(កំពង់ឆ្នាំង)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានណែនាំឲ្យត្រៀមខ្លួនជាមុន ដើម្បីឆ្លើយតបទាន់ពេលវេលា ពេលមានគ្រោះមហន្ដរាយ។ លោកបញ្ជាក់ថា ការត្រៀមរៀបចំជាស្រេចមុនពេលមានគ្រោះមហន្តរាយ គឺជាកត្តាយុទ្ធសាស្ត្រកំណត់ ជាមុននូវជោគជ័យក្នុងការឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ។

ការលើកឡើងរបស់ទេសរដ្ឋមន្ដ្រី គន់ គីម ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ នៅខេត្តកំពង់ឆ្នាំង។

តាមរបាយការណ៍របស់លោក ឈួ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ផលប៉ះដោយគ្រោះមហន្តរាយនៅទូទាំងខេត្ត ក្នុងឆ្នាំកន្លមកមានដូចជា គ្រោះរាំងស្ងួត, ខ្យល់កន្រ្តាក់, រន្ទះបាញ់, ជំនន់ទឹកភ្លៀង និងគ្រោះអគ្គីភ័យជាដើម។

ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងផ្ញើរក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ លោកបន្ថែមថា ការគិតគូរពីសុខទុក្ខ និងការលើកកម្ពស់កម្រិតជីវភាពរបស់អតីតយុទ្ធជនទាំងអស់ ឲ្យមានភាពល្អប្រសើរ គឺជាការចង់បានរបស់ ប្រមុខរាជរដ្ឋាភិបាល ជាពិសេសការតម្លើងប្រាក់បៀវត្សជូនអតីតយុទ្ធជន ជារៀងរាល់ឆ្នាំដូចមន្រ្តីរាជការដែរ។

ទេសរដ្ឋមន្ដ្រី គន់ គីម ដាក់ចេញនូវអនុសាសន៍សំខាន់ៗមួយចំនួន ទៅលើការងារសមាគមអតីតយុទ្ធជន និងការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយជំរុញឲ្យថ្នាក់ដឹកនាំ ស.អ.ក គ្រប់ថ្នាក់ឲ្យបងប្អូនអតីតយុទ្ធជន សរសេរប្រវត្តិរូបផ្ទាល់ខ្លួនទុកសម្រាប់ឲ្យ យុវជនជំនាន់ក្រោយបានដឹងពី វីរភាពរបស់ពួកគាត់
បន្តចលនាសប្បុរសជន ដើម្បីចូលរួមជួយដល់អតីតយុទ្ធជន យកចិត្តទុកដាក់ពីសុខភាពរបស់អតីតយុទ្ធជនពេលយប់ ព្រលប់ ព្រោះពួកគាត់មានវ័យ ចាស់ៗហើយ ដោយមេឃុំ និងមេប៉ុស្ដិ៍ត្រូវជួយសម្រួលបញ្ជូនគាត់ទៅមន្ទីរពេទ្យទាន់ពេលវេលា។

លោកបានសំណូមពរទៅដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន មេត្តាជួយសហការគ្នា ជាមួយសមាគមអតីតយុទ្ធជន ដើម្បីចុះសួរសុខទុក្ខ ជាមួយបងប្អូននៅតាមសហគមន៍ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ទេសរដ្ឋមន្រ្តី គន់ គីម បានកោតសសើរ និងវាយតម្លៃខ្ពស់ដល់ អាជ្ញាធរថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋានសហគមន៍ និងកងកម្លាំងប្រដាប់អាវុធ ដោយកន្លងមកតែងតែសហការគ្នាបានល្អ និងធ្វើការឆ្លើយតបទាន់ពេលវេលា ពេលមានគ្រោះមហន្តរាយកើតឡើង។

លោកបានណែនាំទៀតថា ក្រុមការងារគ្រោះមហន្តរាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តតាមដានជាប្រចាំ នូវស្ថានភាពបាតុភូធម្មជាតិផ្សេងៗ ដែលអាចបង្កជាគ្រោះមហន្តរាយ, បន្តការផ្សព្វផ្សាយព័ត៌មាន ឲ្យបានទាន់ហេតុការណ៏ ទាក់ទងនឹងគ្រោះមហន្តរាយ ទៅដល់ថ្នាក់មូលដ្ឋាន ឲ្យកាន់តែទូលំទូលាយ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយ មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង ស្រុក និងអង្គការដៃគូអភិវឌ្ឍន៍នានា ក្នុងការត្រៀមបង្ការ ឆ្លើយតប និងស្ដាឡើងវិញ ពេលមានគ្រោះមហន្តរាយកើតឡើង។

ទេសរដ្ឋមន្រ្តីបន្តថា ដើម្បីពង្រឹងសមត្ថភាព មន្ត្រីថ្នាក់ក្រោមជាតិ លើការងារបច្ចេកទេស ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតបទៅនឹង គ្រោះមហន្តរាយនានាទាន់ពេលវេលា តាមរយៈការប្រើប្រាស់ ប្រព័ន្ធព័ត៌មានវិទ្យា ហើយធ្វើការយ៉ាងជិតស្និទ្ធ ក្នុងនាមជាដៃគូ ជាមួយកាកបាទក្រហមកម្ពុជា ពីថ្នាក់ជាតិដល់សហគមន៍ ភ្នាក់ងារសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ ដើម្បីកាត់បន្ថយផលប៉ះពាល់៕