(កំពង់ចាម)៖ លោកស្រី ផាន់នី ប្រជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិទួល ឃុំបាធាយ ខេត្តកំពង់ចាម បានពង្រីកតូបលក់ដូររបស់គាត់ ដោយសារបណ្ដាញចែកចាយអគ្គិសនីពេលនេះ បានទៅដល់ក្នុងភូមិគាត់ហើយ។

លោកស្រីពន្យល់ថា គាត់មិនត្រឹមតែផ្ដល់សេវាបានប្រសើរជាងមុននោះទេ ប៉ុន្តែចំណាយលើប្រតិបត្តិការក៏អស់តិចជាងមុនដែរ ហើយសំខាន់ជាងនេះទៀតនោះ គឺវាធ្វើឱ្យជីវិតគាត់ងាយស្រួលជាងមុន។

កាលពីមុន គ្រួសារគាត់ប្រើអាគុយ ដើម្បីតអំពូលចំនួន៣ និងកង្ហា១គត់ ហើយគាត់បើកភ្លើងតែក្នុងពេលណាមួយប៉ុណ្ណោះ។ គាត់ត្រូវចំណាយ២ម៉ឺនរៀល ដើម្បីសាកអាគុយឱ្យប្រើបានមួយសប្ដាហ៍ ហើយពួកគាត់ត្រូវការសំខាន់បំផុត គឺអាគុយ។ ពេលនេះ ពួកគាត់មានភ្លើងប្រើប្រាស់ពេញមួយឆ្នាំ ដោយឥតកំណត់។ អ្នកប្រើប្រាស់បង់តែ១០សេនដុល្លារប៉ុណ្ណោះ ក្នុង១គីឡូវ៉ាត់ បើប្រើតិចជាង១០គីឡូវ៉ាត់ក្នុងមួយខែ ឬក៏បង់១១.៥សេនដុល្លារក្នុង១គីឡូវ៉ាត់ បើប្រើចន្លោះពី១០គីឡូវ៉ាត់ ដល់២០០គីឡូវ៉ាត់ក្នុងមួយខែ។

លោកស្រី ផាន់នី ពន្យល់ពីសារៈសំខាន់នៃអគ្គិសនីសម្រាប់ការរកស៉ីរបស់គាត់ថា ហាងរបស់គាត់ត្រូវប្រើទូទឹកក ២ ទៅ៣គ្រឿង ដើម្បីទុកភេសជ្ជៈ និងទឹកកក។ គាត់បន្ថែមថា ទោះបីគាត់ចំណាយច្រើនជាងគេបន្តិច បើគាត់ប្រើភ្លើងច្រើន ប៉ុន្តែនៅតែគ្រាន់បើដោយសារអគ្គិសនី ធ្វើឱ្យគាត់អាចពង្រីកអាជីវកម្មរបស់គាត់បាន។ បន្ថែមពីលើនេះទៀត ប្រជាពលរដ្ឋដែលទទួលបានអគ្គិសនី និងទឹកស្អាតប្រើមានអារម្មណ៍ថា ជីវិតពួកគាត់មានភាពរីករាយ និងស្រស់ថ្លាជាងមុន។

លោកស្រីបន្ថែមថា «ភ្លើងចេញពីបណ្ដាញចែកចាយធ្វើឱ្យអ្វីៗក្នុងជីវិតរបស់យើងមានផាសុកភាពជាងមុន។ យើងអាចប្រើទូទឹកកក កង្ហា និងអំពូលភ្លើង ឬមើលទូរទស្សន៍។ ពេលយប់ កូនស្រីតូចៗទាំងពីររបស់ខ្ញុំ មានភ្លើងបំភ្លឺសម្រាប់រៀនសូត្រ មិនដូចកាលពីប៉ុន្មានឆ្នាំមុនទេ ដែលយើងពឹងតែទៅលើភ្លើងអាគុយ»

ប្រជាពលរដ្ឋដែលគ្មានទឹកស្អាត និងអគ្គិសនីគ្មានឱកាសទទួលបានការអភិវឌ្ឍទេ។ សហភាពអឺរ៉ុបដោះស្រាយបញ្ហាប្រឈមនេះ តាមរយៈការគាំទ្រដល់គម្រូភាពជាដៃគូ វិស័យរដ្ឋ-ឯកជនតែមួយគត់ ដែលជួយឱ្យវិស័យធនាគារផ្ដល់កម្ចីជូ នក្រុមហ៊ុនថាមពលជនបទ និងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតខ្នាតតូច នៅកម្ពុជា ដោយជួយក្រុមហ៊ុនទាំងនោះឱ្យពង្រីកសមត្ថភាពផ្ដល់ទឹកស្អាត និងអគ្គិសនីជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែច្រើនគ្រួសារ។

