(ភ្នំពេញ)៖ លោកស្រី កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការព្រំដែនកម្ពុជា បានសម្រេចលើកពេលរៀបអាពិពាហ៍ពិពាហ៍របស់ខ្លួន ដើម្បីចូលរួមកាត់បន្ថយការរីករាលដាលនៃជំងឺកូវីត១៩។ តាមរយៈការលើកពេលចូលរោងជ័យនេះ នាំឱ្យគេមើលឃើញពីកាយវិការទទួលខុសត្រូវលើកសុខទុក្ខ មើលឃើញពីបញ្ហារួម ជាជាងមើលតែតម្រូវការផ្ទាល់ខ្លួនរបស់លោកស្រី។

បន្ទាប់ពីបានរង់ចាំអស់រយៈពេលយ៉ាងយូរលោកស្រី កុយ ពិសី គ្រោងចូលរោងជ័យក្រាបសំពះផ្ទឹមនៅថ្ងៃទី២៤ និង២៥ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ។ តែពេលវេលាដ៏មានអត្ថន័យសម្រាប់ជីវិត របស់លោកស្រី ត្រូវបានពន្យារពេលទៅវិញ ហើយរង់ចាំរហូតដល់ស្ថានភាពរីករាលដាលនៃជំងឺកូវីត១៩ ត្រូវបានស្ងប់ស្ងាត់ទៅវិញ។

លោកស្រី កុយ ពិសី បានបញ្ជាក់លើទំព័រ Facebook នៅថ្ងៃទី១៧ ខែមីនា នេះថា «ដើម្បីសុវត្ថិភាពរួម និងដើម្បីកាត់បន្ថយការរីករាតត្បាតជម្ងី Covid-19 យើងខ្ញុំនិងក្រុមគ្រួសារសូមពន្យាពេលពិធីថ្ងៃ២៤ និង២៥ ខែមីនានេះ ទៅធ្វើនៅពេលក្រោយវិញ»

លោកស្រី បានសូមអភ័យទោសដល់ភ្ញៀវកិត្តិយសទាំងអស់ ចំពោះការលើកពេលនេះផងដែរ។

តាមទំនៀបទម្លាប់ប្រពៃណីរបស់ខ្មែរថ្ងៃមកដល់នៃការរៀបអាពាហ៍ពិពាហ៍ ថ្ងៃចូលរោងជ័យជាពេលវេលាដែលស្រ្តីខ្មែរគ្រប់រូបប្រាថ្នាចង់ឃើញ និងចង់ឱ្យបានឆាប់មកដល់។ តែលោកស្រី កុយ ពិសី បានសម្រេចពន្យារពេល លើកពេលថ្ងៃជាក្តីស្រម័យរបស់ខ្លួនទៅវិញ។ ក្រៅតែពីការព្រមលះបង់នូវសេចក្តីសុខ និងក្តីប្រាថ្នារបស់ខ្លួនហើយនោះ ការលើកពេលនេះរៀបមង្គលការនេះ ក៏ធ្វើឱ្យខាតបង់នូវថវិកាដែលបានកក់សម្រាប់កម្មវិធីផ្សេងៗនៅក្នុងថ្ងៃអាពាហ៍ពិពាហ៍នោះផងដែរ។

តាមរយៈកាយវិការនេះ ជាការបង្ហាញឱ្យឃើញពីការលះបង់នូវសេចក្តីសុខផ្ទាល់ខ្លួនរបស់លោកស្រី ដើម្បីធានាទៅដល់សុវត្ថិភាពរបស់ភ្ញៀវដែលត្រូវចូលរួមក្នុងពិធីមង្គលរបស់លោកស្រីនោះ។

មួយវិញទៀត ដោយសារលោកស្រី កុយ ពិសី ជាមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល ដូច្នេះភ្ញៀវចូលរួមក្នុងពិធីច្បាស់ណាស់ថា នឹងជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន និងជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធភាគច្រើន។ ការសម្រេចផ្អាកនេះ ក៏ជាការកាត់បន្ថយនូវការលំបាករបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលកំពុងជាប់ដៃរួមគ្នាប្រយុទ្ធនឹងជំងឺកូវីត១៩ ក៏ដូចជាដោះស្រាយទុក្ខលំបាកទាំងឡាយបង្កឡើដោយជំងឺកូវីត១៩នេះ៕