(ភ្នំពេញ)៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ថា លោកនឹងឆ្លើយបំភ្លឺ​ទៅឆ្លើយសំណួររបស់តុលាការ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ទាក់ទងទៅនឹងការចោទប្រកាន់ថា លោកបានបរិហារកេរ្តិ៍ សម្តេច ហេង សំរិន តាមរយៈបណ្តាញសង្គម Facebook គឺតាមរយៈប្រព័ន្ធអ៉ីនធើណេត Skype ។

យោងតាម Facebook របស់លោក សម រង្ស៊ី ដដែលបានឲ្យដឹងបន្ថែមទៀតថា «ដើម្បីជៀសវាងកុំឲ្យចំណាយពេល និងសោហ៊ុយច្រើន ខ្ញុំ​អាច ឆ្លើយរាល់សំណួររបស់តុលាការ តាមរយៈប្រព័ន្ធអ៊ីនធើណេតនេះដែរ ដែលក្នុងនោះ យើងអាចប្រើប្រព័ន្ធទំនាក់ទំនង Skype» ។ តែមុននឹងឆ្លើយសំណួរពីលោកចៅក្រម ខ្ញុំមានសំណួរមួយដាក់ទៅលោកចៅក្រមថា ៖ «តើលោក ហេង សំរិន ប្តឹងខ្ញុំក្នុងឋានៈ ឬមុខងារលោកជាអ្វី ពីព្រោះក្នុងអត្ថបទ និងការអត្ថាធិប្បាយទាំងអស់ដែលខ្ញុំបានបង្ហោះលើទំព័រហ្វេសប៊ុក របស់ខ្ញុំ ខ្ញុំមិនដែលចេញឈ្មោះលោក ហេង សំរិន ម្តងណាសោះ។ តែមានវីដេអូមួយ ខ្ញុំបានបង្ហោះដែលក្នុងនោះសម្តេចព្រះនរោត្តម សីហនុ ទេ ដែលព្រះអង្គថ្កោលទោសលោក ហេង សំរិន ថាបម្រើផលប្រយោជន៍យួន»

គួររំលឹកឲ្យដឹងថា កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៥ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះ​ហៅ​លោក សម រង្ស៊ី ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​តាម​បណ្ដឹង​របស់សម្តេច ហេង សំរិន ពី​រឿង​ដែល​លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ Facebook កាល​ពី​ពេល​ថ្មីៗ​នេះ​ថា របប​ដឹកនាំ​របស់​សម្តេចហេង សំរិន ធ្លាប់​បាន​កាត់​ទោស​ប្រហារ​ជីវិត​អតីត​​​​​​​ព្រះមហាក្សត្រ​ខ្មែរ សម្ដេច​ព្រះ នរោត្តម សីហនុ ពី​បទ​ក្បត់​ជាតិ។ ប៉ុន្តែ​លោក សម រង្ស៊ី មិន​បាន​ចូល​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​ពេល​នោះ​ឡើយ៕