លោក ក្លេម៉ង់ បិគ័រ អ្នកគ្រប់គ្រងគម្រោង នៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានឲ្យដឹងថា ប្រាក់កម្ចី១០លានដុល្លារ ត្រូវបានផ្ដល់ជូនក្រុមបហ៊ុនចែកចាយទឹក និងអគ្គិសនីតាមមូលដ្ឋានដើម្បីពង្រីក ឬបង្កើនសមត្ថភាពបណ្ដាញ និងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់របស់ពួកគេ នាំឱ្យប្រជាពលរដ្ឋ៥ម៉ឺនគ្រួសារ ឬ២០ម៉ឺននាក់ទទួលបានទឹកស្អាន និងអគ្គិសនីប្រើប្រាស់។ យើងពិតជារីករាយណាស់ ដែលអាចធ្វើឱ្យការរស់ នៅរបស់ប្រជាពលរដ្ឋតាមជនបទ មានភាពប្រសើរឡើងទៅតាមវិធីនេះ។

ដើម្បីបំពេញលក្ខខណ្ឌ ទទួលបានហិរញ្ញប្បទាន ក្រុមហ៊ុនចែកចាយទឹក និងអគ្គិសនីត្រូវឆ្លើយតបទៅនឹងស្តង់ដារ ព្រមទាំងក្រឹត្យក្រមចែងដោយក្រសួង និងដៃគូគម្រោង ដូចជាអគ្គិសនីកម្ពុជា ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងក្រុមហ៊ុន Gret-Artelia។ ដៃគូទាំងអស់កំណត់លក្ខណៈបច្ចេកទេស នៃបង្គោលភ្លើង និងការបំពាក់ខ្សែភ្លើង ទៅតាមកម្រិតវ៉ុល អាងស្តុកទឹក ហេដ្ឋារចនាសម្ព័ន្ធចែកចាយទឹក ប្រព្រឹត្តិកម្មទឹក ការធ្វើតេស្តគុណភាពទឹកជាហូរហែ ធ្វើរបាយការណ៍ និងកំណត់តម្លៃជាដើម។ល។ ការផ្គត់ផ្គង់អគ្គិសនី និងទឹកត្រូវបានកំណត់ ឱ្យមានលក្ខណៈទទួលយកបានទុកចិត្តបាន និងមាននិរន្តរភាពជាងប្រភពថាមពល (អាគុយឡាន) និងទឹក (អ្នកលក់ទឹកចល័ត) ដែលប្រជាពលរដ្ឋធ្លាប់ប្រើពីមុន។

«សេវាកម្មរបស់យើងខ្ញុំធ្វើឱ្យ ប្រជាពលរដ្ឋមានអារម្មណ៍ថា ស៉ីវីល័យជាងមុន យើងមិនចាំបាច់ច្រណែននឹងអ្នកទីក្រុងទេ... បើនិយាយពីតម្លៃវិញ អតិថិជនរបស់យើងបង់ថោកជាងអ្នក នៅទីក្រុងទៅទៀត»។ នេះជាការបញ្ជាក់របស់លោក ផាន់ វន សហគ្រិនផ្គត់ផ្គង់ទឹកនៅតាមជនបទ ដែលនាំយកបណ្ដាញចែកចាយទឹកស្អាត ជូនប្រជាពលរដ្ឋនៅតាមទីជនបទ ក្នុងខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា។

លោក ទី សុគុណ អ្នកចែកចាយអគ្គិសនី ដែលទទួលបានអាជ្ញាបណ្ណពី អគ្គិសនីកម្ពុជា នៅភូមិកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ដំណើរការទទួលបានកម្ចីពិតជាសាមញ្ញ ដោយសារតែមានជំនួយបច្ចេកទេស។ ក្នុងក្របខណ្ឌផ្ដល់ហិរញ្ញប្បទានដ៏ល្អឯកតែមួយនេះ លោកបានបង្កើនសមត្ថភាព បណ្ដាញចែកចាយអគ្គិសនី និងពង្រីកការគ្របដណ្ដប់ពី៤៧ភូមិ ដល់៥៦ភូមិ ទៅតាមការផ្ដល់អនុសាសន៍ ក្នុងផែនការរបស់រាជរដ្ឋាភិបាល និងអគ្គិសនីកម្ពុជា ដើម្បីឆ្លើយតបទៅតាមតម្រូវការនៃកំណើន។

