(ភ្នំពេញ)៖ លោក​ ទាវ សុធារ័ត្ន និងលោក សម នរៈសត្យា ដែល​ជា​និស្សិត​​អាហារូបករណ៍​សម្ដេច​ម្ចាស់ក្សត្រី សិរិនថន ទើប​បញ្ចប់​ការ​សិក្សា​ នៅ​សាកល​វិទ្យាល័យ​មហា​សារខាម នៃប្រទេសថៃ ផ្នែកគិលាននុដ្ឋាក (Nurs) បាន​ប្រកាស​ថា ខ្លួន​ស្ម័គ្រចិត្តចូលរួម​ជា​មួយ​​ក្រសួង​សុខាភិបាល ​និងតាមការអំពាវនាវរបស់រដ្ឋមន្រ្តី ម៉ម ប៊ុនហេង ដើម្បី​ជួយ​ព្យាបាល​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​តែ​រង​ការ​ឆ្លង​នៃ វីរុស​កូវីដ​១៩ នាពេល​បច្ចុប្បន្ន​នេះ។

ផ្អែក​​តាម​គណនី ​Facebook ឈ្មោះ ​Teav Sothearoth បាន​សរសេរ​បែប​នេះ​ថា «​តបតាមស្ថានការណ៍​បច្ចុប្បន្ន ​ខ្ញុំបាទឈ្មោះ ទាវ សុធារ័ត្ន និងមិត្តរួមថ្នាក់ឈ្មោះ សម នរៈសត្យា ជា​និស្សិត​អាហាររូបករណ៍​សម្តេចម្ចាស់ក្សត្រី សិរិនថន ទើប​បញ្ចប់​ការ​សិក្សា ​នៅ​សាកល​វិទ្យាល័យ​មហា​សារខាមនៃប្រទេសថៃ ផ្នែកគិលាននុដ្ឋាក (Nurs) ដោយ​ខ្ញុំ​បាទ​បានតាមដានព័ត៌មាន ពីករណី​ជម្ងឺ​ឆ្លង Covid 19 ដែលកំពុងរីក​រាលដាល​ ក្នុងប្រទេសកម្ពុជាយើង ហើយក្រសួងសុខាភិបាល បាន​និង​កំពុង​ប្រកាសរក​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ ដើម្បីប្រយុទ្ធប្រឆាំងជាមួយជម្ងឺនេះ​ ខ្ញុំបាទទាំងពីរនាក់​មានឆន្ទៈ​ស្ម័គ្រចិត្ត​ ចង់​ចូលរួមនិង​បម្រើ​ជាតិ ​ក្នុងកាលៈទេសៈប្រទេសជាតិកំពុងប្រឈម និងត្រូវការ ដូច្នេះ​ខ្ញុំបាទ​បានសម្រេច​ចិត្ត​ ចង់ចូល​រួម​ប្រយុទ្ធ​និងការពារប្រជាជនខ្មែរយើង ក៏ដូចជាប្រជាជនសកល ដែលកំពុងប្រឈម​ជាមួយជម្ងឺរាត​ត្បាត​មួយ​នេះ បើក្រសួង​សុខាភិបាលអនុញ្ញាត​ផ្តល់​ឱកាស​ឲ្យ ​ខ្ញុំបាទ​បម្រើប្រជា​ជន​ក្នុងកាលៈ​ទេសៈនេះ ​ខ្ញុំបាទ​ពេញចិត្ត និងរីករាយបម្រើប្រជាជនកម្ពុជាយើង​។ សូមអរគុណ»

បន្ទាប់​ពី​មាន​ការ​បង្ហាញ​ឆន្ទៈ​ នៃ​ការ​ចង់​ចូល​រួម​ចំណែក​ជួយ​ព្យាបាល​ពលរដ្ឋ ក្រសួង​សុខាភិបាល បាន​ធ្វើ​ឲ្យ​មហាជន​​​កោតសរសើរ និស្សិត​​ទាំង​ពីរ​រូប​ខាង​លើ​នោះ​ជា​ខ្លាំង៕