(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានតម្រូវឲ្យរាល់ពាណិជ្ជករ និង ក្រុមហ៊ុនពាណិជ្ជកម្មទាំងឡាយ មានគ្រឹះស្ថាន សាខា ការិ យាល័យ តំណាង បុត្រសម្ព័ន្ធ ឬទីភ្នាក់ងារនៅក្នុងប្រទេសកម្ពុជា ត្រូវចុះបញ្ជីពាណិជ្ជកម្មនៅក្នុងប្រព័ន្ធស្វ័យប្រវត្តកម្មតាមប្រព័ន្ធ អនឡាញ។ ការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ គឺជាធម្យោបាយថ្មីមួយរបស់ក្រសួងពាណិជ្ជកម្ម ជួយសម្រួលនីតិវិធី នៃ ការចុះបញ្ជីធ្វើពាណិជ្ជកម្មរបស់ពាណិជ្ជករ បានកាន់តែងាយស្រួល ឆាប់រហ័ស ជាពិសេសចូលរួមកាត់បន្ថយការចំណាយកម្រៃ ក្រៅផ្លូវការ និង ចូលរួមកាត់បន្ថយអំពើពុករលួយស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលផងដែរ។

នៅក្នុងសេចក្តីប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តកម្ម ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៥ ក្នុងប្រការ១ បានចែងថា «រាល់ពាណិជ្ជករ និងក្រុមហ៊ុនពាណិជ្ជកម្មទាំងឡាយ ដែលមានគ្រឹះស្ថាន សាខា ការិយាល័យ តំណាង បុត្រសម្ព័ន្ធ ឬទីភ្នាក់ងារនៅក្នុងប្រទេសកម្ពុជា មានកាតព្វកិច្ចចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មនៅក្នុងប្រព័ន្ធស្វ័យប្រវត្តកម្ម សម្រាប់ចុះបញ្ជីពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្មពីគ្រប់ទីកន្លែងតាមរយៈគេហទំព័រ www.businessregistration.moc.gov.kh»។ គេហទំព័រ www.businessregistration.moc.gov.kh នឹងដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះ។

នៅក្នុងប្រការ២ បានបញ្ជាក់ថា ស្ថាបនិក អភិបាល ឬ ម្ចាស់ក្រុមហ៊ុន ត្រូវបំពេញនូវព័ត៌មាន និង បញ្ចូលលក្ខខណ្ឌតម្រូវទាំងអស់ តាមទម្រង់កំណត់នៅក្នុងប្រព័ន្ធស្វ័យប្រវត្តកម្ម។

ត្រង់ប្រការ ៤ នៃសេចក្តីប្រកាសនេះ បានឲ្យដឹងថា ស្ថាបនិក អភិបាល ឬម្ចាស់ក្រុមហ៊ុនត្រូវធានាអះអាងចំពោះព័ត៌មានស្នើសុំចុះ បញ្ជីពាណិជ្ជកម្ម និងឯកសារតម្រូវ ដែលខ្លួនបានបំពេញ និងបញ្ចូលទៅក្នុងប្រព័ន្ធស្វ័យប្រវត្តកម្មរបស់ក្រសួងពាណិជ្ជកម្ម ជា ទម្រង់អេឡិចត្រូនិកថា ពិតជាព័ត៌មាន និងឯកសារត្រឹមត្រូវ មិនក្លែងបន្លំ។ ប្រសិនបើមិនត្រឹមត្រូវ​ ឬ ក្លែងបន្លំវិញ ក្រសួងនឹងចាត់ វិធានការតាមមាត្រា ២៦ថ្មី នៃច្បាប់ស្តីវិធានពាណិជ្ជកម្ម។

ចំពោះការទូតទាត់កម្រៃសេវាវិញ ត្រូវធ្វើតាមប្រព័ន្ធអេឡិចត្រូនិករបស់ធានាគារផ្អែកតាមការកំណត់ក្នុងប្រកាសរួមរវាងក្រសួង ពាណិជ្ជកម្ម និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

សូមបញ្ជាក់ថា ការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ គឺជាសមិទ្ធផលថ្មីមួយរបស់ក្រសួងពាណិជ្ជកម្មក្នុងអាណត្តិរបស់លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកំណើនរបស់អ្នកវិនិយោគ និង ការធ្វើពាណិជ្ជកម្មរបស់ប្រជាពលរដ្ឋកម្ពុជា។ ការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ គឺជាធម្យោបាយថ្មីមួយជួយសម្រួលនូវនីតិវិធី នៃការចុះបញ្ជីធ្វើពាណិជ្ជកម្មរបស់ ពាណិជ្ជករបានកាន់តែ ងាយស្រួលជាងមុន និងឆាប់រហ័ស ជាពិសេសចូលរួមកាត់បន្ថយកម្រៃក្រៅផ្លូវការ ហើយក៏ចូលរួមកាត់ បន្ថយអំពើពុករលួយស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។

ប្រព័ន្ធស្វ័យប្រវត្តកម្ម នៃការចុះបញ្ជីពាណិជ្ជកម្មនេះ រាល់ពាណិជ្ជករអាចធ្វើការចុះបញ្ជីពាណិជ្ជកម្មរបស់ខ្លួន បាននៅគ្រប់ទីកន្លែង ដោយគ្រាន់តែមានកុំព្យូទ័រ និង អ៊ីនធើណេត ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ក្រសួងពាណិជ្ជកម្មនោះឡើយ។

ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ប្រព័ន្វស្វ័យប្រវត្តកម្ម នៃការចុះបញ្ជីពាណិជ្ជ កម្មនេះ នឹងជួយទាក់ទាញអ្នកវិនិយោគបរទេសមកបណ្តាក់ទុននៅកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត៕