(ភ្នំពេញ)៖ កូនស្រីមន្ដ្រីនគរបាលបំរើការងារនៅនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្រ្ត ក្រសួងមហាផ្ទៃម្នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន សង្ស័យពាក់ព័ន្ធការប្រើហិង្សា លើក្មេងស្រីសិស្សសាលាជម្ពូវ័ន បានលើកម្រាមដៃដប់ សុំអង្វរដល់តុលាការ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ សុំមេត្តាជួយដោះលែងឪពុកវិញ ដោយបានអះអាងថា ឪពុកខ្លួនមិនបានវាយទេ គ្រាន់តែចូលចាប់ និងឃាត់ក្រុមក្មេងៗទាំងនោះតែប៉ុណ្ណោះ។

កូនស្រីបានលើកឡើងថា ឪពុករបស់ខ្លួន ក្រៅពីបម្រើការងារជាមន្រ្តីនគរបាលនោះ គាត់បានឆ្លៀតពេលរត់ម៉ូតូកង់បី ដើម្បីរកថវិកាចិញ្ចឹមគ្រួសារទាំងមូលផងដែរ ដូច្នេះបើឪពុកត្រូវជាប់គុក តើមាននរណាអាចរកស៊ីចិញ្ចឹមទៅទៀត?

កូនស្រីមន្រ្តីនគរបាលក្រសួងមហាផ្ទៃ បានរៀបរាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះថា៖ ទឹកចិត្តឪពុកសុំការសណ្តោសប្រណីពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងតុលាការផង។

លោក ឈុំ សាវេត ជាពោះម៉ាយកូនពីរ និងជាមន្ដ្រីនគរបាលបំរើការងារនៅនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្រ្ត ក្រសួងមហាផ្ទៃ ហើយលោកឆ្លៀតរត់ម៉ូតូកង់បី (តុតុ) ដើម្បីបំពេញជីវភាពខ្វះខាតនៅក្នុងគ្រួសារ ដែលលោកត្រូវទទួលបន្ទុកតែម្នាក់ឯង ពេលនេះត្រូវបានឃាត់ខ្លួន។

នៅពេលនោះ រូបគាត់ ក៏បានចូលចាប់ និងឃាត់ក្រុមក្មេងៗទាំងនោះតែប៉ុណ្ណោះ គឺមិនបានប្រើហិង្សាអ្វីទាំងអស់ តែក្រោយមកត្រូវបានសាលា ទូរស័ព្ទហៅប៉ូលីស ដើម្បីនាំមកដោះស្រាយគ្នា នៅនគរបាលប៉ុស្តិ៍។

ពេលនោះរូបលោក និងកូនស្រីបង ដែលទៅមើលប្អូននោះ ក៏ត្រូវគេឃាត់ខ្លួនតាំងពីថ្ងៃនោះ មករហូតដល់ពេលនេះដោយរូបលោក បានអះអាងថា លោកមិនបានប្រើហិង្សាដាក់ក្មេងៗទាំងនោះទេ ចំណែកកូនស្រីពៅលោកនោះ ត្រូវគេវ៉ៃមានស្នាមរបួសជាំអស់ពេញទាំងខ្លួន រីឯជនដែលចោទលោក និងកូនស្រីថា បានប្រើហិង្សាលើគេនោះមិនមាន ស្នាមរបួសអ្វីឡើយ ដែលការចោទប្រកាន់មកលើលោក និងកូនស្រីបងនេះគឺជារឿងអយុត្តិធម៌ជាទីបំផុត។

តាមការរៀបរាប់របស់ក្មេងស្រី ឈ្មោះ ផា នុត បាននិយាយថា នាងត្រូវបានក្មេងស្រីមួយក្រុមព្រួតគ្នាវ៉ៃនាង ហើយនាងមិនមានលទ្ធភាពការពារខ្លួនបាន ទើបបានជាទូរស័ព្ទប្រាប់ឪពុកមក ហើយនាង ក៏មានការសោកស្តាយផងដែរ បើសិនជានាងមិនខលប្រាប់ឪពុក ក៏មិនបាននាំទុក្ខដល់ឪពុកនាងអីញ្ចឹងផងដែរ។

ជាចុងក្រោយ នាងសុំសំណូមពរ សុំអោយសមត្ថកិច្ច មេត្តាដោះលែងឪពុកនាង ដែលជាជនគ្មានកំហុស បានត្រលប់មកមើលថែទាំនាង និងបងស្រីផ្តល់ភាពកក់ក្តៅ ដល់ពួកនាងដូចដើមវិញ ព្រោះនាងមានតែឪពុកម្នាក់គត់ មិនមានម្តាយដូចក្មេងៗឯទៀតទេ។ បងប្អូននាងទាំង២នាក់ សូមលើកម្រាមដៃដប់សុំអង្វរដល់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងតុលាការ មេត្តាជួយដល់ឪពុកនាង បានត្រលប់មកផ្ទះវិញ ដើម្បីផ្តល់ភាពកក់ក្តៅ ដល់ពួកនាងដូចដើមវិញផង។

សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នៅពេលដែលកូនស្រីពៅ បានទូរស័ព្ទទៅឪពុករបស់ខ្លួន មកជួយនៅពេលមានជម្លោះនៅក្នុង សាលា។ ភ្លាមៗនោះគាត់បានចូលចាប់ និងឃាត់ក្រុមក្មេងៗ ទាំងនោះតែត្រូវបានក្រុមសិស្សសាលាចោទថា គាត់បានវាយសិស្សសាលាស្រីផ្សេងទៀត រហូតនគរបាលមូលដ្ឋានប៉ុស្តិ៍ឃាត់ខ្លួន និងបញ្ជូនទៅកាន់តុលាការ។

នៅក្នុងហេតុការណ៍នេះ ក៏មានសិស្សសាលាស្រីមួយចំនួន បានរងរបួសផងដែរ៕