លោក សុគុណ បានបន្ថែមថា ការពង្រីកតម្រូវឱ្យមានវិនិយោគរយៈពេលវែង ដោយចេញលុយហោប៉ៅខ្លួនឯង។ នៅក្នុងន័យនេះ ទំហំធំនៃកម្ចី អត្រាការប្រាក់ និងរយៈពេលកម្ចីពិតជាជួយបានច្រើន។ លោកថ្លែងថា បទពិសោធន៍របស់លោកជាមួយធនាគារផ្សេង ទំហំកម្ចីគឺផ្អែកទៅលើតម្លៃអចលនទ្រពតែប៉ុណ្ណោះ។ កាលពីមុន គឺពិតជាលំបាកណាស់ ជារឿងឈឺក្បាល នៅពេលដែលលោកនិយាយជាមួយក្រុមហ៊ុនផ្គត់ផ្គង់ដើម្បីទិញសម្ភារមកពង្រីក និងបង្កើនសមត្ថភាព ដោយបង់រំលស់។

ដោយសារគម្រោងបែបនេះ ប្រជាពលរដ្ឋជាង២ម៉ឺនគ្រួសារទទួលបានអគ្គិសនីប្រើប្រាស់ ហើយប្រជាពលរដ្ឋជាង៣ម៉ឹនគ្រួសារ រួមទាំងគ្រួសារប្រជាជនក្រីក្រ ត្រូវបានធានាឱ្យភ្ជាប់ទៅបណ្ដាញបំពង់ផ្គត់ផ្គង់ទឹកស្អាត ដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យ នៅតាមតំបន់ជនបទកម្ពុជា នោះគឺដោយសារមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុបដល់គម្រោងនេះ។ ការផ្ដួចផ្ដើមគំនិតនេះផ្ដល់ប្រយោជន៍ដល់គ្រប់ដៃគូទាំងអស់ ជាពិសេសអ្នកប្រើប្រាស់នៅតាមជនបទ។

អ្នកភូមិតាមជនបទពិតជារំភើប និងរីករាយយ៉ាងខ្លាំងដែលទទួលបានទឹកស្អាតប្រើប្រាស់តាមរ៉ូប៊ីនេ។ ពួកគាត់និយាយថា ពួកគាត់មានជីវិតរស់នៅបែបទំនើបដូចដូចអ្នកទីក្រុងដែរ ហើយតម្លៃក៏ថោកជាងតម្លៃទឹកដែលលក់ដោយអ្នករុញតាមរទេះ រឺម៉ក ឬទឹកដឹកជញ្ជូនដោយមធ្យោបាយផ្សេងទៀតយកទៅលក់ឱ្យអ្នកភូមិ។ នេះជាការកត់សម្គាល់ឃើញរបស់លោក ផាន់ វន នាយករងក្រុមហ៊ុនផ្គត់ផ្គង់ទឹករបស់លោក សាំង វុទ្ធី នៅឧត្ដុង្គ ខេត្តកំពង់ឆ្នាំង ដែលមានភូមិគ្របដណ្ដប់ដោយបណ្ដាញផ្គត់ផ្គង់ទឹកស្អាតកើនពី១២ភូមិ ដល់២៧ភូមិ៕

Text credit: អត្ថបទសម្រាប់ ចុះផ្សាយតាម អ៊ីនធឺណិត នេះត្រូវបានតាក់តែងឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប។ ខ្លឹមសារនៃអត្ថបទ គឺជាទំនួលខុសត្រូវរបស់ក្រុមហ៊ុន Particip GmbH តែមួយគត់ ហើយ មិនឆ្លុះបញ្ចាំងទស្សនៈរបស់សហភាពអឺរ៉ុបឡើយ។

Image credit: © 2019 Particip GmbH, Giuseppe Salerno. All rights reserved. Licensed to the European Union under conditions