(កណ្ដាល)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល បានបើកប្រតិបត្តិការចាប់ខ្លួនបុរសម្នាក់ ដែលធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃទៅលើសង្សារបស់ខ្លួន ដោយគ្មានត្រាប្រណីរហូតកាត់ ម្រាមដៃមួយ។ ហេតុការណ៍នេះ បានកើតឡើងតាំងពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

របាយការណ៍របស់កងរាជអាវុធហត្ថខេត្តកណ្ដាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា តាមការស្រាវជ្រាវយ៉ាងយក ចិត្តទុកដាក់ ជនសង្ស័យដែលជាសង្សាត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់មួយ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្សយ័ឈ្មោះ ពឿន អាយុ៣៦ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានយកកាំបិត (កញ្ចែត) កាប់ទៅលើជនរងគ្រោះជា អតីតសង្សារឈ្មោះ ស្រីល័ក្ខ អាយុ២៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ បណ្តាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ គឺដាច់ម្រាមនាងដៃខាងស្តាំចំនួនមួយ និងមេដៃ ចង្អុលដៃ ចង្អុលដៃកណ្តាល (ដាច់ឆ្អឹងសល់តែស្បែក) កំភួនដៃស្តាំដាច់ដល់ឆ្អឹង និងស្លាបប្រជៀវស្តាំ។

ក្រោយពេលកើតហេតុលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំបញ្ជាដោយផ្ទាល់ឲ្យជំនាញថ្នាក់ខេត្ត និងស្រុក សហការចុះដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងស្រាវជ្រាវតាមជំនាញ ស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

តាមរយៈការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទាំងថ្ងៃយប់ មិនខ្លាចនឿយហត់ប្រកបដោយបទពិសោធន៍ឆន្ទៈ ក្រោមការចុះដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ទូច អ៉ីណាន និងការយកចិត្តទុកដាក់របស់ជំនាញ កងរាជអាវុធហត្ថខេត្កកណ្តាល ពិសេសដោយបានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងជំនាញចុះប្រតិបត្តិការឃាត់ជនសង្ស័យឈ្មោះ ពឿន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។

នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ជនសង្ស័យបានឆ្លើយសារភាពថា រូបគេ និងជនរងគ្រោះ គឺជាអតីតសង្សារធ្លាប់រស់នៅជាមួយគ្នា ដោយខ្លួនមានការប្រចណ្ឌជនរងគ្រោះពេក (ពួកគេបានរស់នៅបែកគ្នាមួយរយៈ) នៅថ្ងៃកើតហេតុដោយខ្លួន ចង់រស់នៅជាមួយជនរងគ្រោះជាអតីតសង្សារវិញ ក៏បានមកផ្ទះជនរងគ្រោះហើយស្រែកហៅឲ្យបើកទ្វារ តែជនរងគ្រោះមិនបើកទ្វារឲ្យឡើយ រូបគេយកកាំបិតដែលដាក់តាមខ្លួនកាប់ទ្វារផ្ទះធ្លុះបីកន្លែង។

ពេលនោះជនរងគ្រោះ រត់តាមទ្វារក្រោយចេញពីក្នុងផ្ទះរអិលជើងដួល រូបគេក៏ចាប់ជនរងគ្រោះបាន រួចចាប់អៀវដើរតាមផ្លូវបានឆ្ងាយបន្តិច បានជួបក្មេងក្នុងភូមិជិះម៉ូតូកាត់មុខ ពេលនោះរូបគេឲ្យម្ចាស់ម៉ូតូឌុបពួកគេទៅផ្ទះ (ជនសង្ស័យ) ដោយជនរងគ្រោះអង្គុយកណ្តាល។ នៅតាមផ្លូវជនរងគ្រោះ ចេះតែរើបម្រាស់ និងប្រកែកមិនព្រមទៅ ខ្លួនបានគំរាមទៅអតីតសង្សារថា «អញអារកសម្លាប់ចោលឪឡូវហើយបើមិនស្តាប់អញ! រួចឲ្យក្មេងឈប់ម៉ូតូ ពួកគេចុះដើរ។

ដើរបានបន្តិចក៏ជួបកម្លាំងសមត្ថកិច្ច គេក៏ខឹងនឹងសង្សាយ៉ាងខ្លាំងដោយគិតថា អតីតសង្សារខ្លួនហៅសមត្ថកិច្ចមកចាប់ ភ្លាមនោះគេចាប់គ្រៀកជនរងគ្រោះដៃម្ខាង ដៃម្ខាងទៀតយកកាំបិតអារក អតីតសង្សារ តែជនរងគ្រោះយកដៃស្តាំចាប់កាន់ផ្លែកាំបិត ទើបបណ្តាលឲ្យរងរបួសអស់ម្រាមដៃបួនភ្លាមៗ នោះជនរងគ្រោះ ប្រាសខ្លួនរត់គេច តែដួលពេលនោះរូបគេកាប់ជនរងគ្រោះ ជាច្រើនកាំបិតទៀត រួចក៏រត់គេចខ្លួនទៅសង្ងំលាក់ខ្លួននៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ អស់មួយរយៈរហូតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នៅពេលដែលខ្លួនដើរចេញ ពីផ្ទះសំណាក់នៅក្រុងតាខ្មៅ ទើបត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនតែម្តង។

ដោយឡែកជនរងគ្រោះវិញ ដោយមានភាពអាណិតអាសូរ ខ្វះខាតខ្លាំងមិនមានលទ្ធភាពប្រាក់កាស់ព្យាបាលជំងឺ គ្មានទីពឹង (ម្តាយស្រវឹងខួប) លោកឧត្តមសេនីយ៍ត្រី សំ តុលា បានយកចិត្តទុកដាក់ដោយ ឲ្យគ្រូពេទ្យអាវុធហត្ថជួយពិនិត្យព្យាបាល លាងរបួស និងជូនថ្នាំពេទ្យសម្រាប់ព្យាបាលបន្ត ព្រមទាំងជួយឧបត្ថម្ភថវិកា និងសម្ភារមួយចំនួនទៀតផង ក្នុងនោះក៏មានអាជ្ញាធរមូលដ្ឋាន គាត់ចូលរួមជួយឧបត្ថម្ភជាថវិកា និងសម្ភារ ដល់ជនរងគ្រោះមួយចំនួនទៀតផង៕