(ព្រៃវែង)៖ មន្ត្រីនៅខេត្តព្រៃវែង នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ សូមច្រានចោលព័ត៌មានថា «ឈ្មួញនាំសត្វជ្រូករាប់រយក្បាល ឆ្លងដែនទៅវៀតណាមតាមច្រករបៀង នៅស្រុកកំពង់ត្របែក សង្ស័យគ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញ»

មន្ត្រីដដែលនោះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ករណីនេះជាករណីឆ្លងកាត់អន្តរជាតិ ពីថៃឆ្លងកាត់កម្ពុជាទៅវៀតណាម មានឯកសារត្រឹមត្រូវ ក៏ប៉ុន្តែមួយរយៈនេះ ខាងវៀតណាមបិទមិនឲ្យចូល ទើបបណ្តាលឲ្យជ្រូកនៅចាល់ច្រើននៅទីនោះ។ ក្រោយពីមានការស្នើសុំពីឈ្មួញ និងអាជ្ញាធរវៀតណាម ខាងវៀតណាមក៏សម្រួល ឲ្យបានតាមតែតាមច្រករបៀង។ ដូច្នេះខាងយើងក៏សម្រួល ដើម្បីកុំឲ្យជ្រូកនៅខាងខ្មែរយូរពេក ធ្វើយ៉ាងណាកុំឲ្យមាននៅខាងខ្មែរ»

ទាក់ទិនករណីខាងលើនេះដែរ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានឲ្យភ្នាក់ងារ Fresh News ដឹងថា បញ្ហាឈ្មួញនាំសត្វជ្រូក រស់ឆ្លងកាត់ហើយនាំចេញទៅក្រៅប្រទេស គឺត្រូវតែឆ្លងកាត់មន្ត្រីជំនាញពេទ្យសត្វ ត្រួតពិនិត្យឯកសារ និងចំនួនជ្រូកដើម្បីកាត់ស្តុក។ សត្វជ្រូកនេះ មានច្បាប់ និងក្រុមហ៊ុននាំជ្រូកពីប្រទេសថៃ ឆ្លងកាត់ប្រទេសកម្ពុជា ទៅលក់នៅប្រទេសវៀតណាម ព្រោះនៅវៀតណាម ត្រូវការសាច់ដើម្បីផ្គត់ផ្គង់តម្រូវការ របស់ពលរដ្ឋប្រទេសគេផងដែរ។