(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១មករា ឆ្នាំ២០១៦នេះ គ្រួសារកងទ័ពនៅអង្ភភាពបញ្ជូនសារ បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគពីសប្បុរសជន ដែលការផ្តល់ជូននេះ​ធ្វើឡើងតាមរយ:​ក្រុមគ្រួសារលោក ចាន់ សីុអតីតប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីចន្លោះពីឆ្នាំ១៩៨១ ឆ្នាំ១៩៨៤។

លោក មឹុង ដាវិន តំណាងឲ្យក្រុមគ្រួសារ បានគូសបញ្ជាក់ពីទឹកចិត្តនៃការផ្តល់អំណោយនាពេលនេះ គឺដើម្បីផ្សារភ្ជាប់មនោសញ្ចេតនាជាមួយកងទ័ព គ្រួសារកងទ័ពដែលបានលះបង់កម្លាំងកាយចិត្ត និងការធ្វើពលិកម្មដើម្បីជាតិមាតុភូមិ។

លោកបញ្ជាក់ថា ទោះបីអំណោយដែលបានផ្តល់ជូនពេលនេះមានចំនួនតិចតួចក៏ពិតមែន តែបានជួយសម្រាលខ្លះដល់ផ្នែកជីវភាពប្រចាំថ្ងៃ និងម៉្យាងក៏ជាវប្បធម៌​នៃការចែករលែក​ដែលជានយោ​បាយដឹកនាំ​ដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ឧត្តមសេនីយ៌ឯក មែក ប៊ុន្នី មេបញ្ជាការអង្គភាពបញ្ជូនសារ ជំនួសមុខឲ្យកងទ័ព គ្រួសារកងទ័ពនៅបញ្ជាការដ្ឋានបញ្ជូនសារ បានថ្លែងអំណរគុណដល់ក្រុមគ្រួសារលោក ចាន់ សីុ ដែលបានលះបង់ធនធានផ្ទាល់ខ្លួនមករួមចំណែកជួយឧបត្ថម្ភដល់គ្រួសារកងទ័ព ។

ទឹកចិត្តដ៌សប្បុរសនេះ ធ្វើឲ្យគ្រួសារកងទ័ពមានភាពសប្បាយរីករាយ និងឧទ្ទិសកុសលផលបុណ្យនេះជូនទៅដល់ដួងវិញ្ញាណក្ខន្ធលោក ចាន់ សីុ ដែលបានធ្វើមរណ:កាលទៅកាន់លោកខាងមុខ សូមឲ្យបានសោយសុខក្នុងឋានសុគតិភព។

អំណោយដែលត្រូវឧបត្ថម្ភនាពេលនោះរួមមាន គ្រួសារកងទ័ពចំនួន៣១គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្ករ៥០គីឡូក្រាម មី១កេស ទឹកត្រី ទឹកស៊ីអុីវ២យួ មុង១ ភួយ១ សារុង១ ស្កស ១កញ្ចប់ ត្រីខ១០កំប៉ុង ប្រេងក្រឡា១ប្រអប់  ថវិកា៥ម៉ឺនរៀល និងបានឧបត្ថម្ភដល់អង្គភាព​ចំនួន៣លានរៀលផងដែរ៕