(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា តាមការប៉ាន់ប្រមាណជំហានដំបូង អ្នកជំងឺ Covid-19 នៅកម្ពុជា អាចនឹងមានការឆ្លងទៅដល់ក្រុមគ្រួសាររបស់ពួកគាត់ជាបឋម ខណៈដែលកម្ពុជាគិតត្រឹមព្រឹកថ្ងៃទី១៨​​ ខែមីនា ឆ្នាំ២០២០នេះមានចំនួនអ្នកឆ្លងជំងឹ Covid-19 នេះមានចំនួន៣៥នាក់ហើយ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ជាមធ្យមក្នុងមួយគ្រួសារមានសមាជិក៣នាក់​ ដូច្នេះយើងអាចគុណនឹងចំនួនអ្នកឆ្លងចំនួន៣៥នាក់ (តាមចំនួនតួលេខអាចមានលើសពី១០០នាក់) ប៉ុន្ដែក្រសួងកំពុងខិតខំទប់ស្កាត់ កុំឲ្យមានការចម្លងបន្ដទៅទៀត។ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនានេះ មិនទាន់មានការចម្លងណាមួយចូលទៅសហគមន៍នោះទេ។

ការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន តើក្រសួងសុខាភិបាលមានការប៉ាន់ប្រមាណទេថា តើអ្នកជំងឺ Covid-19 នៅកម្ពុជាអាចនឹងឆ្លងកើនដល់ចំនួនប៉ុន្មាន។

ជាមួយនោះដែរលោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ចំនួនអ្នកផ្ទុកវីរុសកូវីដ១៩ទាំងអស់នេះគឺជាករណីនាំចូល ហើយបច្ចុប្បន្នអ្នកទាំងអស់នោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដានព្យាបាល៕