(ភ្នំពេញ)៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូ អគ្គបញ្ជាការដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួន ទៅឧបត្ថម្ភដល់កងទ័ពនៅយោធភូមិភាគពិសេស។

ពិធីសំណេះសំណាលបានធ្វើឡើងនៅមូលដ្ឋានឈរជើងស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះ ដោយមានការអមដំណើរពីថ្នាក់ដឹកនាំជា អគ្គមេបញ្ជាការរង និង នាយកស្ថាប័នមួយចំនួនទៀតផងដែរ។

នៅក្នុងមតិសំណេះសំណាលនាឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងកាផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគពិសេស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈនមកដល់ក្នុងថ្ងៃខាងមុខ។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះគំរូវីរៈភាពរបស់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញកាតព្វកិច្ចបំរើជាតិមាតុភូមិ ប្រកបដោយទំនួលខុសត្រូវខ្ពស់ ចំពោះការការពារបូរណភាពទឹក។

នាយឧត្ដមសេនីយ៍ បានលើកឡើងពីស្ថានការណ៍ជាតិ អន្តរជាតិ ដែលកំពុងកើតឡើងក្នុងពេលបច្ចុប្បន្ន ក្នុងនោះសម្រាប់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានជម្នះពុះពារគ្រប់ឧបសគ្គ ដើម្បីរក្សាស្ថេរភាព និងការរីកចម្រើនរបស់សង្គមជាតិ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា បច្ចុប្បន្នបើទោះបីជាកម្ពុជាមិនមានករណីជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះក៏ដោយ ក៏នាយទាហាន ពលទាហានគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដើម្បីការពារសុខភាពពីការឆ្លងជំងឺនេះ តារយៈការអនាម័យលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ ចំណីអាហារដែលមានសុវត្ថិភាពល្អ។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់មេបញ្ជាការ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវគ្រប់គ្រងកម្លាំង សម្ភារ គ្រឿងបំពាក់ឲ្យបានល្អ ក្នុងនោះត្រូវយកចិត្តទុកដាក់ដល់ការបើកវគ្គផ្សព្វផ្សាយ អប់រំរៀនសូត្រជាប្រចាំ ដើម្បីឲ្យយោធិនគ្រប់រូបយល់ច្បាស់អំពីច្បាប់ សារាចរ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសតួនាទីភារកិច្ច ក្រិត្យវិន័យរបស់កងយោធពលខេមរភូមិន្ទ និងកាត់បន្ថយជាអប្បរមានូវបាតុភាពខុសឆ្គងនានា។

ទន្ទឹមនោះដែរ នាយឧត្ដមសេនីយ៍ ក៏បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន ត្រូវពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អ និងត្រៀមគ្រប់មធ្យោបាយក្នុងការ ចូលរួមជួយសង្គ្រោះពីគ្រោះមហន្តរាយនានាដែលមានឡើងជាយថាហេតុ ក្នុងនោះមានគ្រោះរាំងស្ងួតជាដើម៕