(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង និងលោកស្រី បូរី ហោ បានផ្ញើសារជូនពរ ដល់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី១០៩ ទិវាអន្ដរជាតិ ៨មីនា ឆ្នាំ២០២ ក្រោមប្រធានស្លោក «អរគុណសន្ដិភាព» ដើម្បីបន្ដអភិវឌ្ឍជាតិមាតុភូមិ លើគ្រប់វិស័យប្រកបដោយចីរភាព និងសន្ទុះរីកចម្រើនរុងរឿង ខ្លាំងក្លាថែមទៀត និងការលើកកម្ពស់សមភាពយេនឌ័រប្រកបដោយបរិយាប័ន្ន។

តាមលិខិតជូនពរ របស់ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ បានសរសេរថា «ខ្ញុំ និងភរិយា សូមលើកហត្ថបួងសួងដល់ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្ដសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សាអភិបាលព្រំសព្វសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត និងសម្ដេចអគ្គមហាសេនា បតីតេជោនាយករដ្ឋមន្ដ្រី បុត្រា បុត្រី ព្រមទាំងចៅប្រុស ចៅស្រី ជាទីស្រលាញ់ទាំងអស់ សូមប្រកបដោយសុភមង្គល វិបុលសុខ និងសុខដុមរមនា»។

សូមជម្រាបថា ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្វ ធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗ ក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។ សម្រាប់នៅកម្ពុជាមិនថា តែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ របស់បនប្រល័យពូជសាសន៍ ប៉ុល ពត។

សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផងបានកើតមានជាថ្មីក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃរំដោះរហូតដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។

តាមរយៈការយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់ដល់សិទ្ធិស្រ្តីនេះ ស្រ្តីខ្មែរបានចូលបម្រើការងារនៅតាមក្រសួងស្ថាប័នរដ្ឋកាន់តែច្រើន។ ស្ត្រីបាននឹងកំពុងដើរតួនាទីយ៉ាងខ្លាំងសម្រាប់ជំរុញសេដ្ឋកិច្ចជាតិតាមរយៈការបម្រើការងារលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។ វិស័យនេះ ៩០ភាគរយនៃកម្លាំងពលកម្ម គឺជាស្រ្តី។

ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៩ ក្នុងឆ្នាំ២០១៩នេះ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់ មានសមភាពយេនឌ័រ»។ ការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារីក្រោមប្រធានបទនេះ គឺជាការចង់បង្ហាញ ឲ្យឃើញពីការដើរតួនាទីយ៉ាងសំខាន់ របស់សុខសន្តិភាពនៅក្នុងសង្គមជាតិ។ ជាពិសេសសុខសន្តិភាព ដែលបានកម្ពុជា រកបានយ៉ាងលំបាក ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ជាបុព្វលក្ខណ្ឌមិនអាចប្រកែកបានឡើយ ក្នុងការរួមចំណែក ជួយដល់ការលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងជួយឱ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើងនៅក្នុងសង្គម៕

ខាងក្រោមនេះ ជាលិខិតជូនពរ របស់ឧបនាយករដ្ឋមន្ដ្រី៖