(ប៉េកាំង)៖ គូស្វាមីភរិយាក្នុងប្រទេស ចិន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦នេះ នឹងត្រូវបានអនុញ្ញាតឲ្យមានកូនពីរនាក់ហើយ បន្ទាប់ពីមានក្តីបារម្ភចំពោះបញ្ហាកង្វះខាតកម្លាំងពលកម្ម ហើយចំនួន​ប្រជាជនចិន មានមនុស្សវ័យចំណាស់ច្រើនជាងវ័យក្មេង ដែលជម្រុញឲ្យមានការបញ្ចប់គោលនយោបាយគ្រួសារមួយកូនតែមួយ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦នេះ។

ការផ្លាស់ប្តូរគោលនយោបាយនេះ ត្រូវបានប្រកាសដោយបក្សកុម្មុយនីសតាំងពីខែតុលា ឆ្នាំ២០១៥កន្លងទៅនេះ ហើយបានចូលជាធរមាននៅថ្ងៃទី០១ ខែមករានេះ។ សូមជម្រាបថា គោលនយោបាយកូនតែមួយ ត្រូវបានដាក់ជាច្បាប់ក្នុងរដ្ឋធម្មនុញ្ញចិន តាំងពីទសវត្សន៍ឆ្នាំ១៩៧០មកម្ល៉េះ ដែលមិនអនុញ្ញាតឲ្យគ្រួសារមួយមានកូនលើសពីរឡើយ ដោយបង្ខំឲ្យស្ត្រីត្រូវរំលូតកូនចេញ ហើយត្រូវផាកពិន័យសម្រាប់អ្នកដែលល្មើសនឹងច្បាប់នេះ។

អាជ្ញាធរបានបញ្ជាក់អះអាងថា ការអនុវត្តគោលនយោបាយនេះ វាបានក្លាយជាកូនសោរដ៏សំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច និងព្រមទាំងទប់ស្កាត់កំណើតទារករហូតដល់៤០០លាននាក់៕