(ភ្នំពេញ)៖ ប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនកកកុញ នៅមុនការឈានមកដល់ នៃរាត្រីឆ្លងឆ្នាំចាស់២០១៥ ឈានទៅឆ្នាំថ្មី២០១៦ បាន ជជែក និង សួរដេញដោលគ្នាពីការកំណត់គោលដៅ ដើម្បីទៅចូលរួមរាត្រីឆ្លងឆ្នាំ ឬ គេហៅថា Countdown ។ គោលដៅសំខាន់ៗ ដែលពួកគេបំណងនឹងទៅគឺជាតំបន់ទេសចរណ៍សំខាន់ៗរបស់កម្ពុជា មានដូចជា ខេត្តសៀមរាប ព្រះសីហនុ ខេត្តកំពត និង កែបជា ដើម ខណៈអ្នកមមាញឹកជាមួយការងារ ឬមិនចង់ធ្វើដំណើរឆ្ងាយ មិនបានជ្រើសទីតាំងតាមខេត្តឡើយ គឺពួកគេបានជ្រើសរើសទីតាំង សមរម្យណាមួយក្នុងរាជធានីភ្នំពេញ ធ្វើពិធីជួបជុំជាមួយក្រុមគ្រួសារ មិត្តភក្តិអង្គុយស្វាគមន៍ឆ្នាំថ្មី។

រាត្រីឆ្លងឆ្នាំយប់មិញនេះ នៅតំបន់គោលដៅទេសចរណ៍សំខាន់ៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានគេមើលឃើញថា កកកុញដោយ ចំនួនមនុស្សនាំគ្នាអង្គុយជួបជុំ ដោយមានអាហារទទួលទានរួមគ្នាជាលក្ខណៈគ្រួសារ មិត្តភក្តិជាមួយ ទឹកមុខស្រស់ស្រាយគ្រប់ៗគ្នា។

ក្នុងមជ្ឈមណ្ឌលកោះពេជ្រលើផ្ទៃរាប់ពាន់ហិកតា ក្នុងរាជធានីភ្នំពេញវិញ ក៏មិនខុសពីតំបន់ទេសចរណ៍ពេញនិយមតាមបណ្តាខេត្តផង ដែរ មានប្រជាពលរដ្ឋយ៉ាងច្រើនកកកុញ នាំគ្នាអង្គុយលេងកម្សាន្ត ស្រស់ស្រូបអាហារជុំគ្នា ក្រោមទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា ដោយគ្រួសារខ្លះ មានទាំងកូនតូចៗជាប់តាមខ្លួន។ អំណរឆ្នាំថ្មីនេះ ក៏មានលោកយាយ លោកតា ដែលជាអ្នកធំធាត់ក្នុងភ្លើងសង្រ្គាម មួយចំនួន ក៏បានអញ្ជើញទៅចាប់ទទួលឆ្នាំថ្មីជាមួយកូនៗ និងចៅៗរបស់គាត់ផងដែរ។

ជាមួយការអង្គុយជជែកកម្សាន្ត ស្រស់ស្រូបអាហារក្រោមពន្លឺភ្លើង ដែលគេតុបតែងភ្លឺចិញ្ចែងចិញ្ចាចនោះ ខ្សែនេត្រារបស់ពួកគេ ក៏ទន្ទឹង មើលទ្រនិចនាឡិការំកិលបន្តិចម្តងៗ នៅពេលទ្រនិចនាឡិកាលោតជិត ដល់ម៉ោង ១២អាធ្រាត្រ ពួកគេក៏ចាប់ផ្តើមនាំគ្នារាប់ថយក្រោយ ហើយក៏ស្រែកហ៊ោកងរំពងឡើងទទួលស្វាគមន៍ការឈានមកដល់ឆ្នាំថ្មី ជា មួយការបាញ់ភ្លើងកាំជ្រួចតូចឆ្វែងឆ្វាត។ គ្រាដែលនៅមុខ ព្រះបរមរាជវាំង ភ្លើងកាំជ្រួចធំៗ ត្រូវបានគេបាញ់ឡើងជាបន្តបន្ទាប់ទទួលស្វា គមន៍ឆ្នាំថ្មីផងដែរ។

ភ្លើងកាំជ្រួចជាមួយពន្លឺចម្រុះពណ៌បាញ់ឡើងខ្ពស់ទៅលើអាកាស បានធ្វើឲ្យប្រជាពលរដ្ឋអង្គុយទទួលឆ្នាំថ្មីនៅតំបន់សំខាន់ៗ ដូចជានៅ កោះពេជ្រ មុខណាហ្គា មុខព្រះបរមរាជវាំង នៅត្រើយម្ខាង នៃស្ពានជ្រោយចង្វាជិតសណ្ឋាណគារសុខា ក៏ដូចនៅតំបន់កម្សាន្តលើដំបូល អគារខ្ពស់ៗមួយចំនួនទៀត បានមើលឃើញយ៉ាងច្បាស់នូវពន្លឺ ដ៏ស្រស់ស្អាត នៃភ្លើងកាំជ្រួច។ មិនត្រឹមតែមើលឃើញនោះទេ ពួកគេ ថែមទាំងបាននាំគ្នាស្រែកតាមចលនាភ្លើងកាំជ្រួចពេលបាញ់ឡើងទៅលើផ្ទុះម្តងៗផងដែរ។

