(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីការមកដល់នៃវត្ថុធាតុដើមសម្រាប់បម្រើឲ្យវិស័យកាត់ដេរ និងវិធានការសម្របសម្រួសពិសេស របស់រាជរដ្ឋាភិបាល ក្នុងការដឹកជញ្ជូនវត្ថុធាតុដើមទាំងនោះ ទៅចែកចាយតាមរោងចក្រ។
សេចក្តីប្រកាសព័ត៌មានរបស់ GMAC ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃនេះបានបញ្ជាក់ថា បន្ទាប់ពីការមកដល់នៃវានាដឹកជញ្ជូន ឈ្មោះ SITC Fujian ដែលផ្ទុកវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ នៅកំពង់ផែខេត្តព្រះសីហនុនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ នឹងមាននាវាបន្តបន្ទាប់ទៀតមកដល់ផងដែរ ដែលរំពឹងថា រហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ មាននាវាចំនួន១២គ្រឿងចូលចតនៅកំពង់ផែព្រះសីហនុ។
GMAC បានឲ្យដឹងថា បន្ទាប់ពីការមកដល់នៃនាវាដឹកជញ្ជូនវត្ថុធាតុដើមនេះ ទូរកុងតឺន័រត្រូវបានស្ទួងចេញយកដាក់នៅទីលានកុងតឺន័រភ្លាមៗ ហើយដោយមានការសម្របសម្រួលយ៉ាងល្អ ពីអគ្គនាយកដ្ឋានគយ ទំនិញត្រូវបានដឹកចេញពីកំពង់ផែភ្លាមៗ ទៅចែកចាយតាមរោងចក្រនៅតាមតំបន់ផ្សេងៗ រួមទាំងរាជធានីភ្នំពេញផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអនុញ្ញាតជាពិសេស ឲ្យរថយន្តដឹកកុងតឺន័រទាំងនោះ អាចចរាចរណ៍បានទាំងយប់ទាំងថ្ងៃ និងបានចាត់ចែងសម្រួលចរាចរណ៍ផងដែរ ក្នុងករណីចាំបាច់ ដើម្បីធ្វើឲ្យការដឹកជញ្ជូនទៅកាន់រោងចក្រកាន់តែបានឆាប់។
ជាមួយគ្នានេះ GMAC ក៏បានអំពាវនាវដល់រោងចក្រដែលជាសមាជិក ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូន ប្រសិនបើមានបញ្ហាហាមឃាត់មិនឲ្យចូលក្នុងរាជធានីភ្នំពេញ សូមធ្វើការទាក់ទង និងរាយការណ៍ភ្លាមៗ ទៅលេខទូរស័ព្ទ៖ ០១២ ៩៧៥៩៩៣ (សាលារាជធានីភ្នំពេញ) និង លេខទូរស័ព្ទ ០១២ ៨០៨០៨៤ (សមាគមរោងចក្រកាត់ដេរកម្ពុជា)៕