(ភ្នំពេញ)៖ ក្រុមហ៊ុន សែនសេរី គ្រុប និងក្រុមហ៊ុនចិន ខេអ៊ិច គ្រុប (KX Group) នៅព្រឹកថ្ងៃទី០៦ មីនា ឆ្នាំ២០២០នេះ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីផ្តល់ងាយស្រួលដល់ក្រុមហ៊ុនទាំងពីរ ក្នុងការធ្វើទំនាក់ទំនង និងស្វែងយល់ឱ្យកាន់តែច្បាស់ អំពីគុណភាពការងារកំរិតស្តង់ដារអន្តរជាតិ លើគម្រោងសាងសង់ជាច្រើន នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការពង្រីកសេវាសាងសង់ ក្នុងស្រុកឱ្យបានកាន់តែច្រើន។

លោក លី សែនសេរី អគ្គនាយកក្រុមហ៊ុន សែនសេរី គ្រុប បានឱ្យដឹងថា ការចុះហត្ថលេខានេះ នឹងបង្កលក្ខណៈកាន់តែងាយស្រួល ដល់ក្រុមហ៊ុនទាំងពីរ ក្នុងការធ្វើទំនាក់ទំនង និងស្វែងយល់ឱ្យកាន់តែច្បាស់ អំពីគុណភាពការងារកំរិតស្តង់ដារអន្តរជាតិ របស់ក្រុមហ៊ុន ព្រមទាំងបង្ហាញពីសាមគ្គីភាព ភាពរីកចម្រើន ការអភិវឌ្ឍ និងជាភស្តុតាងបង្ហាញពីកំណើនសេដ្ឋកិច្ច លើវិស័យសំណង់របស់ប្រទេសទាំងពីរផងដែរ។ ជាពិសេសផ្តល់ជូននូវទំនុកចិត្ត ភាពច្បាស់លាស់ បណ្តាញទំនាក់ទំនងធំទូលាយ រួមជាមួយនឹងសេវាកម្មយ៉ាងល្អប្រសើរ និងប្រណិតជូនដល់ក្រុមហ៊ុនជាដៃគូសហការ និងអតិថិជនផងដែរ។

លោក កៅ ជុន (Gao Jun) ប្រធានក្រុមហ៊ុន ខេអ៊ិច គ្រុប បានបញ្ជាក់ថា ក្រុមហ៊ុន ខេអ៊ិច បានបើកឱ្យដំណើរក្នុងកំឡុងឆ្នាំ១៩៨០មកម៉្លេះ ដោយទទួលម៉ៅការគម្រោងសាងសង់ជាច្រើនដូចជា៖ អគារពាណិជ្ជកម្មចម្រុះ សណ្ឋាគារ រមណីយដ្ឋាន គម្រោងសាងសង់ផ្សារទំនើប និងសំណង់អគារស្នាក់នៅរួមខ្ពស់ៗជាច្រើន ផ្សេងទៀតផងដែរ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៩កន្លងទៅ តម្លៃទំហំទុនវិនិយោគវិស័យសំណង់ទូទាំងប្រទេស មានតម្លៃសរុបប្រមាណជាង ៩.៣ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើងជាង ៧៨% ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨៕