(ឧត្ដរមានជ័យ)៖ ក្នុងកម្មវិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ ដែលប្រព្រឹត្តិទៅនារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ ទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តឧត្តរមានជ័យ បានដាក់ចេញទិសដៅការងារចំនួនប្រាំ៣ចំណុច សម្រាប់ខេត្តយកទៅអនុវត្តបន្ដ។

អនុសាសន៍ទាំង ៨ចំណុចនោះរួមមាន ទី១៖ ការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ, ទី២៖ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម, ទី៣៖ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងទេសចរណ៍, ទី៤៖ ការអភិវឌ្ឍទីក្រុង, ទី៥៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ទី៦៖ ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហា ប្រឈមនៅមូលដ្ឋាន, ទី៧៖ ការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ព្រំដែន និងទី៨៖ ការពង្រឹងរបៀបរបបការងារ។

ក្រោយពីស្តាប់របាយការណ៍បូកសរុបសន្និបាតរបស់ លោក ប៉ែន កុសល្យ អភិបាលខេត្តរួចមក ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បាននាំកោតសរសើរខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចក្រឡាហោម ស ខេង និងក្នុងនាមលោកផ្ទាល់ចំពោះរដ្ឋបាលខេត្ត ដែលសម្រេចបានសមិទ្ធផលល្អ នាឆ្នាំកន្លងមករួមទាំងការងារអតីតយុទ្ធជនផងដែរ។

លើសពីនេះ ត្រូវអនុវត្តតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល អំពីការផ្ទេរអំណាច និងធនធានមកថ្នាក់ក្រោមជាតិ ដូច្នេះក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ត្រូវរៀបចំទំនើបកម្ម ផែនការអនុវត្តការងារ ផ្តល់សេវាសាធារណៈ និងដោះស្រាយការ ប្រឈមរបស់ប្រជាពលរដ្ឋមូលដ្ឋានឲ្យបានទាន់ពេលវេលា។

ក្នុងការងារគ្រោះមហន្តរាយ ទេសរដ្ឋមន្ដ្រី គន់ គីម បានសង្កត់ធ្ងន់ថា គណៈកម្មធិការគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន ត្រូវណែនាំប្រជាពលរដ្ឋ ឲ្យចេះសន្សំទឹកទុកសម្រាប់ រដូវប្រាំងខាងមុខ ព្រមទាំងយកចិត្តទុកដាក់ត្រៀមរៀបចំ និងពង្រឹងភាពធន់ជាមុនសម្រាប់នារដូវទឹកជំនន់ ខាងមុខនេះ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៩នេះ គ្រោះទឹកជំនន់ទឹកភ្លៀងប៉ះពាល់ ប្រជាពលរដ្ឋចំនួន ១៦២គ្រួសារ ដំណាំស្រូវ១,៧៣៦.៥ហិចតា, ចំការដំឡូងមីចំនួន៤៧៨.៥ហិចតា។ គ្រោះរាំងស្ងួតធ្វើឲ្យខូចខាតដំណាំស្រូវចំនួន ៣,៤១៧ហិចតា។

នៅក្នុងសន្និបាតនេះ រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលជាច្រើនត្រូវបាន ទេសរដ្ឋមន្ត្រី គន់ គីម ប្រគល់ប័ណ្ណសរសើរជូនផងដែរ៕