(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦នេះ ជាថ្ងៃចាប់ផ្តើមការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី កម្លាំងនគរបាលចរាចរណ៍ បានចុះធ្វើយុទ្ធនាការព្រមគ្នានៅ១៧៧គោលដៅ ទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយ និងពង្រឹកការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។  

ជាមួយគ្នានេះ ឧត្តម​សេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នង​ការ​រងនគរបាល​ជាតិ បានដឹក​នាំកង​កម្លាំង ​នគរបាល​ចរាចរណ៍​មួយក្រុម ចុះធ្វើយុទ្ធ​នាការផ្សព្វ​ផ្សាយ និង​ពង្រឹងការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍ផ្លូវគោកថ្មី​នៅផ្លូវជាតិ​លេខ១ ស្ថិតក្នុង​សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

តាមរយៈគេហទំព័រ អគ្គស្នងការនគរបាលជាតិ ឧត្តម​សេនីយ៍​ឯក ហ៊ឹម យ៉ាន អគ្គស្នងការ​រងនគរបាល​ជាតិ បានបញ្ជាក់​ថា នៅព្រឹក​នេះស្ថានភាព​មានភាព​ល្អប្រសើរ ហើយការ​ត្រួតពិនិត្យ​មានការល្អិត​អន់ហ្មត់​ចត់​ទៅលើបទ​ល្មើស ដែល​ផាកពិន័យ​អន្តរការណ៍ បទល្មើស​ដែលត្រូវ​ឃាត់​ទុក និងបទ​ល្មើសផ្សេងៗទៀត​ទៅតាម​ច្បាប់។

លោកឧត្តមសេនីយ៍ឯងបញ្ជាក់ទៀតថា ករណីល្មើស​ភាគច្រើន គឺម៉ូតូ ដែលអ្នក​រួមដំណើរមិនបាន​ពាក់មួក​សុវត្ថិភាព តាម​អនុក្រឹត្យ​លេខ៨៥ គឺត្រូវ​ពិន័យចំនួន ១៥០០០រៀល​ក្នុង​ម្នាក់ ហើយ​ការផាក​ពិន័យ​នេះ មិន​ត្រូវបាន​បង់ប្រាក់​នៅនឹង​កន្លែងផ្ទាល់​នោះទេ គឺមសត្ថកិច្ច​គ្រាន់តែចេញ​ប័ណ្ណការ​ផាកពីន័យ ហើយឲ្យ​ទៅបង់នៅ​ទីកន្លែងមួយ​ដែលសមត្ថ​កិច្ចបាន​កំណត់។ ការផ្សព្វ​ផ្សាយ និងពង្រឹងការ​អនុវត្តន៍​ច្បាប់ចរាចរណ៍​ផ្លូវគោក​ថ្មីនេះ សមត្ថកិច្ចនឹង​បន្តធ្វើទាំង​យប់ ទាំងថ្ងៃ ដើម្បីឲ្យទទួល​បានលទ្ធ​ផលល្អ។

គេហទំព័រដដែលបានឲ្យដឹងទៀតថា ការចុះ​ធ្វើយុទ្ធនាការ​ផ្សព្វផ្សាយ និងពង្រឹងការ​អនុវត្តន៍ច្បាប់​ចរាចរណ៍ផ្លូវគោកថ្មី​នាពេល​នេះ ត្រូវគេ​មើលឃើញ​ថា ធ្វើឡើងក្នុងគោល​បំណង​ពញ្ញាក់​អារម្មណ៍ និងស្មារតី របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកដំណើរ​ដែលកំពុង​នាំគ្នាល្មើស​នឹងច្បាប់​ចរាចរណ៍ជើងគោក ដោយ​មិនបាន​បំពាក់​នូវមួក​សុវត្ថិភាព​ពេល​ធ្វើដំណើរ ម៉ូតូមិនបាន​បំពាក់កញ្ជក់​មើលក្រោយ​ត្រឹមត្រូវ លើស​ពីនេះ គឺបើកបរ​ស្ថិតក្នុង​ល្បឿនហួស​កំណត់ និងបើកបរ​ដោយមិន​គោរពទៅ​តាម​ស្លាកសញ្ញា ក៏ដូច​ជាភ្លើងស្តុប​ចរាចរណ៍​នានា តាមដងផ្លូវ​តូចធំ ទាំងក្នុងរាជធានី និង​តាម​បណ្តាខេត្តជា​ដើម៕