(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ ២០១៦ នៅទីស្នាក់ការកណ្តាលក្រុមប្រឹក្សាសហជីពជាតិកម្ពុជា,CCNU បានរៀបពិធីផ្ទេរដំណែងប្តូរវេនដឹកនាំ៥ឆ្នាំម្តង ទៅជាមួយឆ្នាំម្តង ។

លោក សោម អូន បានឲ្យដឹងថា យោងតាមលក្ខន្តិកៈ CCNU អណត្តិដឹកនាំ៥ឆ្នាំម្តង តែដើម្បីឲ្យស្របទៅនឹងស្ថានភាពជាក់ស្តែង និងជាពិសេសដើម្បីអោយ​ស្របតាមស្មារតីច្បាប់​សហជីពដែលនឹងត្រូវ​បានរដ្ឋសភាអនុម័តនៅពេលខាងមុខ គណៈអចិន្ទ្រៃយ៏ CCNU បានធ្វើវិសោធនកម្មលក្ខន្តិកៈរបស់ខ្លូន ដើម្បីបើកអោយទូលាយចំពោះអណត្តិដឹកនាំ និងពង្រីក​រចនាសម្ព័ន្ឋចំនុចអទិភាព​ដែលបាន​កែសម្រួលគឺ ទី១ កែពីអណត្តិដឹកនាំ៥ឆ្នាំម្តង មកជាប្រធានប្តូរវេន១ឆ្នាំម្តងវិញ ដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំសហភាពទាំង៧ជាសមាជិក CCNU មានឱកាសធ្វើជាអ្នកដឹកនាំ ។ ទី២ កែពីអនុប្រធាន១រូប មក៦រូប ។ ទី៣ កែពីគណៈអចិន្ត្រៃយ៏១៧ រូប មក២១ រូប  ។

លោក សោម អូន បានបន្ថែមថា ក្នុងអណត្តិរបស់លោក៥ឆ្នាំ គឺដឹកនាំទើបតែបានជាង៣ឆ្នាំប៉ុណ្ណោះ តែលោករីករាយជាមួយនឹងការផ្តួចផ្តើមអោយមានការដឹកនាំផ្តូរវេនវិញ ដោយចាប់អនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ នេះតទៅ ហើយនៅវេនទី១នេះ ត្រូវបានផ្ទេរជូនទៅលោកស្រី ទេព គឹមវណ្ណារី ដែលជាកូតាមកពី សហភាពសហព័ន្ឋសហជីពជាតិកម្ពុជា ។

លោកបានបញ្ជាក់ថា ការដឹកនាំក្រុមសហជីពដ៏ធំនេះពិតជាមានការលំបាក និង ស្មគ្រស្មាញ ក្នុងការធានានូវសាមគ្គីផ្ទៃក្នុង សុខដុមនីយកម្ម និង កិច្ចសហការល្អពីសមាជិកគណៈអចិន្ត្រៃយ៏ និង សមាជិកក្រុមប្រឹក្សាភិបាល តែលោកមានមោទនភាពចំពោះការងារនេះ ដែលធ្វើអោយចំនួនសមាជិកកើនឡើងជាបន្តបន្ទាប់ ដែលដំបូងសមាជិក CCNU មានចំនួនតែ៥៥សហព័ន្ឋ-សមាគម ប៉ុណ្ណោះ បច្ចុប្បន្នមាន៦៨ សហព័ន្ឋសហជីព-សមាគម និងមានសហព័ន្ឋសហជីព ៨ទៀត នឹងដាក់ពាក្យសុំចូលជាសមាជិកនៅខែមករា ឆ្នាំ២០១៦នេះ ដែលនឹងធ្វើអោយសមាជិក CCNU កើនឡើងរហូតដល់ ៧៦ សហព័ន្ឋ-សមាគម ។

សូមបញ្ជាក់ថា លោក សោម អូន បច្ចុប្បន្នជាអនុប្រធានក្រុមប្រឹិក្សាសហជីពជាតិកម្ពុជា (CCNU) ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា(NACC)  ប្រធានសហភាពសិទ្ឋិកម្មករកម្ពុជា(CCWR) និង ជាប្រធានសហព័ន្ឋសហជីពកម្មករកម្ពុជា(CLUF) ៕