(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់ចេញវិធានការចំនួន ៨ចំណុចសំខាន់ៗ ដើម្បីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ក្រសួង ស្ថាប័ន, លេខាធិការដ្ឋាននៃយុទ្ធនាការ, គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្ត និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់រៀបចំ និងអនុវត្តការងារតាមវិស័យ និងតាមជំនាញ។

វិធានការដែលសម្ដេចក្រឡាហោម ស ខេង ដាក់ចេញក្នុងសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ និងបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះរួមមាន៖

*ទី១៖ គ្រប់ក្រសួង-ស្ថាប័ន ដែលជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបន្ដរៀបចំយន្ដការ និងពង្រឹងយន្ដការក្នុងក្រសួង ស្ថាប័ន ហើយបន្ដយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួន ដែលបានកំណត់ក្នុងផែនការជាតិ៥ឆ្នាំ ស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន អនុវត្តទិសដៅប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២០ ដែលអង្គសន្និបាតបានដាក់ចេញ និងអនុវត្តនូវផែនការសកម្មភាពយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៥ជាបន្ដ។

*ទី២៖ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងគណៈកម្មការទទួលបន្ទុកអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ត្រូវរួមសហការគ្នារៀបចំបង្កើតយន្ដការជាក់លាក់រួមគ្នាមួយ ដើម្បីអនុវត្តគោលនយោបាយភូមិ សង្កាត់ សគ្មានគ្រឿងញៀននៅទូទាំងប្រទេស។ ការរៀបចំនេះ ត្រូវមានឯកសារ និងរបាយការណ៍ជាក់លាក់ ពីការរៀបចំបង្កើត និងកិច្ចដំណើរការនៅតាមរាជធានី-ខេត្ត នីមួយៗ។

*ទី៣៖ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃខុសច្បាប់ ត្រូវបន្ដពង្រឹងតួនាទី និងភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដើម្បីផ្ដល់ការសម្របសម្រួល តាមដាន និងជំរុញការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៥ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

*ទី៤៖ គណៈកម្មធិការជាតិ ទទួលបន្ទុកព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងគុណភាព ប្រសិទ្ធភាព សេវាប្រកបដោយភាពជឿជាក់ទុកចិត្ត ក្នុងការងារព្យាបាលស្ដារនីតិសម្បទា និងសមាហរណកម្ម អ្នកញៀនគ្រឿងញៀន។

*ទី៥៖ អង្គភាពពាក់ព័ន្ធ ត្រូវបន្ដយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអន្ដរជាតិ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី ក្នុងតំបន់ និងអន្ដរជាតិ និងត្រូវជំរុញអនុវត្តស្មារតី នៃកិច្ចព្រមព្រៀងស្ដីពីការត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ព្រំដែន (ជាពិសេសព្រំដែនកម្ពុជា-ឡាវ) ដើម្បីឈានទៅទប់ស្កាត់ ការចរាចរ ជួញដូរគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព ហើយត្រូវខិតខំកសាងសមត្ថភាពមន្ដ្រី ក្នុងការស្រាវជ្រាវ និងស៉ើបអង្កេតបន្ថែមទៀត ដើម្បីមានលទ្ធភាពបង្ការ បង្ក្រាបឲ្យចំមេក្លោង និងកាត់ផ្ដាច់ខ្សែរយៈអង្គការចាត់តាំងរបស់ពួកនេះ ឲ្យដល់ឫសគល់។

*ទី៦៖ គ្រប់អង្គភាពពាក់ព័ន្ធ ត្រូវធ្វើការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ ឲ្យបានហ្មត់ចត់ ដើម្បីធានាថាមន្ដ្រីអនុវត្តច្បាប់របស់ខ្លួន ពិតជាមិនជាប់ពាក់ព័ន្ធ ឬនៅពីក្រោយសកម្មភាពឧក្រិដ្ឋ ដោយត្រូវបំផុសឲ្យមានជាចលនាសង្គមលើកស្ទូយ ផ្សព្វផ្សាយ ការអនុវត្តទិសស្លោក បីកុំ មួយរាយការណ៍ ឲ្យបានម៉ឺងម៉ាត់ គឺកុំពាក់ព័ន្ធ កុំអន្ដរាគមន៍ កុំលើកលែង ហើយត្រូវរាយការណ៍ផ្ដល់ព័ត៌មានពាក់ព័ន្ធបទល្មើសគ្រឿងញៀន ទាំងអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋឲ្យបានទូលំទូលាយ។

*ទី៧៖ គ្រប់អង្គភាពពាក់ព័ន្ធ ត្រូវបន្ដយកចិត្តទុកដាក់ធ្វើសកម្មភាពឲ្យបានកាន់តែសកម្មថែមទៀត ក្នុងការប្រមូលព័ត៌មាន ស្រាវជ្រាវ ស៉ើបអង្កេត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធភាព។ ត្រូវទប់ស្កាត់ និងបង្ក្រាបឲ្យបានជាមុន កុំឲ្យឧក្រិដ្ឋជនមានលទ្ធភាពចរាចរគ្រឿងញៀនចូល និងឆ្លងកាត់ប្រទេសកម្ពុជា រួមទាំងបង្ការ និងទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនូវរាល់ការប៉ុនប៉ងចរាចរដោយខុសច្បាប់នូវសារធាតុគីមីផ្សំ និងការបង្វែរសារធាតុនេះ ពីជំនួញស្របច្បាប់ទៅជាផលិតគ្រឿងញៀនខុសច្បាប់។

*ទី៨៖ ជាមួយនឹងការប្រកាសដាក់ឲ្យបន្ដអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៥ ក្នុងឆ្នាំ២០២០នេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង សូមគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការ នៃកិច្ចប្រតិបត្តិការរួមរបស់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ ដែលមានឈ្មោះថា ប្រតិបត្តិការដប់ប្រាំ ដប់មួយ ដែលបានដាក់ចេញកាលពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រី នៃប្រទេសហត្ថលេខខី ១៩៩៣ នៅទីក្រុងបាងកក កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់គ្រប់ ក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ពិសេសអង្គភាពអនុវត្តច្បាប់ ត្រូវយកចិត្តទុកដាក់ចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាព៕