(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញក្នុងពិធីប្រគល់-ទទួលសម្លៀកបំពាក់សុវត្ថិភាព របស់មន្ដ្រីសុខាភិបាល សម្រាប់ការពារ និងការឆ្លើយតបការរាតត្បាតនៃជំងឺកូរ៉ូណាថ្មី (COVID-19) នេះ គិតជាទឹកប្រាក់សរុបចំនួន ៧២២,០០០ដុល្លារពីក្រុមហ៊ុន Medtecs and Manhattan Group ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា Medtecs and Manhattan Group ជាក្រុមហ៊ុនផលិតសម្លៀកបំពាក់សុវត្ថិភាព របស់មន្ដ្រីសុខាភិបាលនៅកម្ពុជា សម្រាប់នាំចេញទៅក្រៅប្រទេស ហើយនៅថ្ងៃនេះ ក្រុមហ៊ុនមួយនេះ បានផ្ដល់នូវសម្លៀកបំពាក់សុវត្ថិភាពរបស់មន្ដ្រីសុខាភិបាល ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដើម្បីឱ្យមកក្រសួងសុខាភិបាលប្រើប្រាស់ ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននៃជំងឺកូវីដ-១៩។

សម្លៀកបំពាក់សុវត្ថិភាព របស់មន្ដ្រីសុខាភិបាល សម្រាប់បម្រើឱកាសការការពារ និងការឆ្លើយតបការរាតត្បាតនៃជំងឺកូរ៉ូណាវីរុស (COVID-19) នេះ គិតជាទឹកប្រាក់សរុបចំនួន ៧២២,០០០ដុល្លារ រួមមាន៖

១៖ ម៉ាសវះកាត់ ( Surgical Face Mask) ចំនួន១០ម៉ឺនម៉ាស
២៖ អាវបំពង់គ្របការពារខ្លួន (Coverall with hood) ចំនួន២ម៉ឺន
៣៖ អាវអ៊ាម សម្រាប់ការពារកម្រិតទី៤ (Isolation Gown for High Risk, Level 4) ចំនួន២ម៉ឺន
៤៖ អ៊ាមគ្របពីលើអាវបំពង់ (PE Gown) ចំនួន៥ម៉ឺន
៥៖ វ៉ែនតាការពារភ្នែក (Safety Goggles)ចំនួន១ម៉ឺន
៦៖ មួកគ្របសក់ (Bouffant Caps) ចំនួន៥ម៉ឺន
៦៖ គម្របស្បែកជើង (Shoe Cover) ចំនួន១០ម៉ឺន

រដ្ឋមន្ដ្រីសុខាភិបាលបានថ្លែងបន្ដថា «សម្ភារទាំងនេះ ពិតជាមានតម្លៃ និងសារៈសំខាន់ខ្លាំងណាស់ ដល់មន្ដ្រីសុខាភិបាលជួរមុខរបស់យើង ដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ និងអ្នកសង្ស័យផ្ទុកជំងឺកូវីដ-១៩ ។ ជាពិសេសនេះជួយលើកកម្ពស់សេវាថែទាំសុខភាព របស់ប្រជាពលរដ្ឋយើង និងបង្កើនភាពជឿទុកចិត្ដបន្ថែមទៀតផងដែរ»

ជំនួយមនុស្សធម៌របស់ក្រុមហ៊ុន Medtecs and Manhattan Group នាថ្ងៃនេះ សបញ្ជាក់ពីកាយវិកាយសប្បុរសធម៌ដ៏ប្រពៃរបស់ថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងចូលរួមចំណែក ពង្រឹងសមត្ថភាព ឆ្លើយតបបន្ទាន់មិនត្រឹមត្រែចំពោះបញ្ហា ជំងឺ COVID-19 បច្ចុប្បន្ននេះនោះទេ តែវានឹងត្រូវបានប្រើប្រាស់នៅពេលណា ដែលមានផ្ទុះការរាតត្បាត នៃជំងឺផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់ គុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Medtecs and Manhattan Group សម្រាប់ការផ្ដល់ជំនួយមនុស្សធម៌ដ៏ថ្លៃថ្លានេះដល់កម្ពុជា ក្នុងការត្រៀមឆ្លើយតប នឹងការរីករាលដាលនៃជំងឺកូវីដ-១៩នេះ និងបានស្នើសុំឱ្យក្រុមហ៊ុននេះ បន្ដសហការឧបត្ថម្ភ ដល់វិស័យសុខាភិបាលកម្ពុជាជាបន្ដបន្ទាប់ទៀត។

ទន្ទឹមនឹងនោះ លោក Clement Yang ប្រធានក្រុមហ៊ុន Medtecs and Manhattan Group បានថ្លែងថា លោកនឹងបន្ដចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ និងសកម្មភាពការងារផ្សេងៗជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។

តាមការបញ្ជាក់របស់រដ្ឋមន្ដ្រីសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានឱ្យដឹងថា កន្លងមកនេះមានសប្បុរសជនមកពីស្ថាប័ន ឯកជន ក្នុងនោះក៏មានក្រុមហ៊ុនចិន និងរដ្ឋាភិបាលជប៉ុនផងដែរ ដែលបានផ្ដល់ឧបករណ៍វេជ្ជសាស្ដ្រមួយចំនួន ជូនមកក្រសួងសុខាភិបាល សម្រាប់ប្រើប្រាស់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ៕