(កណ្តាល)៖ កម្លាំងអាវុធហត្ថ និងកម្លាំងនគរបាល ស្រុកកណ្តាលស្ទឹង បានបើកប្រតិបត្តិការភ្លាមៗ ចុះទៅបង្ក្រាបករណីវាយសម្លាប់ប្លន់ យកម៉ូតូមួយគ្រឿង រហូតចាប់បានជនដៃដល់ម្នាក់ នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅភូមិត្រពាំងឈើនាង ឃុំខ្លែង ស្រុកកណ្តាលស្ទឹង។

មន្រ្តីអាវុហត្ថ ស្រុកកណ្តាលស្ទឹង បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៦នេះថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះមានឈ្មោះ ហន ចិន អាយុ៣៦ឆ្នាំ មុខរបរ មេជាងសំណង់ រស់នៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង រីឯជនរងគ្រោះឈ្មោះ រឿន ភាព អាយុ២៩ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង។ បើតាមមន្រ្តីអាវុធហត្ថ មុនពេលកើតហេតុ ជនសង្ស័យប្រដាប់ដោយពូថៅដៃបានធ្វើ សកម្មភាពវាយក្បាល ជនរងគ្រោះ បណ្តាលឲ្យស្លាប់នៅ កន្លែងកើតហេតុ ដោយមានស្នាមជាំក្បាលផ្នែកខាងក្រោយ។

ក្រោយធ្វើសកម្មភាពរួចភ្លាម ត្រូវបានប្រជាពលរដ្ឋ នៅក្បែរនោះឃើញ ហើយបានស្រែកឆោឡោ និងផ្តល់ព័ត៌មានមកសមត្ថកិច្ច។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថ និងកម្លាំងនគរបាល បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ហើយបានរួមគ្នាឃាត់ខ្លួន ជនល្មើសខាងលើ នៅចំណុចផ្លូវជាតិលេខ3 ភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល និងដកហូតម៉ូតូ របស់ជនរងគ្រោះ ម៉ាកC125 ខ្មៅសេរីឆ្នាំ២០១៦ គ្មានស្លាកលេខ ត្រឡប់មកវិញផងដែរ។

បច្ចុប្បន្នជនល្មើស និងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថខេត្ត ស្រុក កណ្តាលស្ទឹង កំពុងសហការជាមួយ កម្លាំងនគរបាលដើម្បីបន្តនីតិវិធីច្បាប់៕