(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ទិវាជាតិអំណាន លើកទី០៥ ក្រោមប្រធានបទ «ការអានបណ្ដុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្ដន៍» នៅក្នុងឆ្នាំ២០២០នេះ នឹងមានយុវជនចូលរួម ចន្លោះពី៤-៥ម៉ឺននាក់។

ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន អញ្ជើញចូលរួម អបអរសាទរទិវាជាតិអំណាន លើកទី០៥ ក្រោមប្រធានបទ «ការអានបណ្ដុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្ដន៍» និងសម្ពោធការតាំងពិព័រណ៍សៀវភៅ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ។

រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានបញ្ជាក់ថា «យើងសង្ឃឹមថា មានយុវជនចន្លោះពី៤-៥ម៉ឺននាក់ នឹងចូលរួមក្នុងពិព័រណ៍សៀវភៅ និងទិវាជាតិអំណាន លើកទី០៥ ក្រោមប្រធានបទ «ការអានបណ្ដុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្ដន៍» នៅក្នុងឆ្នាំ២០២០នេះ»

លើសពីនោះទៀត លោករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានឲ្យដឹងថា គោលបំណង នៃការប្រារព្ធទិវាជាតិអំណាន៖

ទី១៖ បណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកម្ពស់សមត្ថភាពអាន និងការតែនិពន្ធសំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស និស្សិត មន្ដ្រីរាជការ ប្រជាជនគ្រប់រូប ក្នុងប្រទេសកម្ពុជា ព្រមទាំងលើកកម្ពស់ រក្សាគុណតម្លៃកេដំណែលរបស់មនុស្សជាតិ។

ទី២៖ សម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលធានាគុណភាពអប់រំប្រកបដោយសមធម៌បរិយាប័ន្ន និងលើកកម្ពស់ការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា។

សូមជម្រាបថា សកម្មនានា ក្នុងការប្រារព្ធទិវាជាតិអំណាន លើកទី០៥ ក្រោមប្រធានបទ «ការអានបណ្ដុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្ដន៍» នៅក្នុងឆ្នាំ២០២០នេះ រួមមាន ៖

១៖ ពិធីតាំងពិពរណ៌សៀវភៅ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់០៨ ខែមីនា ឆ្នាំ២០២០
២៖ សិក្ខាសាលាស្ដីពី អំណានដំបូង នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០
៣៖ យុទ្ធនាការ តោះអានរាល់ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់១៥ ខែមីនា ឆ្នាំ២០២០
៤៖ ប្រឡងប្រណាំង អាន ស្មូតកំណាព្យ និងតែងនិពន្ធ ពាន់រង្វាន់ សម្ដេចតេជោ ហ៊ុន សែន
៥៖ បាឋកថា ស្ដីពី «ភាសា និងអក្សរសិល្ប៍កម្ពុជា សម័យមុនអង្គរ និងសម័យអង្គរ» ដោយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា
៦៖ វេទិកាពិភាក្សាស្ដីពី «តួនាទីអក្សរសិល្ប៍ក្នុងសង្គម និងការតែងនិពន្ធក្នុងយុគសម័យទំនើប» ដោយវាគ្មិនកិត្ដិយសល្បីៗ៕