(​ញ៉ូវ​ដេលី​)៖ មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាលឥណ្ឌា បាន​ថ្លែង​ប្រាប់ CNN នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​០២ ខែ​មករា ឆ្នាំ​២០១៦​នេះ​ថា ករណី​បាញ់ប្រហារ​សំណាក់​ក្រុម​ខ្មាន់កាំភ្លើង​នៅ​មូលដ្ឋាន​ទ័ពអាកាស​ឥណ្ឌា មាន​មនុស្ស ៧​នាក់​បាន​ស្លាប់ ក្នុងនោះ​មាន​ជន​ស៊ីវិល​ម្នាក់​។​

​បើតាម​សំដី​របស់​មន្ត្រី​ជាន់ខ្ពស់​បានឲ្យដឹងថា ក្រុម​ខ្មាន់កាំភ្លើង​បាន​បើក​ការវាយប្រហារ​ចូល​មូលដ្ឋាន​ទ័ពអាកាស Pathankot ស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​រដ្ឋ Punjab ជិត​ព្រំដែន​ឥណ្ឌា ដែល​បណ្ដាលឲ្យ​មនុស្ស ៧​នាក់​ស្លាប់ ក្នុងនោះ​មាន​ខ្មាន់កាំភ្លើង ៤​នាក់​, កម្លាំងយោធា ២​នាក់ និង​ជន​ស៊ីវិល​ម្នាក់​។​

​លោក Dhananjay Mohanty អ្នកនាំពាក្យ​របស់​ក្រសួង​ការពារជាតិ​ឥណ្ឌា បាន​ថ្លែងឲ្យដឹងថា កងកម្លាំង​របស់​ឥណ្ឌា ស្ទាក់​ចាប់បាន​ក្រុម​ខ្មាន់កាំភ្លើង នៅ​មុន​ពេល​ពួកគេ​បើក​ការវាយប្រហារ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ព្រមទាំង​គ្រង់​គ្រង​ស្ថាន​ការ​បាន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា គិត​មកដល់ពេលនេះ នៅ​មិនទាន់មាន​ក្រុម​ណាមួយ​ចេញមុខ​ទទួលស្គាល់ថា ជា​ទង្វើ​របស់​ខ្លួន​ឡើយ​៕​