(ភ្នំពេញ)៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី សូមជំរាបជូនសាធារណជនតាមរយៈបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ចំពោះករណីមានការភ្ញាក់ផ្អើលពីសំណាក់ប្រជាពលរដ្ឋកាលពីម្សិលមិញ លើបុរសជនជាតិចិន៣នាក់ រស់នៅបុរីមួយកន្លែងក្នុងខណ្ឌសែនសុខ គឺពុំមែនជាករណីផ្ទុកមេរោគ Covid-19 នោះទេ គឺដោយសារបុរសជនជាតិចិន៣រូបនោះ មានការភ័យខ្លាចបារម្ភដោយខ្លួនឯងតែប៉ុណ្ណោះ ពួកគាត់ពុំមានជំងឺអ្វីនោះទេ។

បន្ទាប់ពីទទួលបានពីព័ត៌មានករណីខាងលើនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងមន្រ្តីសុខាភិបាល ព្រមទាំងអាជ្ញាធរមូល បានចុះទៅពិនិត្យមើលជាក់ស្តែងនៅក្នុងផ្ទះរបស់ជនជាតិចិន៣នាក់។

បន្ទាប់ពីក្រុមប្រតិបត្តិការនៅធ្វើការសាកសួររួច ផ្នែកជំនាញសន្និដ្ឋានថា គឺពុំមានទាក់ទងនឹងវិរុសកូវិដ១៩ (កូរ៉ូណាទេ) និងក្រុមប្រតិបត្តិការបានផ្ដល់អនុសាសន៍ដល់ជនជាតិចិនទាំង៣នាក់ខាងលើឲ្យចេះអនាម័យ ពាក់ម៉ាសការពារពេលជួបមិត្តភក្តិដែលជាជនជាតិចិនដូចគ្នា ដែលមកពីប្រទេសចិន ពាក់ព័ន្ធតំបន់មានជំងឺ និងឲ្យចាប់អារម្មណ៍ពីអាការៈនៃជំងឺមានសភាពដូចជាក្អក ហៀរសំបោរ មានកំដៅក្នុងខ្លួន៣៨អង្សា ពិបាកដកដង្ហើម។ល។

ជនជាតិចិនចំនួន៣នាក់ខាងលើបាននិយាយថា ថៅកែពួកគេបានហៅទូរស័ព្ទហៅគ្រូពេទ្យឯកជន នៅម្ដុំរតនផ្លាហ្សា (សង្កាត់ទឹកថ្លា) មកពិនិត្យមុនចូលធ្វើការងាររត់តុនៅភោជនីយដ្ឋានតែប៉ុណ្ណោះ។

លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីខាងលើនេះខាងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នឹងបន្តតាមដានលើជនជាតិចំនួន៣នាក់ខាងលើទៀត។ ជាងនោះទៅទៀតពាក់ព័ន្ធនឹងស្ថានភាពសុខភាពប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ជាពិសេសពាក់ព័ន្ធជំងឹ Covid-19 គឺលោកអភិបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តដាក់បំផុត និងត្រៀមចាត់វិធានការជានិច្ចលើបញ្ហានេះ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ សូមអំពាវនាវ និងស្នើសុំដល់បងប្អូនប្រជាពលរដ្ឋមេត្តា កុំជឿលើព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ ដែលអាចនាំឲ្យបងប្អូនមានការយល់ច្រឡំដូចករណីខាងលើនេះ និងដូចករណីផ្សេងៗកន្លងមក និងសូមមេត្តាកុំបន្តចែកចាយនូវព័ត៌មានដែលមិនមានប្រភពប្រាកដប្រជា ដែលទង្វើនេះកាន់តែធ្វើឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ៕