បុណ្យឆ្លងឆ្នាំថ្មី ដែលគេនិយមហៅថា Countdown នេះ វាជាវប្បធម៌ដ៏ពេញនិយមនាំមកនូវភាពសប្បាយរីករាយ សម្រាប់មនុស្សជាតិ នៅតំបន់អឺរ៉ុប តែបច្ចុប្បន្នវាត្រូវបានសាយភាយស្ទើរតែទូទាំងសកលលោកទៅហើយ។ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ចរន្ត នៃការទទួល យកអំណរឆ្នាំថ្មីក្នុងរាត្រី Countdown ក៏ចាប់ផ្តើមមានសកម្មភាពផុលផុសផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្នុងរាជធានីភ្នំពេញនៅយប់មិញនេះ ត្រូវបានកកស្ទះចរាចរណ៍ជាច្រើនម៉ោង ដោយសារការច្រើនលើសលុប នៃចំនួនរថយន្ត ម៉ូតូ និង រឺម៉កកង់បី ដែលសម្រុកចេញពីតំបន់អង្គុយលំហែត្រឡប់ទៅកាន់គេហដ្ឋានរបស់ប្រជាពលរដ្ឋ ក្រោយនាំគ្នាទទួលឆ្នាំថ្មីរួចរាល់នោះ។ ដើម្បីចេញផុតពីច្រកតំប់កោះពេជ្រ គេត្រូវចំណាយពេលមិនតិចជាង ២ម៉ោងនោះឡើយ ដោយសារកកស្ទះចរាចរណ៍។

យោងទៅតាមចរន្ត នៃការចូលរួមក្នុងរាត្រី Countdown ដែលមានសកម្មភាពផុលផុសខ្លាំងពីមួយឆ្នាំ ទៅមួយឆ្នាំនេះ ធ្វើឲ្យគេអាចវាស់ ស្ទង់បានពីកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និង ការរីកចម្រើនរបស់កម្ពុជាផងដែរ បន្ទាប់ពីប្រទេសកម្សត់មួយនេះរើខ្លួនចេញពីសង្រ្គាម និង បញ្ចប់សង្រ្គាមសំឡេងផ្ទុះអាវុធបានទាំងស្រុង បានរយៈពេលប្រមាណ ១៧ឆ្នាំមកនេះ។

រាត្រី ដ៏សប្បាយរីករាយបែបនេះ មិនអាចកើតមានឡើយប្រសិនបើប្រជាពលរដ្ឋកម្ពុជា ត្រូវរស់ក្រោមបន្ទាត់ក្រីក្រ ឬ កម្ពុជា មិនអាច បញ្ចប់សំឡេងអាវុធបានទាំងស្រុងទេនោះ។ ក្នុងនោះការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ក៏បានក្លាយជាការចូលរួមចំណែក ក្នុងការតភ្ជាប់ពីតំបន់រាជធានី ទៅកាន់បណ្តាខេត្ត សម្រួលឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្ពោះទៅកាន់កន្លែង ដែលពួកគេពេញចិត្ត ដើម្បី ប្រារព្ធពិធីបុណ្យឆ្លងឆ្នាំ។

សន្តិភាព ដែលរកបានដោយលំបាក និង បានកំពុងការពារដោយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺបានដើរ តួ ដ៏សំខាន់សម្រាប់ការនាំមកនូវភាពសប្បាយរីករាយ និង ភាពរីកចម្រើនរបស់ប្រទេសជាតិ ដែលត្រូវបានកប់បាត់ក្នុងភ្នក់ភ្លើងសង្រ្គាម អស់រយៈប្រមាណ ៣ទសវត្សរ៍មកនោះ។ ភ្នក់ភ្លើងប្រមាណ ៣ទសវត្សរ៍នេះ បានបំភ្លេចបំផ្លាញកម្ពុជាស្ទើរខ្ទេចខ្ទី កុំថាឡើយការផ្តល់ឱ កាសឲ្យប្រជាពលរដ្ឋ បានចូលរួមសប្បាយរីករាយក្នុងរាត្រី Countdown។

ជារួមមកសន្តិភាព មានតម្លៃជាសកល វាមិនត្រឹមតែប្រទេសកម្ពុជានោះឡើយ គឺគ្រប់បណ្តាប្រទេស ដែលរីកចម្រើនលើពិភពលោក មុនឈានដល់ការអភិវឌ្ឍត្រូវរកឲ្យបានជាមុនសិននូវសន្តិភាព ខុសត្រង់ថា ល្បឿនអភិវឌ្ឍមានប្រទេសខ្លះលឿន និងខ្លះទៀតយឺតតែ ប៉ុណ្ណោះ។

ដូច្នេះ ដើម្បីរក្សាបាននូវភាពសប្បាយរីករាយ ស្នាមញញឹមរបស់ប្រជាពលរដ្ឋ និរន្តភាពនៃវឌ្ឍភាព និង ការរីកចម្រើនក្នុងសង្គមកម្ពុជា គ្រប់កោសិកា នៃសង្គមនេះ រាប់ចាប់ពីថ្នាក់ដឹកនាំគ្រប់ស្ថាប័នកំពូលរបស់ជាតិ អ្នកនយោបាយ អង្គការសង្គមស៊ីវិល និង ប្រជាពលរដ្ឋ គ្រប់រូប ត្រូវរួមគ្នាជាធ្លង់ក្នុងការគិត និង ធ្វើ ដោះស្រាយគ្រប់បញ្ហា និង សម្រេចសមិទ្ធផលរួមមួយ ដែលជាតិកម្ពុជាត្រូវការ គឺភាពរីក ចម្រើន និង «សន្តិភាព» ៕

ទិដ្ឋភាពរាជធានីភ្នំពេញនារាត្រីឆ្លងឆ្នាំ ២០១៥ ចូលឆ្នាំ ២០១៦

ទិដ្ឋភាពរាជធានីភ្នំពេញ នារាត្រីឆ្លងឆ្នាំ ២០១៥ ឈានចូល ឆ្នាំ ២០១៦

Posted by Samdech Hun Sen, Cambodian Prime Minister on Thursday, December 31, 2015