(តាកែវ)៖ លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃកប្បាស បានលើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងបែបនេះ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ នៅវិទ្យាល័យអង្គអណ្តែត នៅក្នុងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលរៀបចំដោយលោក លី ច័ន្ទតុលា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំតាំងយ៉ាប។

លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគោលបំណងនៃទិវាអន្តរជាតិនារី ៨មីនា ដែលធ្វើឡើងដើម្បីរំឭកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិ សេរីភាព និងបង្ហាញអំពីតម្លៃសុខសន្តិភាពដែលរកបានដោយលំបាកជាមួយនឹងបាវចនា «អរគុណសន្តិភាព»

លោកសហប្រធាន បានលើកអំពីបញ្ហាធំៗក្នុងពិភពលោក និងបញ្ហាពាក់ព័ន្ធនឹងកម្ពុជា ក្នុងនោះមានបញ្ហាពាណិជ្ជកម្មរវាងស.រ.អានិងចិន ដែលបានជះឥទ្ធិពលដល់បណ្តាប្រទេសជាច្រើន បញ្ហាកោះនៅសមុទ្រខាងត្បូងនៃប្រទេសចិន ដែលដំណោះស្រាយប្រទេសនីមួយៗត្រូវធ្វើជាមួយចិនមិនមែនជាមួយអាស៊ានទេ។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបអំពីការត្រៀមលក្ខណៈរបស់កម្ពុជាចំពោះបញ្ហា EBA ដែលគណៈកម្មការអឺរ៉ុប បានសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ចំនួន២០% ដែលតាមការប៉ាន់ស្មាន ពន្ធលើទំនិញ២០%នេះ មានកម្រិតប្រហែល ១០០លានដុល្លារ ក្នុង១ឆ្នាំ។ ទោះបីជាយ៉ាងណាក៏កម្ពុជា នៅតែរក្សាមនសិការនយោបាយរបស់ខ្លួនជានិច្ច គឺ «មិនយកជំនួយដូរជាមួយអធិបតេយ្យជាតិ» ដោយមិនអនុញ្ញាតប្រទេសមហាអំណាចណាមួយយកកម្ពុជាជាឈ្នាន់នោះទេ។

បន្ថែមពីនេះ ករណីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (Covid-19) ដែលបានក្លាយជាបញ្ហាពិភពលោកទាំងមូល ហើយត្រូវរួបរួមគ្នាដោះស្រាយជាបន្ទាន់ និងសំណូមពរដល់ប្រជាពលរដ្ឋត្រូវចេះការពារខ្លួន ថែរក្សាអនាម័យបានជាប់ជាប្រចាំតាមការណែនាំរបស់អ្នកជំនាញឯកទេសខាងសុខាភិបាល ដើម្បីទទួលបានសុខភាពល្អប្រសើរជាជាងការភ័យខ្លាច និងជៀសវាធ្វើការផ្សព្វផ្សាយ និងចែកចាយបន្តនូវព័ត៌មានដែលមិនមានប្រភពច្បាស់លាស់។

លោកសហប្រធានក្រុមការងារ ក៏បានបញ្ជាក់ថាដោយសារការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាននាំយកប្រទេសចេញពីភ្នក់ភ្លើងសង្គ្រាម ដោយអនុវត្តន៍យុទ្ធសាស្រ្តឈ្នះ-ឈ្នះ ក្នុងការផ្សះផ្សាបង្រួបបង្រួមជាតិ ដែលធ្វើប្រទេសមានសុខសន្តិភាពពេញលេញ និងមានឱកាសធ្វើការអភិវឌ្ឍសង្គមឲ្យសំរេចបានសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យដូចបានឃើញស្រាប់ក្នុងពេលបច្ចុប្បន្ននេះ។

លោកទេសរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់មន្រ្តីនៅមូលដ្ឋានត្រូវបន្តជំរុញកិច្ចការពារ ថែរក្សាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋានឲ្យបានរឹងមាំ ជាពិសេសជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវចងចាំជានិច្ចថា មន្រ្តីមិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ តែគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ៕