(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគាំទ្រយ៉ាងខ្លាំងចំពោះសម្ពន្ធឧស្សាហកម្មរបស់វៀតណាម ដែលមានចម្ការកៅស៊ូរាប់ម៉ឺនហិកតានៅកម្ពុជា ជ្រើសរើសកម្លាំងពលកម្មរាប់ម៉ឺននាក់ទៅបម្រើការនៅតាមចម្ការកៅស៊ូ ខណៈខាងក្រុមហ៊ុនចម្ការកៅស៊ូនីមួយៗ បានធានាផ្ដល់ប្រាក់ខែសមរម្យ មានកន្លែងស្នាក់នៅ និងសេវាគាំពារនានាមួយចំនួនទៀត។

ការឯកភាពយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងជំនួបជាមួយគណៈប្រតិភូវៀតណាម ដែលដឹកនាំដោយលោកឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមចំការកៅស៊ូវៀតណាមប្រចាំកម្ពុជា អមដោយក្លឹបអ្នកធុរកិច្ចវៀតណាមប្រចាំកម្ពុជា ធនាគារកសិកម្មវៀតណាម (AGRI Bank) តំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជា សម្ពន្ធក្រុមហ៊ុន THADI វៀតណាម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។

នាឱកាសនោះ លោកឧកញ៉ា ឡេង ឫទ្ធី បានលើកឡើងថា បច្ចុប្បន្ន សម្ពន្ធឧស្សាហកម្មកៅស៊ូ សម្ពន្ធថាឌី វៀតណាម និងក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមនៅកម្ពុជា ដែលជាដៃគូមានចម្ការកៅស៊ូ ជាង ២ម៉ឺនហិកតា នៅខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ដែលកំពុងមានតម្រូវការកម្លាំងពលកម្ម ឆ្នាំ២០២០-២០២១ មានជាង១សែន៥ពាន់នាក់ ហើយសម្រាប់ការងារបន្ទាន់ក្រុមហ៊ុនត្រូវការកម្លាំងពលកម្មភ្លាមៗប្រមាណ ៩,០០០នាក់។

លោកថាបច្ចុប្បន្ន អ្នកដែលធ្វើការក្នុងចម្ការកៅស៊ូទាំងនោះ ទទួលបានប្រាក់ឈ្នួលទាបបំផុត ៨០ម៉ឺនរៀល សម្រាប់អ្នកជៀជ័រអាចរកចំណូលបានចាប់ពី ១លានរៀល ទៅ ១លាន៥សែនរៀល ហើយកម្មករមានកន្លែងស្នាក់នៅសមរម្យ មិនបាច់ចំណាយថ្លៃទឹក និងថ្លៃភ្លើង។

លោករដ្ឋមន្ត្រីបានបង្ហាញក្ដីរីករាយយ៉ាងខ្លាំងចំពោះការលើកឡើង និងសំណើរបស់ភាគីវៀតណាម ដោយបានណែនាំឱ្យក្រុមហ៊ុនធ្វើការសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីចុះទៅផ្សព្វផ្សាយ និងជ្រើសរើសកម្លាំងពលកម្មទៅតាមមូលដ្ឋាន ឬកម្លាំងពលកម្មដែលបាត់បង់ការងារដោយសារតែសហគ្រាស គ្រឹះស្ថានរបស់ខ្លួនមិនអាចដំណើរការងារបានដោយបញ្ហាជំងឺកូវិដ-១៩ជាដើម។

លោករដ្ឋមន្ត្រីបានលើកឡើងពីកម្លាំងពលកម្មដែលកម្ពុជាមានបច្ចុប្បន្ន សរុបទាំងអស់ ១០លាននាក់ ក្នុងនោះវិស័យកសិកម្មមាន ៤លាននាក់ វិស័យឧស្សាហកម្ម និងសិប្បកម្មមាន ១.៥លាននាក់ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធមាន ២.៤លាននាក់ ពលករទៅធ្វើការនៅក្រៅប្រទេសមានជាង ១.២លាននាក់ និងមន្ត្រីរាជការមាន ៥សែននាក់ ដែលទាំងនេះជាប្រភពដែលយើងអាចចល័តកម្លាំងពលកម្មទៅតាមតម្រូវការនៃវិស័យ។

លោករដ្ឋមន្ត្រីបានស្នើដល់ខាងសមាគមធ្វើការសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលមានមជ្ឈមណ្ឌលការងារចំនួន ១២ខេត្ត រួមនឹងមណ្ឌលការងារការងារចល័តផងដែរនោះចុះទៅធ្វើការផ្សព្វផ្សាយផ្ទាល់តែម្តងដល់មូលដ្ឋានតាមបណ្តាខេត្តនានា ដោយធ្វើការសហការជាមួយអាជ្ញាធរខេត្ត អញ្ជើញប្រជាពលរដ្ឋអោយចូលរួមចុះឈ្មោះតែម្តង។

ទន្ទឹមនោះលោករដ្ឋមន្រ្តីក៏បានឱ្យសមាគមនេះគិតគូរបន្ថែមទៀត ក្នុងការផ្តល់នូវគោលនយោបាយពិសេស ដើម្បីផ្តល់ការទាក់ទាញដល់កម្មករទៅបម្រើការងារនៅទីនោះ ទាំងប្រាក់បៀវត្សរ៍សមរម្យ អត្ថប្រយោជន៍ផ្សេងៗ កន្លែងស្នាក់នៅ សាលារៀន ផ្សារ សេវាសុខភាពជាដើម៕