(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានឲ្យរដ្ឋបាលខណ្ឌ-សង្កាត់ទាំង១១ ចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអប់រំណែនាំ និងចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ការឈប់ចតយានជំនិះគ្រប់ប្រភេទ ឲ្យមានសណ្ដាប់ធ្នាប់ មិនប៉ះពាល់ដល់ផ្លូវថ្មើរជើង ការយល់ដឹង អំពីការប្រើប្រាស់ផ្លូវសាធារណៈ ជាពិសេសការវេចខ្ចប់ ទុកដាក់សំរាម និងការបញ្ចេញសំរាម ឲ្យបានត្រឹមត្រូវតាមពេលវេលា ដើម្បីធានាឲ្យមូលដ្ឋាន មានសោភ័ណភាពរបៀបរៀបរយល្អ និងអនាម័យបរិស្ថានស្អាតជាប្រចាំ។

ជាលទ្ធផល នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋបាលខណ្ឌ បានពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួនធំ ក្នុងមូលដ្ឋាន បានចូលរួមសហការ យ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ ការឈប់ចតយានយន្ត ឲ្យមានរបៀបរៀបរយ ជាពិសេសការវេចខ្ចប់ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ បានល្អប្រសើរ ប៉ុន្តែមានបងប្អូនមួយចំនួនតូច មិនបានចូលរួមសហការ ជាមួយអាជ្ញាធរមូលដ្ឋានដោយ បានឈប់ចតយានយន្ត គ្មានសណ្តាប់ធ្នាប់ និងដាក់តាំងសម្ភារផ្សេងៗ រំលោភចិញ្ចើមផ្លូវសាធារណៈ បង្កបាត់សណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាពសាធារណៈ។

ក្នុងនោះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បានធ្វើការអូស្ទូចរថយន្តចំនួន០៥គ្រឿង បានចាក់សោរកង់ចំនួន០៣គ្រឿង និងស្ទូចយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ខណ្ឌ ចំនួន០២គ្រឿង, ត្រីចក្រយាន និងរទេះលក់ដូរ ចំនួន០៣គ្រឿងផងដែរ៕