(កណ្តាល)៖ សំណុំរឿងមន្រ្តីយោធាផ្កាយ៣ លោក ឡេង ប៊ុនស្រ៊ី (ហៅ ហ៊ុន ប៊ុនស្រ៊ី) ដែលរងបណ្ដឹងពីពលរដ្ឋ ២នាក់ ថាបានឆបោកប្រាក់រាប់ពាន់ដុល្លារ ត្រូវបាននគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បញ្ចូនសំណុំរឿងទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការបន្តតាមនីតិវិធី។ រីឯការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នឹងចាត់ចែងបញ្ចូនសំណុំរឿងនេះទៅតុលាការឆាប់ៗនេះ។

ជាការឆ្លើយតបជុំវិញករណីនេះ លោកឧត្តមសេនីយ៍ ឡេង ប៊ុនស្រ៊ី បានច្រានចោលការចោទប្រកាន់ទាំងស្រុង និងបានអះអាងថា លោកពុំបានស្គាល់បុគ្គល ២រូបដែលចោទលោកនោះទេ ហើយស្នើសុំយកភស្តុតាងជាក់លាក់មកផង។

នេះបើយោងតាមការបញ្ជាក់ពីលោក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។

លោកអធិការបាននិយាយប្រាប់តាមទូរស័ព្ទថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងភ្លាម ជំនាញក៏បានកោះហៅផ្កាយ ៣រូបនោះ ចូលមកបំភ្លឺដែរ កាលពីចុងខែកុម្ភៈកន្លងទៅ ប៉ុន្តែបុគ្គលរូបនោះ មិនមកតាមការកោះហៅនោះឡើយ ប៉ុន្តែបែជាលេចមុខឈ្មោះ ជា គឹមសេន ទាក់ទងទៅសមត្ថកិច្ចវិញ ដោយអះអាងថា លោក ឡេង ប៊ុនស្រ៊ី ហៅ ហ៊ុន ប៊ុនស្រ៊ី មិនបានដឹងអ្វីទាំងអស់។

លោកអធិការបន្តថា ដោយសារតែសាម៉ីខ្លួន មិនព្រមចូលមកតាមការកោះហៅ ទើបជំនាញបានកសាងសំណុំរឿង របស់លោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី ទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្រោមការសន្និដ្ឋានចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត។

ករណីនេះលោក ឡាក់ ម៉េងធី នាយការិយាល័យព្រហម្មទណ្ឌកម្រិត នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានប្រាប់ Fresh News ថា ជំនាញបានទទួលសំណុំនេះរួចហើយ ហើយគ្រោងបញ្ជូនទៅអយ្យការអមសាលាដំបូង ខេត្តកណ្ដាលឆាប់ៗនេះ។

តាមដំណើររឿង និងពាក្យបណ្តឹងរបស់ពលរដ្ឋបានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់យោធារូបនេះ បានសន្យាជាមួយពួកគាត់ដោយសន្យាឲ្យចូលធ្វើជាទាហាន ក្នុងតម្លៃលុយ៥,០០០ដុល្លារ ប៉ុន្តែជនរងគ្រោះ សុំចុះមកនៅ៣,៥០០ដុល្លារ និងម្នាក់ទៀតសន្យាដោះស្រាយបញ្ចប់បញ្ហាដីធ្លី ក្នុងតម្លៃ១០,០០០ដុល្លារ ប៉ុន្តែជនរងគ្រោះសុំត្រឹមតែ២,០០០ដុល្លារ ប៉ុន្តែចុងក្រោយ លោកផ្កាយ ៣រូបនេះ ពុំបានធ្វើតាមការសន្យានោះឡើយ។

ជនរងគ្រោះទី១៖ ឈ្មោះ ម៉ាប់ វណ្ណៈ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិរូង ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានចាញ់បោកលោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅ ហ៊ុន ប៊ុនស្រ៊ី) កាលពីអំឡុងដើមឆ្នាំ២០១៩ កន្លងទៅ ។ រីឯជនរងគ្រោះទី២៖ ឈ្មោះ លាស់ សុខខេន ភេទស្រី មានទីលំនៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល បានចាញ់បោកលោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅ ហ៊ុន ប៊ុនស្រ៊ី) កាលអំឡុងពាក់កណ្តាល ឆ្នាំ២០១៩កន្លងទៅ។

ចំពោះបញ្ហានេះ ជនរងគ្រោះឈ្មោះ ម៉ាប់ វណ្ណៈ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ខ្លួនបានស្គាល់លោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី តាមរយៈឈ្មោះ ណូន រស់នៅក្នុងស្រុកអង្គស្នួល។ បន្ទាប់មកឈ្មោះ ណូន បាននាំខ្លួនឲ្យជួបលោកផ្កាយ៣ ដើម្បីឲ្យជួយរត់ការចូលធ្វើជាយោធា ក្នុងតម្លៃព្រមព្រៀងគ្នាចំនួន ៣,៥០០ដុល្លារ។

ដោយការជឿជាក់លើឈ្មោះ ណូន និងលោកផ្កាយ៣ ហ៊ុន ប៊ុនស្រ៊ី ដែលអះអាងថា ជាសាច់ញាតិថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងមានបក្ខពួកច្រើនណាស់ចង់ធ្វើការ នៅស្ថាប័នណាក៏បានដែរ ទើបជនរងគ្រោះព្រមយកលុយចំនួន៣,៥០០ដុល្លារ ទៅប្រគល់ឲ្យលោកផ្កាយ៣ ហ៊ុន ប៊ុនស្រ៊ី ដល់ផ្ទះនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ ឡេង ប៊ុនស្រ៊ី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះថា លោកសូមច្រានចោលការចោទប្រកាន់ទាំងនេះ ព្រោះលោកពុំបានស្គាល់បុគ្គល ២រូប ដែលចោទលោកនោះទេ។ លោកឧត្តមសេនីយ៍ ក៏ស្នើសុំយកភស្តុតាងជាក់លាក់មកផង ព្រោះលោកពុំមានការពាក់ព័ន្ធសូម្បីបន្តិច រីឯខាងសារព័ត៌មានដែលចុះពីលោកវិញ លោកក៏ស្នើសុំឲ្យមានការតម្រូវទៅតាមវិជ្ជាជីវៈព្រោះលោកពុំបានប្រព្រឹត្តដូចការចោទឡើយ។

ដោយឡែកលោក គង់ សុខណូន ដែលរងការចោទថា បាននាំពលរដ្ឋទាំង២នាក់នោះ ទៅជួបលោកឧត្តមសេនីយ៍ ឡេង ប៊ុនស្រ៊ី ក៏បានច្រានចោលទផងដែរ៕