(ភ្នំពេញ)៖ ក្នុងខែកុម្ភៈ ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ គិតជាទឹកប្រាក់សរុបចំនួន ១២៣,៣៨៧,២៤០.៦៥រៀល (ប្រមាណ៣ម៉ឺនដុល្លារ) និង៨៤,៧១៨.១១ដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែមីនានេះ។

ថវិកាទាំងនេះ ទទួលបានពីសប្បុរសជនចំនួន ៥,២២៨រូប ដែលរួមមានសមាជិកកិត្តិយសចំនួន៥រូប, សមាជិកគាំទ្រចំនួន៣,៨៦៣រូប, សប្បុរសជនផ្សេងៗចំនួន១,៣៦០រូប និងថវិកាទទួលបានពីធុងបរិច្ចាគ នៅតាមគោលដៅចំនួន៩ធុង ដែលមានទឹកប្រាក់សរុប ១១,៨៤២ ៨០០រៀល និង៣៤៨ដុល្លារអាមេរិក។

ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ ទីតាំងសំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារកនៅកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមលើកទឹកចិត្តដល់សាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងឯកជននានា ឱ្យបន្តចូលរួមបរិច្ចាគជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈការចូលជា សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០,០០០,០០០រៀល/៥,០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬជាសមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០រៀល ក្នុងមួយខែ/៦០,០០០រៀលក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»៕