិខ្មែរ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំ
ទី២៩, ៣០ និង៣១៖ ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែប
ទី៣២៖ បុរសជនជាតិខ្មែរ នៅខេត្តកោះកុង
ទី៣៣៖ បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។
ទី៣៤៖ ជនជាតិម៉ាឡេស៊ី
ទី៣៥៖ ជនជាតិម៉ាឡេស៊ី៕